អន្តរជាតិ
ឥណ្ឌូណេស៊ី​៖ បុគ្គល​ប្រព្រឹត្ត​អំពើពុករលួយ​ច្រើនជាងគេ​ក្នុង​ឆ្នាំ​២០១៧ គឺ​មន្ត្រី​រដ្ឋ​
31, Dec 2017 , 9:39 am        
រូបភាព
អតីតប្រធានសភាឥណ្ឌូណេស៊ី Setya Novanto ដែលត្រូវបានគេចាប់ខ្លួនដោយសារពាក់ព័ន្ធការកឹបកេងលុយរដ្ឋកន្លងមក
អតីតប្រធានសភាឥណ្ឌូណេស៊ី Setya Novanto ដែលត្រូវបានគេចាប់ខ្លួនដោយសារពាក់ព័ន្ធការកឹបកេងលុយរដ្ឋកន្លងមក
ដោយ:
​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ឥណ្ឌូណេស៊ី បាន​រកឃើញថា ក្នុងចំណោម​អ្នក​ដែល​ប្រព្រឹត្ត​អំពើពុករលួយ​ច្រើន​បំផុត​នៅក្នុង​សង្គម​ឥណ្ឌូណេស៊ី​ប្រចាំឆ្នាំ​២០១៧ គឺ​មន្ត្រី​រដ្ឋ​តែម្តង ។ អង្គភាព​ឯករាជ្យ​របស់​ឥណ្ឌូណេស៊ី​មួយ​នេះ អះអាង​ដោយ​សម្អាង​លើ​តួលេខ​នៃ​ការស៊ើបអង្កេត និង​ចំនួន​បុគ្គល​ដែល​ត្រូវ​ចាប់ខ្លួន​ពាក់ព័ន្ធ​នឹង​បទ​ពុករលួយ ។ បុគ្គលិក​វិស័យ​ឯកជន ក៏មាន​នៅក្នុង​បញ្ជី​ពុករលួយ​ផងដែរ ។



​គណៈកម្មការ​ប្រឆាំង​ពុករលួយ​ឥណ្ឌូណេស៊ី ដែល​ហៅ​កាត់​ថា KPK នៅ​ថ្ងៃ​២៧ ធ្នូ បានចេញ​របាយការណ៍​មួយ​ស្តីអំពី​អំពើពុករលួយ​ប្រចាំឆ្នាំ​២០១៧ ។ តាមរយៈ​របាយការណ៍​នោះ គណៈកម្មការ នេះ​បាន​បញ្ជាក់ថា ក្នុងចំណោម​មនុស្ស ដែល​ត្រូវបាន​ចាប់ខ្លួន​ពីបទ​ពុក​ពុករលួយ និង​សូកប៉ាន់​ ១២០ នាក់ មាន ៤៣​នាក់ ជា​មន្ត្រី​រដ្ឋ ។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន​ឥណ្ឌូណេស៊ី The Jakarta Post ។

​របាយការណ៍​អង្គភាព​ប្រឆាំង​ពុករលួយ​ឥណ្ឌូណេស៊ី បាន​រកឃើញដែរ​ថា អ្នកជំនួញ ក៏ដូចជា​អ្នកតំណាងរាស្ត្រ និង​ក្រុមប្រឹក្សា​តំបន់ ក៏​ស្ថិតនៅក្នុង​លំដាប់​បន្តបន្ទាប់​នៃ​អ្នកប្រព្រឹត្ត​អំពើពុករលួយ​នៅក្នុង​សង្គម​ឥណ្ឌូណេស៊ី​ផងដែរ ។ ពោលគឺ បន្ទាប់ពី​មន្ត្រី​រដ្ឋ អ្នកជំនួញ ស្ថិតនៅ​លំដាប់​ទី​ពីរ និង​ក្រុម​អ្នកធ្វើច្បាប់​និង​ក្រុមប្រឹក្សា ស្ថិតនៅ​លំដាប់​ទី​បី​នៃ​អ្នកប្រព្រឹត្ត​អំពើពុករលួយ ។

​ជុំវិញ​របាយការណ៍​នេះដែរ អនុប្រធាន​គណៈកម្មាធិកា​រ​លុ​បំបាត់​អំពើពុករលួយ​ឥណ្ឌូណេស៊ី Laode Muhammad Syarif បាន​ថ្លែងថា តាមរយៈ​ការអនុវត្ត និង​អំណាច​ដែល​ផ្តល់​ឲ្យ មន្ត្រី​រដ្ឋ ជា​មុខសញ្ញា ដែល​អំពើពុករលួយ អាច​កើតឡើង​យ៉ាង​ឆាប់រហ័ស ។

​អនុប្រធាន​រូបនេះ បាន​បន្ថែមទៀតថា តាមរយៈ​របាយការណ៍​ឆ្នាំ​២០១៧​នេះ បាន​រកឃើញថា សាធារណៈជន បាន​យល់ដឹង​ខ្ពស់​ពី​បញ្ហា​អំពើពុករលួយ ជាក់ស្តែង វា​មានការ​រាយការណ៍ និង​បណ្តឹង​ជាច្រើន ត្រូវបាន​ធ្វើឡើង​ដោយ​ប្រជាពលរដ្ឋ​ប្រឆាំងនឹង​មន្ត្រី​ពុករលួយ ។ ជា​លទ្ធផល គណៈកម្មាធិការ ក៏​អាច​យក​ត្រឡប់​បាន​នូវ​ទ្រព្យ​រដ្ឋ​មានតម្លៃ​រាប់លាន​ដុល្លារ ដែល​ត្រូវបាន​បាត់បង់​តាមរយៈ​ការបន្លំ​របស់​មន្ត្រី​រដ្ឋ​ឥណ្ឌូណេស៊ី​ទាំងនោះ​ផងដែរ​។​

​ឥណ្ឌូណេស៊ី​រងគ្រោះ​ខ្លាំង​ដោយសារ​អំពើពុករលួយ​នេះ ហើយ​កន្លងមក​គណៈកម្មកា​រពុក​រលួយ​ប្រទេស​នេះ​បាន​ព្យាយាម​បោសសម្អាត​បុគ្គល​ពាក់ព័ន្ធ​ករណី​ពុករលួយ​នេះ​ក្នុង​តំណែង​ខ្ពស់​ក្នុង​ស្ថាប័ន​នយោបាយ​ផង​។ ក្នុង​នោះគេ​ឃើញ​លោក Setya Novanto ដែលជា​ប្រធានសភា​ឥណ្ឌូណេស៊ី និង​ប្រធាន​គណបក្សនយោបាយ Golkar ក៏ត្រូវ​បាន​គេ​ចាប់ខ្លួន ដោយសារ​រង​ការចោទប្រកាន់ថា បាន​កិបកេង​លុយ​រដ្ឋ​អស់​១៧៣​លាន​ដុល្លារ ក្នុងពេលដែល​រដ្ឋាភិបាល​ចេញ​អត្តសញ្ញាណប័ណ្ណ​ថ្មី​ជូន​ប្រជាជន​ឥណ្ឌូណេស៊ី​កន្លងមក​ផងដែរ ៕


Tag:
 ពុករលួយ​
  ឥណ្ឌូណេស៊ី​
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com