អន្តរជាតិ
រុស្ស៊ី​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់​នៅក្នុង​ការ​បំផ្ទុះ​គ្រាប់បែក​នៅ​ក្រុង St. Petersburg
31, Dec 2017 , 7:59 pm        
រូបភាព
ដោយ: VOA
​ទីភ្នាក់ងារ​ព័ត៌មាន Interfax របស់​រដ្ឋ​រុស្ស៊ី​បាន​រាយការណ៍​ថា ជនសង្ស័យ​ម្នាក់​នៅក្នុង​ការ​បំផ្ទុះ​គ្រាប់បែក​នៅក្នុង​ទីក្រុង St. Petersburg បាន​ត្រូវ​ចាប់ខ្លួន​កាលពី​ថ្ងៃ​សៅរ៍​ម្សិលមិញ​។​



​ទីភ្នាក់ងារ​ព័ត៌មាន Interfax បាន​រាយការណ៍​ថា អ្នករៀបចំ​ចាត់ចែង​ម្នាក់​និង​ជនដៃដល់​ម្នាក់​ដែល​ធ្វើ​ឲ្យ​ផ្ទុះ​នៅ​ផ្សារ Supermarket នៅក្នុង​ទីក្រុង St. Petersburg បាន​ត្រូវ​ចាប់ខ្លួន​ក្នុងអំឡុង​នៃ​កិច្ចប្រតិបត្តិការ​ពិសេស​ដោយ​ទីភ្នាក់ងារ​សន្តិសុខ​រុស្ស៊ី FSB​។​

​របាយការណ៍​នោះបាន​ប្រាប់​ឲ្យ​ដឹងថា ជនសង្ស័យ​នោះបាន​ត្រូវប្រគល់​ឲ្យ​គណៈ ក​ម្មា​ធិ​ការស៊ើបអង្កេត​រុស្ស៊ី​ដើម្បី​ចាត់វិធានការ​បន្ថែម​។​

​យោងតាម​ក្រុម​ស៊ើបការណ៍​សម្ងាត់ SITE ដែល​ឃ្លាំមើល​សេចក្តីថ្លែងការណ៍​របស់​ក្រុម​រដ្ឋ​ឥស្លាម​បាន​ប្រាប់​ឲ្យ​ដឹងថា ការផ្ទុះ​កាលពី​ថ្ងៃ​ពុធ​ដោយ​គ្រាប់បែក​ធ្វើ​នៅក្នុង​ស្រុក​បានធ្វើ​ឲ្យ​មនុស្ស​យ៉ាងហោចណាស់​ក៏​១៣​នាក់​ដែរ​បាន​រងរបួស​។​ក្រុម​ជន​សកម្មប្រយុទ្ធ​រដ្ឋ​ឥស្លាម​បាន​អះអាង​ទទួលខុសត្រូវ​ចំពោះ​ការផ្ទុះ​នេះ​។​

​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin បាន​ប្រាប់​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ការវាយប្រហារ​នោះ​ជា​សកម្មភាព​ភេរវកម្ម​។​

​ប្រធានាធិបតី Putin បានធ្វើការ​ពោល​អះអាង​នោះ​ក្នុងអំឡុង​នៃ​ពិធី​ប្រគល់​រង្វាន់​សម្រាប់​កងទ័ព​រុស្ស៊ី​ដែល​បាន​បម្រើ​ការងារ​នៅក្នុង​ប្រទេស​ស៊ី​រី​។ លោក Putin​មិនបាន​ផ្តល់​សេចក្តីលម្អិត​បន្ថែម​ទេ​។​

​កាលពី​ដំបូង ពួក​អ្នកស៊ើប​អង្កេត​បាន​និយាយថា ពួកគេ​បាន​ចាត់​ករណីនេះ​ថា​ជា​សកម្មភាព​ប៉ុនប៉ង​ធ្វើឃាត​។​

​ពួក​មន្ត្រី​សុខាភិបាល​និយាយថា មិនមាន​ជនរងគ្រោះ​ណា​ម្នាក់​បាន​រងរបួស​គំរាមកំហែង​អាយុជីវិត​ទេ​៕

​សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​


© រក្សាសិទ្ធិដោយ thmeythmey.com