អន្តរជាតិ
២០១៧៖ រដ្ឋាភិបាល​ស៊ីវិល​របស់លោក​ស្រី​ស៊ូ​ជី បាក់មុខ​ខ្លាំង​លើ​ឆាក​អន្តរជាតិ​ព្រោះ​រឿង​សិទ្ធិមនុស្ស
31, Dec 2017 , 10:19 pm        
រូបភាព
ដោយ:
​ការ​អាច​ផ្លាស់ប្តូរ​ការដឹកនាំ​រប​ស់​រដ្ឋាភិបាលយោធា​មក​រដ្ឋាភិបាល​ស៊ីវិល​របស់លោក​ស្រី អ៊ុង​សាន ស៊ូ​ជី ទទួល​បានការ​សាទរ​ច្រើន​ពី​សហគមន៍​អន្តរជាតិ ។ ក៏ប៉ុន្តែ ក្រោយពី​ការ​សាទរ រដ្ឋាភិបាល​ស៊ីវិល មី​យ៉ាន់​ម៉ា ដែលមាន​លោកស្រី ស៊ូ​ជី នៅ​ពីក្រោយ​ជា​ខ្នងបង្អែក បែរជា​ទទួលរង​ការស្តីបន្ទោស និង​ថ្កោលទោស​ខ្លាំង​នា​ឆ្នាំ​២០១៧​នេះ ដោយសារ​បញ្ហា​សិទ្ធិមនុស្ស ជាពិសេស​នោះ វិបត្តិ​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា ។



​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​ដឹកនាំ​ដោយ​បក្ស​កាន់អំណាច​របស់លោក​ស្រី អ៊ុង​សាន ស៊ូ​ជី  បន្ត​រង​សម្ពាធ​ពី​សហគមន៍​អន្តរជាតិ ដោយសារតែ​វិបត្តិ​រ៉ូ​ហ៊ីង​យ៉ា ដែលជា​បញ្ហា​មួយ​ចាស់​ឬ​ស​ជ្រៅ​ជាច្រើន​ទសវត្សរ៍ ដោយ​គ្មាន​ដំណោះស្រាយ ។ បើតាម​របាយការណ៍​សិទ្ធិមនុស្ស វិបត្តិ​នោះ​គឺ​កើតឡើង​ដោយ​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា​រង​ការ​ធ្វើទុក្ខបុកម្នេញ​ពី​សំណាក់ អាជ្ញាធរ​មី​យ៉ាន់​ម៉ា ។

​តាមរយៈ​របាយការណ៍ ដែល​រាប់បញ្ចូល​ទាំង​របស់​អង្គការសហប្រជាជាតិ​ផងដែរ​នោះ គ្រាន់តែ​ដោយសារ​ប្រតិបត្តិការ​របស់​យោធា​មី​យ៉ាន់​ម៉ា​ចាប់ពី​ខែសីហា ២០១៧ មក មាន​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា ប្រាំមួយ​សែន​នាក់ បាន​រត់​ភៀសខ្លួន​ជាមួយនឹង​ភាពភ័យខ្លាច​ពីរ​ដ្ឋ Rakhine របស់​មី​យ៉ាន់​ម៉ា​ទៅ​បង់​ក្លា​ដែ​ស​។

​តាម​ចម្លើយសារភាព​របស់​ពួកគេ ជាមួយនឹង​ភ្នាក់ងារ​អង្គការសហប្រជាជាតិ ពួកគេ មិន​ត្រឹមតែ​ទទួលរង​នូវ​ការរើសអើង​ពី​សំណាក់​អាជ្ញាធរ​មី​យ៉ាន់​ម៉ា​ប៉ុណ្ណោះ​នោះទេ ក៏ប៉ុន្តែ ថែមទាំង​រង​ការ​គំរាម​ឲ្យ​ចាកចេញ​ពី​ទី​លំនៅដ្ឋាន និង​ភូមិ​របស់​ពួកគេ ដែល​ស្ថិតនៅក្នុង​រដ្ឋ Rakhine តែម្តង ។

​ដោយសារតែ​បញ្ហា​នេះ សហគមន៍​អន្តរជាតិ អង្គការសិទ្ធិមនុស្ស ដែល​រួមទាំង​អង្គការសហប្រជាជាតិ​ផងដែរ​នោះ បាន​ចេញមុខ​ថ្កោលទោស​ខ្លាំង​ចំពោះ​ហេតុ​ការ និង​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា ដែល​បណ្តែតបណ្តោយ​ឲ្យ​បញ្ហា​កាន់តែ​ធ្ងន់ធ្ងរ​ទៅ ។ ជាងនេះទៅទៀត​នោះ ទាំង​រដ្ឋ​មហាអំណាច អាមេរិក និង​មន្ត្រី​ជំនាញ​អង្គការសហប្រជាជាតិ ថែមទាំង​បាន​ព្រមាន​ពី ការ​អាចឈាន​ទៅដល់​ប​ទ​ល្មើស​ប្រល័យពូជសាសន៍​ទៀតផង ។​

​អ្វី​គួរ​ឲ្យ​កត់សម្គាល់​នោះ បន្ថែម​ពី​ការរង​សម្ពាធ​ពី​សេចក្តីថ្លែងការណ៍​ថ្កោលទោស និង​ទាមទារ​ពី​សហគមន៍​អន្តរជាតិ​ឲ្យ​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា ដែលមាន​លោកស្រី អ៊ុង​សាន ស៊ូ​ជី ជា​មេដឹកនាំ​ជាក់ស្តែង​នោះ​ក៏បាន​រង​ភាពអាម៉ាស​ខ្លះ​ដែ ដ្បិត​មាន​ចលនា​មួយចំនួន បានទាមទារ​ឲ្យ មាន​ការដក​ពានរង្វាន់​ណូ​ប៊ែ​ល​សន្តិភាព​ពី​លោកស្រី ។ ដោយសារ​បញ្ហា​នេះដែរ លោកស្រី អ៊ុង​សាន ស៊ូ​ជី ត្រូវបាន​ដកហូត​ពានរង្វាន់​ប្រចាំ​ទីក្រុង Oxford របស់​ចក្រភព​អង់គ្លេស នា​ខែវិច្ឆិកា​កន្លងទៅ​ផងដែរ ៕


Tag:
 មី​យ៉ាន់​ម៉ា
  រ៉ូ​ហ៊ីង​យ៉ា
© រក្សាសិទ្ធិដោយ thmeythmey.com