អន្តរជាតិ
ដើម្បី​កាត់បន្ថយ​ជម្លោះ​ព្រោះ​«​កំពប់​កាហ្វេ​លើ​គ្នា​»​កូរ៉េខាងត្បូង​ហាម​ប្រជាជន​ខ្ចប់​កាហ្វេ​ចូល​ឡានក្រុង​
30, Dec 2017 , 11:05 pm        
រូបភាព
ដោយ:
​រដ្ឋាភិបាល​ក្រុង​សេ​អ៊ូ​ល បានចេញ​បទបញ្ជា​ថ្មី ដោយ​ហាមប្រាម​ប្រជាជន​យក​កាហ្វេ​ដែល​ពួកគេ​ខ្ចប់​ផឹក​ខាងក្រៅ​ចូលទៅក្នុង​ឡានក្រុង​សាធារណៈ ។ បម្រាម​នេះ មាន​គោលដៅ​កាត់បន្ថយ​ជម្លោះ​ដែលជា​និច្ចកាល​កើតឡើង​នៅក្នុង​ឡានក្រុង ដោយសារតែ​ពួកគេ មិន​ប្រុង​ប្រ​យ​ត្ន័ បណ្តាល​ឲ្យ​កាហ្វេ​កំពប់​លើ​អ្នកដទៃ ដែល​រួម​ដំណើរ​ជាមួយគ្នា។--

​ប្រជាជន​កូរ៉េខាងត្បូង ទំនងជា​លែង​បាន​ផឹក​កាហ្វេ ដែល​ពួកគេ​ខ្ចប់ នៅតាម​ឡានក្រុង​សាធារណៈ​បាន​ទៀតហើយ ។ នេះ​ក៏​ព្រោះតែ​បម្រាម​ដែលជា​បទបញ្ជា​ថ្មី ដែល​ទើបតែ​អនុម័ត​ដោយ​រដ្ឋាភិបាល​កូរ៉េខាងត្បូង ដែល​ទើបតែ​ចូល​ជាធរ​មាននៅ​ថ្ងៃ​២៨ ធ្នូ ២០១៧ ។ នេះ​បើ​យោងតាម​ភ្នាក់ងារ​ព័ត៌មាន​កូរ៉េខាងត្បូង Yonhap ។

​តាមរយៈ​បទបញ្ជា​ថ្មី​នេះ អ្នកបើកបរ​ឡានក្រុង​សាធារណៈ មាន​សមត្ថកិច្ច​ក្នុងការ​ពិនិត្យ​អ្នកដំណើរ​មុនពេល​ពួកគេ​ចូលទៅក្នុង​ឡាន ពោលគឺ ប្រសិន អ្នកដំណើរ មាន​កាន់​កែវ​កាហ្វេ ដែល​ពួកគេ​ខ្ចប់​ពី​ខាងក្រៅ អ្នកបើកបរ អាច​ឃាត់​ពួកគេ​មិន​ឲ្យ​ចូលឡាន​ក្រុង​ រហូត​ទាល់តែ​ពួកគេ បោះ​កាហ្វេ​នោះ​ចោល ។

​តាម​ការបញ្ជាក់​របស់ លោក Yoo Kwang-sang សមាជិក​នៃ​អ្នកធ្វើ​សំណើ​នេះ​ឡើង បាន​អះអាងថា កន្លងមក មាន​ករណី​ជាច្រើន​បាន​កើនឡើង ពាក់ព័ន្ធ​ការធ្វើ​ឲ្យ​កំពប់​កែវ​កាហ្វេ​ក្តៅ ឬ​កាហ្វេ​ទឹកកក​ទៅលើ​អ្នករួមដំណើរ ខណៈ​វប្បធម៌​នៃ​ការ​ខ្ចប់​កាហ្វេ​ដើម្បី​ផឹក​នៅពេល​ធ្វើដំណើរ កាន់តែ​មានការ​ពេញនិយម​នោះ ។
​លោក សង្កត់ធ្ងន់​យ៉ាង​ដូច្នេះ​ថា​៖«​យើង​បាន​សង្កេតឃើញ​ជម្លោះ​ដែល​បង្កឡើង​ដោយ​ការ​កំពប់​កាហ្វេ ឬ​ភេសជ្ជៈ​កាន់តែច្រើន តាមរយៈ​ការ​វេចខ្ចប់ ដូច្នេះ​ដើម្បី​ទប់ស្កាត់​វិវាទ​ប្រភេទ​នេះ យើង​ត្រូវតែ​បង្កើត​បទបញ្ជា​ដើម្បី​គ្រប់គ្រង​»៕ 




Tag:
 កូរ៉េខាងត្បូង​
  កាហ្វេ​
© រក្សាសិទ្ធិដោយ thmeythmey.com