អន្តរជាតិ
២០១៧៖ នយោបាយ​ការទូត «​ឌូ​ទើ​តេ​» ធ្វើ​ឲ្យ​កម្តៅ​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ថយចុះ​នៅ​អាស៊ាន ?
31, Dec 2017 , 9:39 pm        
រូបភាព
ដោយ:
​ច្រើន​ទសវត្សរ៍​មកហើយ ដែល​សមុទ្រ​ចិន​ខាងត្បូង បាន​ក្លាយជា​បញ្ហា​ស្មុគស្មាញ និង​ចំណុច​ថ្នាំងថ្នាក់​ខ្លាំង​រវាង​អាស៊ាន និង​ចិន ។ វា​ក៏​ជា​បញ្ហា ដែល​ធ្វើ​កិច្ចប្រជុំ​ពាក់ព័ន្ធ​អាស៊ាន​មាន​ភាព​តានតឹង ជាពិសេស​នោះ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ ។ តែ​បញ្ហា​នេះ​ហាក់​ស្ងប់ស្ងាត់​គួរកត់សម្គាល់ នៅពេលដែល​ហ្វីលីពីន ដែលជា​ភាគី​ជម្លោះ​ផ្ទាល់ ធ្វើជា​ម្ចាស់ផ្ទះ​អាស៊ាន​ឆ្នាំ ២០១៧ ។​



​ឆ្នាំ ២០១៧ គឺជា​ពេល​ដ៏​ពិ​សេសមួយ​សម្រាប់​អាស៊ាន ដ្បិត​វា​ជា​ខួប​គម្រប់​៥០​ឆ្នាំ នៃ​ការបង្កើត​អង្គការ​អន្តររដ្ឋាភិបាល ដែល​កំពុងតែ​លេចមុខ​លេច​មាត់​នៅក្នុង​ឆាក​អន្តរជាតិ​មួយ​នេះ ។ វា​ក៏​ជា​ឆ្នាំ​មួយ​ល្អ​ផងដែរ​សម្រាប់​អាស៊ាន និង​ចិន ពាក់ព័ន្ធ​នឹង​បញ្ហា​ជម្លោះ​អធិបតេយ្យ​សមុទ្រ​ចិន​ខាងត្បូង ដែល​កន្លងមក​តែងតែ​ញាំញី មិន​ត្រឹមតែ​កិច្ចប្រជុំ​អាស៊ាន​ប៉ុណ្ណោះ​នោះទេ តែ​ក៏​ធ្វើ​ឲ្យ​ប្រទេស​ពាក់ព័ន្ធ​មួយចំនួន​ត្រូវ​ប្រឈមមុខគ្នា​ទាំង​ការទូត និង​យោធា​ផងដែរ ។​

​ជា​រឿង​ដែល​មិនអាច​ប្រកែក​ចំពោះ​ភាពស្ងប់ស្ងាត់​មួយ​នេះ នោះ​គឺ​នយោបាយ​ការទូត​ទន់ភ្លន់​តែ​មិន​ទន់ជ្រាយ​របស់លោក​ប្រធានាធិបតី​ហ្វីលីពីន រ៉ូ​ឌ្រី​ហ្គូ ឌូ​ទើ​តេ ។ ទោះបីជា​លោក​ប្រធានាធិបតី ជានិច្ចកាល​ប្រើប្រាស់​ពាក្យសម្តី​អសុរោះ​បន្តិច​ក៏ដោយ លោក​ហាក់​មាន​ជំហរ​ការទូត​ទន់ភ្លន់​បន្តិច​ជាមួយនឹង​ចិន ក្នុងការ​ដោះស្រាយ​បញ្ហា​ជម្លោះ​អធិបតេយ្យ ។ ទន់ភ្លន់​នោះ​គឺ លោក​ព្រមយក​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ដោះស្រាយ​ដោយ​ទ្វេភាគី និង​សន្តិវិធី ។

​ជំហរ​នេះ បានធ្វើ​ឲ្យ​ហ្វីលីពីន ដែល​ធ្លាប់តែ​ប្រើប្រាស់​វេទិកា​អន្តរជាតិ និង​ជាពិសេស​វេទិកា​អាស៊ាន​តែម្តង​ដើម្បី​ថ្កោលទោស និង​ប្រឆាំង​ចិន​រឿង​សមុទ្រ​ចិន​ខាងត្បូង មក​ក្លាយជា​ដៃគូ​ជិតស្និទ្ធ​នៅក្នុង​តំបន់​វិញ ។ កន្លងមក​លោក​ឌូ​ទើ​តេ បានប្រកាស​ហើយ​ថា លោក មិន​ប្រើប្រាស់​កងកម្លាំង​ដើម្បី​ដោះស្រាយ​បញ្ហា​ជាមួយនឹង​ចិន​បានឡើយ ព្រោះ​លោក​យល់ឃើញថា មធ្យោបាយ​នេះ​មិនមាន​លទ្ធផល​ល្អ​ឡើយ ។ ផ្ទុយទៅវិញ លោក​ជ្រើស​យក​កិច្ចសហប្រតិបត្តិការ​ជាមួយនឹង​ចិន​ដើម្បី​ផលប្រយោជន៍​សេដ្ឋកិច្ច ខណៈ​រក្សាទុក​បញ្ហា​អធិបតេយ្យ​ក្នុង​នីតិវិធី​ដោះស្រាយ​ដោយ​សន្តិវិធី និង​ទ្វេភាគី ។

​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ គោលនយោបាយ​បរទេស មិន​រឹងទទឹង និង​មិន​ចង់​ឲ្យ​គ្រួសារ​អាស៊ាន​ពិបាក​ជាមួយ​ដោយសារតែ​ជម្លោះ​សមុទ្រ​របស់លោក​ឌូ​ទើ​តេ ក៏មាន​ផ្លែផ្កា​ក្នុង​ក្របខណ្ឌ​អាស៊ាន​ផងដែរ ។ ជាក់ស្តែង ក្នុង​ឆ្នាំ​២០១៧​នេះ ហ្វីលីពីន ដែលជា​ម្ចាស់ផ្ទះ​កិច្ចប្រជុំ​អាស៊ាន បាន​ធ្វើជា​អ្នកសម្របសម្រួល​ដ៏​ល្អ ដែល​បរិយាកាស​អាស៊ាន​មិន​តានតឹង​ខ្លាំង​ដោយសារ​សមុទ្រ​ចិន​ខាងត្បូង ។

​ផ្ទុយទៅវិញ អាស៊ាន និង​ចិន បានសម្រេច​សមិទ្ធផល​មួយ ដែលជា​ការបើកផ្លូវ​សម្រាប់​រដ្ឋ​ពាក់ព័ន្ធ​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង ដើម្បី​ឈានទៅដល់​ដំណោះស្រាយ​រួមមួយ​នាពេល​អនាគត ។ សមិទ្ធផល​នោះ​គឺ អាស៊ាន និង​ចិន នៅ​ឆ្នាំ​២០១៧ បាន​ព្រមព្រៀងគ្នា​ចុះហត្ថលេខា​លើ​ក្របខណ្ឌ​នៃ​ក្រម​ប្រតិបត្តិ​សមុទ្រ​ចិន​ខាងត្បូង ដែល​ភាគី​ទាំងពីរ បាន​រំពឹងថា នឹង​ក្លាយជា​លិ​ខិ​តូ​បក​រណ៍​មួយ​សម្រាប់​គ្រប់គ្រង​សកម្មភាព​នានា​នៅក្នុង​តំបន់​មាន​វិវាទ​ជាមួយគ្នា ។

​គួរ​ជម្រាប​ផងដែរ​ថា ជម្លោះ​អធិបតេយ្យ​សមុទ្រ​ចិន​ខាងត្បូង មាន​រដ្ឋ​ជាប់​ពាក់ព័ន្ធ​ដោយផ្ទាល់​ដូចជា ព​ព្រុយ​ណេ ម៉ាឡេស៊ី ហ្វីលីពីន វៀតណាម និង​ចិន ៕


Tag:
 ហ្វីលីពីន​
  អាស៊ាន​
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com