អន្តរជាតិ
ប្រមុខ​របប​សឹក​ថៃ ផ្តល់​អំណាច​ឲ្យ​យោធា​«​រឹបអូស​យានជំនិះ​អ្នកបើកបរ​ស្រវឹង​»​ក្នុង​ថ្ងៃ​ឆ្លង​ឆ្នាំ​
30, Dec 2017 , 1:59 pm        
រូបភាព
ដោយ:
​របប​សឹក​ថៃ​របស់លោក​ឧ​ត្ត​ម​សេនីយ៍ ប្រា​យុទ្ធ ចន្ទ​អូ​ចា បានដាក់​បញ្ជា​ឲ្យ​កងទ័ព​ចូលរួម​អនុវត្ត​វិធានការ​ទប់ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍ នាឱកាស​ថ្ងៃ​ឆ្លង​ឆ្នាំ​។ តាមរយៈ​បទបញ្ជា​នេះ យោធា​មាន​សិទ្ធិ​ក្នុងការ​រឹបអូស​យានជំនិះ​របស់​អ្នកបើកបរ​ទាំងឡាយណា​ដែលមាន​សេព​គ្រឿង​ស្រវឹង​។ តែ​យោធា នឹង​ប្រគល់​វិញ​នៅពេលដែល អ្នកបើកបរ​ទាំងនោះ បាន​បំពេញ​លក្ខខណ្ឌ​មួយចំនួន ។



​អគ្គមេបញ្ជាការ​កងទ័ព​ថៃ លោក​ឧ​ត្ត​ម​សេនីយ៍ Chalermchai Sitthisart នៅ​ថ្ងៃ​២៤ ធ្នូ បាន​អះអាងថា តាមរយៈ​បទបញ្ជា​របស់លោក​នាយ​ក​រដ្ឋមន្ត្រី ប្រា​យុទ្ធ ចន្ទ អូ​ចា យោធា​នឹង​បន្ត​ជំរុញ​វិធានការ​ចរាចរណ៍​នៅ​អំឡុង​ថ្ងៃ​ឈប់សម្រាក​ចូលឆ្នាំថ្មី ដែល​អនុញ្ញាត​ឲ្យ​យោធា​អាច​រឹបអូស​យានជំនិះរ​បស់​អ្នកបើកបរ​ស្រវឹង​បាន ។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន​ថៃ The Nation ។

​លោក​ឧ​ត្ត​ម​សេនីយ៍ បាន​បន្ថែមទៀតថា កងទ័ព​នឹងដាក់​តំបន់​ត្រួតពិនិត្យ​នៅតាម​ផ្លូវ​សំខាន់ៗ អំឡុងពេល​ថ្ងៃ​ឈប់សម្រាក​នោះ ដែល​វិធាន​នេះ ក៏​នឹងត្រូវ​សហការ​ជាមួយនឹង​អាជ្ញាធរ​ក្នុង​តំបន់ ក្នុង​គោលដៅ​ដើម្បី​ជួយ​សម្រួល​ទាំង​ចរាចរណ៍ និង​សុវត្ថិភាព​ជូន​ប្រជាជន​ផងដែរ ។ នេះ​បើ​យោងតាម​ប្រភពព័ត៌មាន ដែល​បាន​ដកស្រង់​សម្តី​របស់លោក​ឧ​ត្ត​ម​សេនីយ៍ ដែល​បញ្ជាក់ដែរថា ចំពោះ​យានជំនិះ​ដែល​យោធា​ដកហូត នឹងត្រូវ​យកទៅ​រក្សាទុក រហូតដល់​ទាល់តែ អ្នកបើកបរ បាន​បំពេញ​លក្ខខណ្ឌ និង​កិច្ចសន្យា​រួចរាល់ ។

​ជាមួយនឹង​ការប្តេជ្ញា​ក្នុងការ​អនុវត្តតាម​បទបញ្ជា​របស់លោក​នាយ​ក​រដ្ឋមន្ត្រី ប្រមុខ​កងទ័ពជើងគោក​ថៃ ក៏បាន​លើកឡើងថា អត្រា​នៃ​គ្រោះថ្នាក់​ចរាចរណ៍ មិន​អាស្រ័យ​លើ​ចំណាត់ការ​តឹងរ៉ឹង​ប៉ុន្មាន​នោះទេ ក៏ប៉ុន្តែ​វា​អាស្រ័យ​លើ​ការចូលរួម​របស់​សាធារណៈជន ដែលមាន​តួនាទី ក្នុងការ​ចូលរួម​ដាស់​តឿន​មនុស្ស​ជាទី​ស្រលាញ់​របស់ខ្លួន​ឲ្យ​មានការ​ប្រុងប្រយ័ត្ន និង​ទទួលខុសត្រូវ​នៅពេលដែល​បើកបរ​នោះ ។

​តាម​សារព័ត៌មាន The Nation គេ​រំពឹងថា ប្រជាជន​ថៃ​ប្រមាណ​ជាង​មួយ​ម៉ឺន​នាក់​នឹង​ចាក​ចេញពី​រដ្ឋធានី​បាងកក​ដើម្បី​ត្រឡប់​ទៅកាន់​ផ្ទះ​របស់​ពួកគេ​ដែល​នៅតាម​ខេត្ត​នានា​អំឡុងពេល​ថ្ងៃ​ឈប់សម្រាក​ខាងមុខ ។ នាឱកាស​នេះដែរ ក៏ត្រូវ​បាន​គេ​រំពឹងថា នឹងមាន​អត្រា​គ្រោះថ្នាក់​ច្រើន ប្រសិន មិនមាន​វិធានការ​តឹងរឹង​នោះ ៕


Tag:
 ថៃ​
  ចរាចរណ៍​
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com