អន្តរជាតិ
ព្រឹត្តិការណ៍​ពិភពលោក​សំខាន់ៗ​ឆ្នាំ ២០១៧
31, Dec 2017 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ក្នុង​ឆ្នាំ ២០១៧ នេះ ព្រឹត្តិការណ៍​ជាច្រើន​បាន​កើតឡើង​ក្នុងនោះ​មាន​ទាំង​ការឡើង​កាន់អំណាច​រប​ស់​អ្នកជំនួញ​អាមេរិក ដូ​ណា​ល់ ត្រាំ ជា​ប្រធានាធិបតី​ទី ៤៥​របស់​អាមេរិក រហូតដល់​ការធ្លាក់​ពី​តំណែង​របស់​មេដឹកនាំ​ផ្តាច់កា​រវ័យ ៩២​ឆ្នាំ​របស់​រដ្ឋ​អាហ្វ្រិក​ស៊ីម​បា​វ៉េ រ៉ូបឺត មូ​ហ្កា​បេ ផងដែរ​។ ខាងក្រោម​នេះ​ជាការ​សង្ខេប​ព្រឹត្តិការណ៍​សំខាន់ៗ​ក្នុង​ឆ្នាំ ២០១៧៖



-​ដូ​ណា​ល់ ត្រាំ ស្បថ​ចូលកាន់​តំណែង​ជា​ប្រធានាធិបតី​ទី ៤៥ របស់​អាមេរិក​


​ថ្ងៃ ២០​ខែមករា លោក ដូ​ណា​ល់ ត្រាំ បាន​ស្បថ​ចូលកាន់​តំណែង​ជា​ផ្លូវការ​ជា​ប្រធានាធិបតី​ទី ៤៥ របស់​អាមេរិក​ក្រោយ​ឈ្នះ​បេក្ខជន​ប្រធានាធិបតី​បក្ស​ប្រជាធិបតេយ្យ​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន ក្នុងការ​បោះឆ្នោត​ថ្ងៃ​៨​ខែធ្នូ​ឆ្នាំ ២០១៦​។

-​ដូ​ណា​ល់ ត្រាំ ប្រកាស​ដក​អាមេរិក​ចេញពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ភាពជា​ដៃគូ​អន្តរ​ប៉ាស៊ីហ្វិក

​ក្រោយ​ស្បថ​ចូលកាន់​តំណែង​ជា​ប្រធានាធិបតី​អាមេរិក ក្នុង​ខែមីនា លោក ដូ​ណា​ល់ ត្រាំ បានសម្រេច​ប្រកាស​ដក​អាមេរិក​ចេញពី​កិច្ចព្រមព្រៀង​ស្តង់ដា​មាស​ភាពជា​ដៃគូ​អន្តរ​ប៉ាស៊ីហ្វិក (Trans Pacific Partnership) ដែលមាន​ភាគី​សរុប ១២​។ ការប្រកាស​នេះ​ធ្វើឡើង​តាម​ការសន្យា​របស់ខ្លួន​ក្នុងពេល​ឃោសនាបោះឆ្នោត ហើយ​លោក ត្រាំ បានចាត់ទុក​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​នេះ​ជា​កិច្ចព្រមព្រៀង​មិនល្អ​ដែល​ប៉ះពាល់​សេដ្ឋកិច្ច​អាមេរិក​ផង​។

-​អង់គ្លេស​សម្រេច​អនុវត្ត​មាត្រា ៥០ នៃ​សន្ធិសញ្ញា Lisbon ដើម្បី​រៀបចំ​ចាក​ចេញពី​សហភាព​អឺរ៉ុប​ជា​ផ្លូវការ​

​ក្រោយ​ការបោះឆ្នោត​ប្រជាមតិ​នៅក្នុង​ឆ្នាំ ២០១៦ ចក្រភព​អង់គ្លេស​បានសម្រេច​អនុវត្ត​មាត្រា ៥០​នៃ​សន្ធិសញ្ញា Lisbon ជា​ផ្លូវការ​នៅ​ខែមីនា ដើម្បី​ត្រួស​ត្រាយផ្លូវ​សម្រាប់​ការលែង​លះ​ជា​ផ្លូវការ​ជាមួយ​អឺរ៉ុប​។

-​លោក អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង ក្លាយជា​ប្រធានាធិបតី​វ័យក្មេង​របស់​បារាំង​

​អ្នកនយោបាយ​កណ្តាល​និយម​បារាំង អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង វ័យ ៣៩​ឆ្នាំ​បាន​ជាប់ឆ្នោត​ក្លាយជា​ប្រធានាធិបតី​បារាំង​នៅ​ខែឧសភា​។ គេ​សង្ឃឹមថា ការជាប់ឆ្នោត​ជា​ប្រធានាធិបតី​បារាំង​របស់លោក ម៉ា​ក្រុង ដែលមាន​និន្នាការ​គាំទ្រ​អឺរ៉ុប នឹង​អាចជួយ​ផ្លាស់ប្តូរ​មុខមាត់ និង​អនាគត​របស់​អឺរ៉ុប ហើយ​វា​ក៏​ជួយ​រំសាយ​ក្តីបារម្ភ របស់​សហភាព​អឺរ៉ុប​ពី​ការ​ឈ្នះឆ្នោត​របស់​អ្នកនយោបាយ​ស្តាំនិយម​ជ្រុល Marine Le Pen ផងដែរ​។​

-​ដូ​ណា​ល់ ត្រាំ ប្រកាស​ដក​អាមេរិក​ចេញពី​កិច្ចព្រមព្រៀង​ប្រែប្រួល​អាកាសធាតុ​ក្រុងប៉ារីស​

​បន្ទាប់ពី​បញ្ចប់​សមាជិកភាព​អាមេរិក​ក្នុង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម TPP លោក ដូ​ណា​ល់ ត្រាំ ក៏បាន​ប្រកាស​ដក​អាមេរិក​ចេញពី​កិច្ចព្រមព្រៀង​ប្រវត្តិសាស្ត្រ​ស្តីពី​ការប្រែប្រួល​អាកាសធាតុ​ក្រុងប៉ារីស​ផងដែរ​នៅ​ខែមិថុនា​។ លោក ដូ​ណា​ល់ ត្រាំ អះអាងថា កិច្ចព្រមព្រៀង​នេះ​មិនល្អ ហើយ​ការប្រែប្រួល​អាកាសធាតុ​ជា​រឿង​បោកប្រាស់​ដែល​ត្រូវបាន​បង្កើតឡើង​ដើម្បី​ទប់ស្កាត់​អាមេរិក​កុំ​ឲ្យ​បន្ត​លូតលាស់​តែប៉ុណ្ណោះ​។

-​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​ទទួល​បរាជ័យ​ទាំងស្រុង​

​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​នៅ​អ៊ីរ៉ាក់ និង​ស៊ី​រី (ISIS) ឬ​ដែ​ស្ហ រង​ការបរាជ័យ ក្រោយ​ចាប់ផ្តើម​សកម្មភាព​របស់ខ្លួន​អស់​រយៈពេល​បី​ឆ្នាំ​មកនេះ​។ កម្លាំង​អន្តរជាតិ​ដែលមាន​ទាំង​សម្ព័ន្ធ​អន្តរជាតិ​ដឹកនាំ​ដោយ​អាមេរិក និង​កងកម្លាំង​រុស្ស៊ី​រួមជាមួយ​អ៊ីរ៉ង់ ហេ​ស្បូ​ឡា និង​ស៊ី​រី បាន​ដណ្តើមយក​ទឹកដី​មកវិញ​ពី​ក្រុម​ភេរវជន​នេះ​មកវិញ​ដោយ​ជោគជ័យ ប៉ុន្តែ​វា​មិនមែន​មានន័យថា ក្រុម​នេះ​ត្រូវបាន​កម្ចាត់​ទាំងស្រុង​ឡើយ​។​

-​អា​រ៉ា​ប៊ី​សា​អូឌីត និង​បក្សពួក​ផ្តាច់ទំនាក់ទំនង​ជាមួយ​កាតា​ដោយ​ចោទថា​ប្រទេស​នេះ​គាំទ្រ​ភេរវជន

​ខែមិថុនា អា​រា​ប៊ី​សា​អូឌីត​និង​បក្សពួក​ដូចជា អារ៉ាប់​រួម​អេ​មី​រ៉ាត់ និង​អេ​ហ្ស៊ី​ប​បាននាំគ្នា​ប្រកាស​ផ្តាច់ទំនាក់ទំនង​ជាមួយ​កាតា ដោយ​ចោទប្រកាន់ថា ប្រទេស​នេះ​ជា​រដ្ឋ​គាំទ្រ​ភេរវជន​។ ក្រៅពី​កាត់​ផ្តាច់ទំនាក់ទំនង រដ្ឋ​អារ៉ាប់​ទាំងនេះ​បាននាំគ្នា​ហ៊ុមព័ទ្ធ​កាតា​និង​បង្ខំ​ឲ្យ​រដ្ឋ​មួយ​នេះ​ផ្តាច់ទំនាក់ទំនង​ជាមួយ​អ៊ីរ៉ង់  បិទ​ទូរទស្សន៍ Al Jazeera និង​ធ្វើតាម​ការទាមទារ​ពួកគេ​មួយចំនួនទៀត​ផងដែរ​។​

-​កូរ៉េខាងជើង​បាញ់​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​ជា​លើក​ទី ៦ និង​ប្រកាសថា​ខ្លួន​ជា​មហាអំណាច​នុយក្លេអ៊ែរ​

​កូរ៉េខាងជើង​បាន​បាញ់​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​លើក​ទី ៦ នៅ​ដើមខែ​កញ្ញា​កន្លងមក ក្រោយ​បន្ត​បាញ់​សាកល្បង​មី​ស៊ី​ល​ផ្គើន​សហគមន៍​អន្តរជាតិ​បន្តបន្ទាប់​ក្នុង​ឆ្នាំ ២០១៧​នេះ​។ កូរ៉េខាងជើង​ហ៊ាន​បាញ់​សាកល្បង​អាវុធ​នុយក្លេអ៊ែរ បើទោះបីជា​រដ្ឋបាល​អាមេរិក​របស់លោក ដូ​ណា​ល់ ត្រាំ ព្រមាន​ប្រើប្រាស់​កម្លាំង​ទ័ព​ក៏ដោយ​។  

-​ស៊ី ជិន​ភីង ឡើង​តំណែង​ស្មើ​ម៉ៅ សេទុង ក្នុង​មហាសន្និបាត​បក្ស​កុម្មុយនីស្ត​ចិន​លើក​ទី ១៩

​ក្នុង​មហា​ស​និ្ន​បាត​បក្ស​កុម្មុយនីស្ត​ចិន​លើក​ទី ១៩  ក្នុង​រយៈពេល​មួយ​សប្តាហ៍​ពីថ្ងៃ ១៨ ដល់​ថ្ងៃ ២៤ តុលា កន្លងមក គេ​ឃើញ​មានការ​ដាក់បញ្ចូល​គំនិត​នយោបាយ​របស់​ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង ក្នុង​រដ្ឋធម្មនុញ្ញ​បក្ស ដែល​ដំឡើង​ឋានៈ​របស់លោក​ឲ្យ​ស្មើ​លោក ម៉ៅ សេទុង​។ ក្រៅពី​ការសម្រេច​ជា​ប្រវត្តិសាស្ត្រ​នេះ លោក ស៊ី ជិន​ភីង ក៏ត្រូវ​បាន​គណបក្ស​បោះ​ឆ្នោត​ផ្តល់​សេចក្តីទុកចិត្ត​ឲ្យ​បន្ត​កាន់តំណែង​ជា​ប្រធានាធិបតី​សម្រាប់​អាណត្តិ​ថ្មី​ទៀតផង​ដែរ​។​

-​មេដឹកនាំ​ផ្តាច់ការ​ស៊ីម​បា​វ៉េ​លោក រ៉ូបឺត មូ​ហ្កា​បេ ធ្លាក់​ពី​តំណែង​

​មេដឹកនាំ​ផ្តាច់ការ​ប្រធានាធិបតី​ស៊ីម​បា​វ៉េ រ៉ូបឺត មូ​ហ្កា​បេ សម្រេច​ចុះចេញ​ពី​តំណែង​ក្រោយ​ពេលដែល​យោធា​ធ្វើ​រដ្ឋប្រហារ​ស្ងៀមស្ងាត់ ដើម្បី​បង្ខំ​ឲ្យ​លោក​ដាក់​អំណាច​។ អតីត​អនុ​ប្រធានាធិបតី​ដែល​លោក មូ​ហ្កា បណ្តេញ​ចេញពី​តំណែង​លោក Emmerson Mnangagwa និង​ជា​អ្នកតស៊ូ​ដណ្តើម​ឯករាជ្យ​ពី​អង់គ្លេស​នោះ ក្លាយជា​ប្រធានាធិបតី​ថ្មី​របស់​ស៊ីម​បា​វ៉េ​។
 
-​ដូ​ណា​ល់ ត្រាំ ប្រកាស​ប្តូរ​ទីតាំង​ស្ថានទូត​អាមេរិក​ពី​ក្រុង Tel Aviv ទៅកាន់​ក្រុង​ហ្ស៊េ​រុយ​សា​ឡិ​ម​

​ព្រឹត្តិការណ៍​ដែល​សំខាន់​ចុងក្រោយ​សម្រាប់​ឆ្នាំ ២០១៧​នោះ គឺ ការទទួលស្គាល់​ហ្ស៊េ​រុយ​សា​ឡិ​ម​ជា​រដ្ឋធានី​អ៊ីស្រាអែល​ពី​សំណាក់​រដ្ឋបាល​អាមេរិក​របស់លោក ដូ​ណា​ល់ ត្រាំ​។ ដើមខែ​ធ្នូ លោក  ដូ​ណា​ល់ ត្រាំ បានប្រកាស​ប្តូរ​ទីតាំង​ស្ថានទូត​អាមេរិក​ពី​ក្រុង Tel Aviv ទៅកាន់​ក្រុង​ហ្ស៊េ​រុយ​សា​ឡិ​ម​ដោយ​ការសម្រេចចិត្ត​នេះ​បានធ្វើ​ឲ្យ​សហគមន៍​អន្តរជាតិ​ថ្កោលទោស​ខ្លាំង​ផង​។ ក្រោយ​ការសម្រេចចិត្ត​នេះ ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​បាន​កោះប្រជុំ​បន្ទាន់​ដើម្បី​ពិភាក្សា​ពី​បញ្ហា​ចម្រូងចម្រាស​នេះ ប៉ុន្តែ​អាមេរិក​បាន​ប្រើប្រាស់​សិទ្ធិ​វេតូ​ដំណោះស្រាយ​ដែលមាន​គោលដៅ​ទាត់ចោល​ការសម្រេចចិត្ត​របស់​អាមេរិក​ចំពោះ​ក្រុង​ហ្ស៊េ​រុយ​សា​ឡិ​ម​ដែរ​។

​ដោយសារ​ក្រុមប្រឹក្សាសន្តិសុខ​បរាជ័យ​ក្នុងការ​ថ្កោលទោស​អាមេរិក ប៉ា​ឡេ​ស្ទី​ន​បន្តរ​ត់រក​ជំនួយ​ពី​មហាសន្និបាត​អង្គការសហប្រជាជាតិ​។ ជាការ​ឆ្លើយតប មហាសន្និបាត​បាន​បើកប្រជុំ​ពិភាក្សា​និង​បាន​បោះឆ្នោត​អនុម័ត​ដំណោះស្រាយ​មួយ​បដិសេធ​ការទទួលស្គាល់​ហ្ស៊េ​រុយ​សា​ឡិ​ម​ជា​រដ​ធានី​អ៊ីស្រាអែល​ផងដែរ​ដោយ​ប្រទេស ១២៨ បោះឆ្នោត​គាំទ្រ និង​ប្រាំបួន បោះឆ្នោត​ជំទាស់​។


Tag:
 ព្រឹត្តិការណ៍​ពិភពលោក​
  ២០១៧
© រក្សាសិទ្ធិដោយ thmeythmey.com