អន្តរជាតិ
ឥស្សរជនណាខ្លះ ធ្លាប់បម្រើការជា «អគ្គលេខាធិការអាស៊ាន»?
× មិនខុសពីស្ថាប័នអន្តរជាតិ និងអង្គការអន្តររដ្ឋាភិបាលក្នុងតំបន់ផ្សេងៗទៀតឡើយ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ដែលហៅកាត់ថា «អាស៊ាន» នោះ ក៏មានរចនាសម្ព័ន្ធ ជាពិសេសអាណត្តិដឹកនាំរបស់ខ្លួនផងដែរ ។ រចនាសម្ព័ន្ធនោះ ក៏រាប់បញ្ចូលទាំងអាណត្តិអគ្គលេខាធិការ ដែលជាទូទៅត្រូវបានគេស្គាល់ថា ជា «ប្រមុខ ឬប្រធានរដ្ឋបាលអាស៊ាន» ។
បើយោងតាមមាត្រា ១១ នៃធម្មនុញ្ញអាស៊ាន ដែលបានចូលជាធរមាននៅថ្ងៃ១៥ ធ្នូ ២០០៨ អគ្គលេខាធិការអាស៊ាន ត្រូវបានតែងតាំងដោយកិច្ចប្រជុំកំពូលអាស៊ាន សម្រាប់អាណត្តិប្រាំឆ្នាំ ដែលអាណត្តិនេះ មិនអាចបន្តទៀតបានទេ ។
ការតែងតាំងអគ្គលេខាធិការនេះដែរ ក៏ត្រូវជ្រើសរើសចេញពីចំណោមជនជាតិ នៃរដ្ឋសមាជិកអាស៊ាន ផ្អែកទៅលើការប្តូរវេនគ្នាតាមលំដាប់អក្ខរក្រមនៃឈ្មោះរដ្ឋសមាជិកដោយពិចារណាល្អិតល្អន់ទៅលើសុច្ចរិតធម៌ សមត្ថភាព និងបទពិសោធន៍វិជ្ជាជីវៈ និងសមភាពយេនឌ័រផងដែរ ។ តាមលំដាប់អក្ខរក្រមអង់គ្លេស រដ្ឋអាស៊ានមានដូចជា ព្រុយណេ កម្ពុជា ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម ។
អ្វីគួរកត់សម្គាល់នោះ មុនពេលដែលអាស៊ានមានធម្មនុញ្ញ អគ្គលេខាធិការអាស៊ាន មិនទាន់មានអាណត្តិជាក់លាក់ និងអាចធានាពីអចិន្ត្រៃយ៍បាននោះទេ ។ ជាក់ស្តែងនោះ អាស៊ាន បានផ្លាស់ប្តូរអាណត្តិរបស់អគ្គលេខាធិការ ពី ពីរឆ្នាំទៅបីឆ្នាំ នៅឆ្នាំ១៩៨៥ ។
ខាងក្រោមនេះគឺជាឥស្សរជន ដែលជាអគ្គលេខាធិការអាស៊ានទាំងអស់ គិតចាប់ពីអាស៊ានបានបង្កើតអគ្គលេខាធិការដ្ឋានរបស់ខ្លួន ។ ()
១. លោក Le Luong Minh ជាឥស្សរជន ជនជាតិវៀតណាម ត្រូវបានតែងតាំងជាអគ្គលេខាធិការអាស៊ានសម្រាប់អាណត្តិឆ្នាំ ២០១៣ ដល់ឆ្នាំ២០១៧ ។
២. លោក SURIN PITSUWAN ជាឥស្សរជន ជនជាតិថៃ ត្រូវបានតែងតាំងជាអគ្គលេខាធិការអាស៊ានសម្រាប់អាណត្តិឆ្នាំ ២០០៨ ដល់ឆ្នាំ២០១២ ។
៣. លោក ONG KENG YONG ជាឥស្សរជនជន ជាតិសិង្ហបុរី ត្រូវបានតែងតាំងជាអគ្គលេខាធិការអាស៊ានសម្រាប់អាណត្តិឆ្នាំ ២០០៣ ដល់ឆ្នាំ២០០៧ ។
៤. លោក RODOLFO C. SEVERINO JR. ជាឥស្សរជនជន ជាតិហ្វីលីពីន ត្រូវបានតែងតាំងជាអគ្គលេខាធិការអាស៊ានសម្រាប់អាណត្តិឆ្នាំ ១៩៩៨ ដល់ឆ្នាំ២០០២ ។
៥. លោក DATO AJIT SINGH ជាឥស្សរជនជនជាតិម៉ាឡេស៊ី ដែលត្រូវបានតែងតាំងជាអគ្គលេខាធិការអាស៊ានសម្រាប់អាណត្តិឆ្នាំ ១៩៩៣ ដល់ឆ្នាំ ១៩៩៧ ។
៦. លោក RUSLI NOOR ជាឥស្សរជនជនជាតិឥណ្ឌូណេស៊ី ដែលត្រូវបានតែងតាំងជាអគ្គលេខាធិការអាស៊ានសម្រាប់អាណត្តិឆ្នាំ ១៩៨៩ ដល់ឆ្នាំ ១៩៩៣ ។
៧. លោក RODERICK YONG ជាឥស្សរជនជនជាតិព្រុយណេ ដែលត្រូវបានតែងតាំងជាអគ្គលេខាធិការអាស៊ានសម្រាប់អាណត្តិឆ្នាំ ១៩៨៦ ដល់ឆ្នាំ ១៩៨៩ ។
៨. លោក PHAN WANNAMETHEE ជាឥស្សរជនជនជាតិថៃ ដែលត្រូវបានតែងតាំងជាអគ្គលេខាធិការអាស៊ានសម្រាប់អាណត្តិឆ្នាំ ១៩៨៤ ដល់ឆ្នាំ ១៩៨៦ ។
៩. លោក CHAN KAI YAU ជាឥស្សរជនជនជាតិសិង្ហបុរី ដែលត្រូវបានតែងតាំងជាអគ្គលេខាធិការអាស៊ានសម្រាប់អាណត្តិឆ្នាំ ១៩៨២ ដល់ឆ្នាំ ១៩៨៤ ។
១០. លោក NARCISO G. REYES ជាឥស្សរជនជនជាតិហ្វីលីពីន ដែលត្រូវបានតែងតាំងជាអគ្គលេខាធិការអាស៊ានសម្រាប់អាណត្តិឆ្នាំ ១៩៨០ ដល់ឆ្នាំ ១៩៨២ ។
១១. លោក DATUK ALI BIN ABDULLAH ជាឥស្សរជនជនជាតិម៉ាឡេស៊ី ដែលត្រូវបានតែងតាំងជាអគ្គលេខាធិការអាស៊ានសម្រាប់អាណត្តិឆ្នាំ ១៩៧៨ ដល់ឆ្នាំ ១៩៨០ ។
១២. លោក UMARJADI NOTOWIJONO ជាឥស្សរជនជនជាតិឥណ្ឌូណេស៊ី ដែលត្រូវបានតែងតាំងជាអគ្គលេខាធិការអាស៊ានចាប់ពីខែកុម្ភៈ ដល់ខែមិថុនា ឆ្នាំ ១៩៧៨ ។
១៣. លោក H.R DHARSONO ជាឥស្សរជនជនជាតិឥណ្ឌូណេស៊ី ដែលត្រូវបានតែងតាំងជាអគ្គលេខាធិការអាស៊ានចាប់ពីខែមិថុនា ឆ្នាំ ១៩៧៦ ដល់ថ្ងៃ១៨ កុម្ភៈ ឆ្នាំ១៩៧៨ ។
គួររម្លឹកដែរថា អាស៊ាន ត្រូវបានបង្កើតឡើងជាផ្លូវការនៅក្នុងឆ្នាំ ១៩៦៧ ។ ពេលនោះដែរ អាស៊ាន មិនទាន់មានអគ្គលេខាដ្ឋាននៅឡើយនោះទេ ហើយអគ្គលេខាធិការដ្ឋាននេះទើបតែត្រូវបានបង្កើតនៅឆ្នាំ១៩៧៦ ប៉ុណ្ណោះ៕
© រក្សាសិទ្ធិដោយ thmeythmey.com