អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
បង់​ក្លា​ដែ​ស គ្រោង​បញ្ជូន​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា «១០​ម៉ឺន​នាក់​»​លើកដំបូង​ទៅ​មី​យ៉ាន់​ម៉ា
30, Dec 2017 , 9:11 pm        
រូបភាព
ដោយ:
​រដ្ឋាភិបាល​បង់​ក្លា​ដែ​ស បានបង្ហាញ​ពី​គម្រោង​ក្នុងការ​បញ្ជូន​ជនភៀសខ្លួន​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា​ប្រមាណ​ជាង​១០​ម៉ឺន​នាក់​ជា​លើកដំបូង​ទៅកាន់​មី​យ៉ាន់​ម៉ា​វិញ ។ ផែនការ​នេះ នឹង​ត្រូវបាន​អនុវត្ត​ប្រសិន បើ​មានការ​ព្រមព្រៀងគ្នា​ពី​សំណាក់​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា ដែលជា​រដ្ឋាភិបាល​អាណាព្យាបាល​របស់​ជនភៀសខ្លួន ។



​មន្ត្រីជាន់ខ្ពស់​បង់​ក្លា​ដែ​ស Obaidul Quader នៅ​ថ្ងៃ​២៩ ធ្នូ បាន​ឲ្យ​ដឹងថា រដ្ឋាភិបាល​ក្រុង​ដា​ហ្កា បានផ្តល់​បញ្ជី​ឈ្មោះ​ជនភៀសខ្លួន​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា ១០​ម៉ឺន​នាក់ ទៅកាន់​រដ្ឋាភិបាល​ក្រុង​ណៃ​ពិដោរ​ហើយ ដើម្បី​សម្រេច និង​ចាប់ផ្តើម​នីតិវិធី​ក្នុងការ​បញ្ជូន​ជនភៀសខ្លួន​នៅ​ដើមឆ្នាំ​ពី​២០១៨ តាម​កិច្ចព្រមព្រៀង ដែល​រដ្ឋាភិបាល​ទាំងពីរ បានធ្វើ​កន្លងមក ។

​តាម​ភ្នាក់ងារ​ព័ត៌មាន AFP លោក Obaidul Quader បាន​សង្កត់ធ្ងន់ថា​៖« ការបញ្ជូន​ជនភៀសខ្លួន នឹង​អាច​ចាប់ផ្តើម​ភ្លាមៗ ក្រោយពី​ក្រុមការងារ​ប្រទេស​ទាំងពីរ សម្រេច​ចុងក្រោយ​លើ​បញ្ជី​ឈ្មោះ​អ្នក​ដែល​ត្រូវបញ្ជូន ។ ពួកគេ ក៏​នឹង​ត្រូវបាន​ធានា​ទាំង​សុវត្ថិភាព និង​កិត្តិយស​ផងដែរ​» ។

​អ្វី​គួរកត់សម្គាល់ ផែនការ​នេះ អាច​លេចឡើង​បាន ក្រោយពី​មាន​កិច្ចព្រមព្រៀងទ្វេភាគី​រវាង​រដ្ឋាភិបាល​ទាំងពីរ ដែល​បាន​ធ្វើឡើង ក្រោម​សម្ពាធ​អន្តរជាតិ​នោះ ។ នៅ​ថ្ងៃ​២៣ វិច្ឆិកា កន្លងទៅ រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា និង​បង់​ក្លា​ដែ​ស បាន​ចុះ​កិច្ចព្រមព្រៀង​រួមគ្នា ក្នុងការ​បញ្ជូន​ជនភៀសខ្លួន​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា ដែល​កំពុងស្នាក់នៅ​បង់​ក្លា​ដែ​ស​ទៅកាន់​មី​យ៉ាន់​ម៉ា​វិញ ។​

​គួរ​ជម្រាប​ថា បើតាម​របាយការណ៍រ​បស់​អង្គការសហប្រជាជាតិ គិត​ចាប់ពី​ការប៉ះទង្គិច​នៅ​ខែសីហា​មក មាន​ជនភៀសខ្លួន​ជនជាតិភាគតិច​ម៉ូ​ស្លី​ម​រ៉ូ​ហ៊ីង​យ៉ា ជាង​៦០​ម៉ឺន​នាក់​ហើយ បាន​ភៀសខ្លួន​ចេញពី​រដ្ឋ Rakhine របស់​មី​យ៉ាន់​ម៉ា​ទៅកាន់​បង់​ក្លា​ដែ​ស ដោយ​ពួកគេ បាន​អះអាងថា ពួកគេ រង​ការគំរាមកំហែង​ពី​សំណាក់​អាជ្ញាធរ ។​

​លំហូរ​នៃ​ជនភៀសខ្លួន​រាប់ម៉ឺន​នាក់​នេះ កន្លងមក​បានធ្វើ​ឲ្យ​រដ្ឋាភិបាល​លោកស្រី អ៊ុង​សាន ស៊ូ​ជី រង​ការបន្ទោស និង​ថ្កោលទោស​ជាខ្លាំង​ពី​បណ្តា​សហគមន៍​អន្តរជាតិ ដែល​រាប់បញ្ចូល​ទាំង​អង្គការសិទ្ធិមនុស្ស និង​អង្គការសហប្រជាជាតិ​ផងដែរ ។ គួរកត់សម្គាល់​នោះ បង់​ក្លា​ដែ​ស កន្លងមក ក៏បាន​ឆ្លៀតឱកាស​ក្នុងការ​ចូលរួម​ក្នុង​វេទិកា​អន្តរជាតិ​ធំ​ដើម្បី​វាយប្រហារ​មី​យ៉ាន់​ម៉ា​ទៀតផង ៕




Tag:
 ​បង់​ក្លា​ដែ​ស​
  មី​យ៉ាន់​ម៉ា​
  រ៉ូ​ហ៊ីង​យ៉ា​
© រក្សាសិទ្ធិដោយ thmeythmey.com