អន្តរជាតិ
រុស្ស៊ី​ស្នើ​អាមេរិក​បង្កើត​កិច្ចព្រមព្រៀង​មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​គ្នា​ទៅវិញទៅមក​
29, Dec 2017 , 4:52 pm        
រូបភាព
ដោយ: ថ្មីៗ
​ខណៈដែល​ទំនាក់ទំនង​ទ្វេភាគី​រវាង​រុស្ស៊ី និង​អាមេរិក​ធ្លាក់​ដល់​កម្រិត​ទាប​បំផុត​មិន​ធ្លាប់មាន​ក្រោយ​ចប់​សង្គ្រាមត្រជាក់​។ ដោយសារ​ទំនាក់ទំនង​ធ្លាក់ចុះ​ខ្លាំង​នេះ រុស្ស៊ី​បានប្រកាសថា ខ្លួន​ចង់បាន​កិច្ចព្រមព្រៀង​មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​ទៅវិញទៅមក​ជាមួយ​អាមេរិក ដើម្បី​ការពារ​កុំ​ឲ្យ​អាមេរិក​បន្ត​ចោទ​ប្រកាន់ខ្លួន​ទៀត​។



​រដ្ឋាភិបាល​រុស្ស៊ី​បាន​បញ្ជាក់ថា ខ្លួន​ចង់​មាន​កិច្ចព្រមព្រៀង​មួយ​ជាមួយ​អាមេរិក​ដោយ​ផ្តោតលើ​ការមិន​លូកលាន់​ក្នុង​កិច្ចការ​ផ្ទៃក្នុង​គ្នា​ទៅវិញទៅមក​។  ការបញ្ជាក់​បែបនេះ កើតឡើង​ចំពេល​ដែល​ទំនាក់ទំនង​រវាង​មហាអំណាច​ទាំងពីរ​ធ្លាក់ចុះ ហើយ​អាមេរិក​ចោទថា រុស្ស៊ី​ព្យាយាម​លូកលាន់​ក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់ខ្លួន​ទៀត​។​ចំណែក​រុស្ស៊ី​ក៏​ចោទប្រកាន់ថា អាមេរិក​មានបំណង​បង្កើន​ឥទ្ធិពល​របស់ខ្លួន​នៅ​រុស្ស៊ី​ដូចគ្នា ខណៈ​ការបោះឆ្នោត​ប្រធានាធិបតី​ជិត​មកដល់​នោះ​។​
 
​អ្នកនាំពាក្យ​ក្រសួងការបរទេស​លោក​ស្រី Maria Zakharova បាន​បញ្ជាក់ថា រុស្ស៊ី​បានផ្តល់​សំណើរ​ពាក់ព័ន្ធ​ការបង្កើត​កិច្ចព្រមព្រៀង​នេះ​ទៅកាន់​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​ប្រទេស​រុស្ស៊ី​លោក Jon Huntsman កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន​។

«​វា​បានបញ្ជាក់​ឲ្យ​ឃើញ​ពី​ឆន្ទៈ​ក្នុងការ​ផ្លាស់ប្តូ​រការ​លិខិត ឬ​កិច្ចព្រមព្រៀង​ដែល​អាច​ធានាបាន​នូវ​ការមិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​គ្នា​ទៅវិញទៅមក​ក្នុងការ​បោះឆ្នោត​ក្តី ឬក៏​ក្នុង​ដំណើរការ​នយោបាយ​ក្នុងស្រុក​ក្តី​។ វា​អាស្រ័យ​លើ​ភាគី​អាមេរិក​ប៉ុណ្ណោះ​»​។ លោកស្រី Zakharova បានបញ្ជាក់​ដូច្នេះ​។

​លោកស្រី Zakharova បាន​រម្លឹក​ផងដែរ​ថា រុស្ស៊ី​បានស្នើ​សុំ​ឲ្យ​មានការ​បង្កើត​កិច្ចព្រមព្រៀង​ផ្លូវការ​រួមគ្នា​មួយ​ពាក់ព័ន្ធ​បញ្ហា​នេះ​ចាប់ពី​អំឡុង​ឆ្នាំ ១៩៩០ មកម្ល៉េះ​។  ប៉ុន្តែ​ក្រុង​វ៉ាស៊ីនតោន​បន្ត​បដិសេធ​ការស្នើសុំ​របស់​រុស្ស៊ី​នេះ​ផងដែរ​។ ផ្ទុយទៅវិញ អាមេរិក​បែរជា​បន្ត​ចោទប្រកាន់​រុស្ស៊ី រឿង​លូកលាន់​កិច្ចការ​ផ្ទៃក្នុង​អាមេរិក ក្រោយ​ការបោះឆ្នោត​ឆ្នាំ ២០១៦ ប៉ុន្តែ​រុស្ស៊ី​បាន​បដិសេធ​ការចោទប្រកាន់​នេះ​៕


Tag:
 ​រុស្ស៊ី​
  Maria Zakharova
  អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com