អន្តរជាតិ
បង់ក្លាដែសគ្រោងបញ្ជូនជនភៀសខ្លួនរ៉ូហ៊ីងយ៉ាង១សែននាក់ត្រឡប់ទៅមីយ៉ាន់ម៉ាវិញ
× រដ្ឋាភិបាលបង់ក្លាដែសគ្រោងបញ្ជូនជនភៀសខ្លួនរ៉ូហ៊ីងយ៉ាងចំនួនមួយសែននាក់ត្រឡប់ទៅកាន់មីយ៉ាន់ម៉ាវិញ ដែលជាការធ្វើមាតុភូមិនិវត្តន៍ដំណាក់កាលទីមួយ។ ក្រោមកិច្ចព្រមព្រៀងខែវិច្ឆិកា មីយ៉ាន់ម៉ាយល់ព្រមទទួលយកជនភៀសខ្លួនរ៉ូហ៊ីងយ៉ាដែលបានរត់គេចពីអំពើហិង្សាបង្កដោយក្រុមយោធានៅរដ្ឋ Rakhine និងកំពុងស្នាក់យ៉ាងត្រដាបត្រដួសនៅជំរំភៀសខ្លួននានាតាមបណ្ដោយព្រំដែននៅក្នុងទឹកដីបង់ក្លាដែស។
មន្ត្រីជាន់ខ្ពស់បង់ក្លាដែស Obaidul Quader និយាយថា បញ្ជីឈ្មោះជនភៀសខ្លួនរ៉ូហ៊ីងយ៉ាចំនួនមួយសែននាក់ ត្រូវបានបញ្ជូនទៅកាន់អាជ្ញាធរមីយ៉ាន់ម៉ារួចហើយដើម្បីចាប់ផ្ដើមការធ្វើមាតុភូមិនិវត្តន៍លើកទីមួយ។ ការធ្វើមាតុភូមិនិវត្តន៍នេះ នឹងចាប់ផ្ដើមនៅដំណាច់ខែមករា ឆ្នាំ២០១៨ ក្រោមកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលមីយ៉ាន់ម៉ា និងបង់ក្លាដែស ដែលចរចានៅខែវិច្ឆិកា។ ប៉ុន្តែគេមិនទាន់ច្បាស់ថា ជនរ៉ូហ៊ីងយ៉ាយល់ព្រមត្រឡប់ទៅវិញឬអត់ឡើយ។
ជនមូស្លីមរ៉ូហ៊ីងយ៉ាច្រើនជាង៦សែននាក់បានភៀសខ្លួនចូលជំរំនៅលើទឹកដីបង់ក្លាដែស បន្ទាប់យោធាមីយ៉ាន់ម៉ាចាប់ផ្ដើមយុទ្ធនាការបោសសម្អាតក្រុមភេរជនដែលវាយប្រហារទីតាំងយោធានៅក្នុងរដ្ឋ Rakhine កាលពីចុងខែសីហា។ អាមេរិក និងអង្គការសហប្រជាជាតិចាត់ទុកវិបត្តិមនុស្សធម៌នេះជាការបោសសម្អាតពូជសាសន៍រ៉ូហ៊ីងយ៉ា ប៉ុន្តែត្រូវបានរដ្ឋាភិបាលស៊ីវិលរបស់លោកស្រី អ៊ុងសាន ស៊ូជី ទាត់ចោល។
យោងតាមទីភ្នាក់ងារព័ត៌មាន AFP លោក Quader បញ្ជាក់ថា ការធ្វើមាតុភូមិនិវត្តន៍នេះនឹងចាប់ផ្ដើម នៅពេលក្រុមការងាររួមប្រទេសទាំងពីររៀបចំបញ្ជីឈ្មោះជនភៀសខ្លួនរួចរាល់។ ភាគីទាំងពីរនឹងជួបប្រជុំម្ដងទៀតនៅលើទឹកដីមីយ៉ាន់ម៉ាដើម្បីរៀបចំដំណើការបញ្ជូនជនភៀសខ្លួនលើកដំបូងនេះ។ លោក Abul Kalam Azad មន្ត្រីបង់ក្លាដែសទទួលបន្ទុកជនភៀសខ្លួនរ៉ូហ៊ីងយ៉ានិយាយថា បង់ក្លាដែសជាអ្នកសម្រេចចិត្តលើចំនួនជនភៀសខ្លួនលើកនេះ។
បន្ទាប់ពីរដ្ឋាភិបាលមីយ៉ាន់ម៉ាត្រួតពិនិត្យបញ្ជីឈ្មោះរួចរាល់ ហើយបង់ក្លាដែសទទួលបានការយល់ព្រមពីសំណាក់ជនភៀសខ្លួនផ្ទាល់នោះ ដំណើការធ្វើមាតុភូមិននិវត្តន៍នឹងចាប់ផ្ដើមតែម្ដង។ ប៉ុន្តែបញ្ហានៅត្រង់ថា ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាភាគច្រើនមិនចង់ត្រឡប់ទៅកាន់រដ្ឋ Rakhine ដែលពួកគេខំរត់គេចឡើយ។ ខណៈផ្ទះសម្បែងភាគច្រើនត្រូវបានដុតកម្ទេច ជនភាគតិចមួយនេះយល់ថា ពួកគេនឹងរងទុក្ខវេទនាជាថ្មីទៀតមិនខាន។
ដូចបានដឹងស្រាប់ ប្រជាជនមីយ៉ាន់ម៉ា ដែលភាគច្រើនកាន់ព្រះពុទ្ធសាសនានោះ នៅតែមានគំនិតគុំកួន និងរើសអើសសហគមន៍មូស្លីមរ៉ូហ៊ីងយ៉ាយ៉ាងខ្លាំង។ ឯរដ្ឋាភិបាលមីយ៉ាន់ម៉ាទៀតសោតក៏មិនបានចាត់ទុកពូជសាសន៍ជាជនភាគតិចស្របច្បាប់ដែរ។ ប្រតិបត្តិការរបស់ក្រុមយោធាក៏ត្រូវបានសង្ស័យថា ជាការបោសសម្អាតក្រុមរ៉ូហ៊ីងយ៉ាឲ្យអស់ពីទឹកដីមីយ៉ាន់ម៉ាតែម្ដង៕
Tag:
បង់ក្លាដែស
មីយ៉ាន់ម៉ា
រ៉ូហ៊ីងយ៉ា
© រក្សាសិទ្ធិដោយ thmeythmey.com