អន្តរជាតិ
បាតុកម្មដ៏កម្រនៅអ៊ីរ៉ង់ទាមទារឲ្យមេដឹកនាំកំពូល Khamenei លាលែងពីតំណែង
× បាតុកម្មប្រឆាំងរដ្ឋាភិបាលនៅអ៊ីរ៉ង់បានបន្តធ្វើឡើងនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ ទោះជាអាជ្ញាធរអ៊ីរ៉ង់ព្រមានបោសសម្អាតក្ដី។ នៅថ្ងៃដដែល លោកប្រធានាធិបតី ហាសាន់ រូហានី បានអំពាវនាវឲ្យមានការស្ងប់ស្ងាត់ និងបានធានាពីសិទ្ធិបញ្ចេញមតិរបស់ប្រជាជន ប៉ុន្តែលោកក៏ព្រមានចាត់វិធានការប្រឆាំងបាតុករដែលបង្កបញ្ហាដល់ស្ថិរភាពសង្គម។ អ្វីគួរឲ្យចាប់អារម្មណ៍ ក្រុមបាតុករប្រឆាំងក៏ទាមទារឲ្យមេដឹកនាំកំពូល Ayatollah Ali Khamenei លាលែងពីតំណែងដែរ។
បាតុកម្មប្រឆាំងរដ្ឋាភិបាល និងក្រុមដឹកនាំសាសនាជាន់ខ្ពស់ បានអូសបន្លាយដល់ថ្ងៃទី៤ហើយនៅថ្ងៃទី៣១ ខែធ្នូ បន្ទាប់ពីផ្ទុះឡើងកាលពីពាក់កណ្ដាលសប្ដាហ៍មុន ដែលបណ្ដាលឲ្យមានអ្នកស្លាប់ រហូតដល់ ១២នាក់ និងរបួសជាច្រើននាក់។ ជាការងើបឡើងដ៏ធំចាប់តាំងពីឆ្នាំ២០០៩ មក ក្រុមបាតុករមិនពេញចិត្តស្ថានភាពសេដ្ឋកិច្ចយ៉ាប់យ៉ឺន អំពើពុករលួយ និងការកើនឡើងអត្រានៃអ្នកអត់ការងារធ្វើ ជាពិសេសក្នុងចំណោមយុវវ័យ។
បាតុកម្មបានរាលដាលពាសពេញផ្ទៃប្រទេស ខណៈដែលអាជ្ញាធរហាក់បង្ហាញការអត់ធ្មត់ខ្លាំងដើម្បីចៀសវាងការប៉ះទង្គិចធ្ងន់ធ្ងរ។ ថ្លែងតាមកញ្ចក់ទូរទស្សន៍ លោកប្រធានាធិបតី ហាសាន់ រូហានី បានការពារសិទ្ធិបញ្ចេញមតិ និងការប្រមូលផ្ដុំរបស់ប្រជាជនអ៊ីរ៉ង់ តែអំពើហិង្សាជារឿងមិនអាចទទួលបានដាច់ខាត។ រដ្ឋាភិបាលនឹងមិនអត់ធ្មត់ចំពោះអ្នកណាដែលបំផ្លាញទ្រព្យសម្បត្តិសាធារណៈ បំពានសណ្ដាប់ធ្នាប់សាធារណៈ និងបង្កចលាចលក្នុងសង្គម។ នេះជាសម្ដីព្រមានរបស់លោក រូហានី ។
អ្វីគួរឲ្យកត់សម្គាល់ ក្រុមបាតុករហាក់បានផ្លាស់ប្ដូរគោលដៅរបស់ខ្លួនពីការតវ៉ាប្រឆាំងការដឹកនាំរបស់រដ្ឋាភិបាលលោក រូហានី ទៅជារឿងនយោបាយវិញ។ ក្នុងរដ្ឋធានីតេហេរ៉ង់ និងនៅឯ Khorramabad ភាគខាងលិចប្រទេស ក្រុមបាតុករបានស្រែកទាមទារដោយកម្រឲ្យមេដឹកនាំកំពូល Ayatollah Ali Khamenei ចាកចេញពីតំណែង។ ដើម្បីចៀសវាងបង្កបញ្ហាជាមួយបាតុករ កម្លាំងសន្តិសុខអ៊ីរ៉ង់បានប្រើកាណុងបាញ់ទឹកដើម្បីបំបែកហ្វូងបាតុករតវ៉ាទាំងនោះ។
បើតាមទីភ្នាក់ងារព័ត៌មាន Reuters អាជ្ញាធរអ៊ីរ៉ង់ក៏រឹតបន្តឹងការប្រើប្រាស់បណ្ដាញសង្គមដូចជា Instagram និង Telegram ក៏ដូចជាបិទការប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិតនៅតាមតំបន់មួយចំនួន ដើម្បីបង្អាក់ការទាក់ទងគ្នារវាងក្រុមអ្នកតវ៉ាផងដែរ។ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ក៏ឆ្លៀតឱកាសនេះវាយប្រហាររដ្ឋាភិបាលអ៊ីរ៉ង់ ដែលបិទសិទ្ធិប្រជាជនខ្លួនឯង និងថា របបឃោរឃៅមិនអាចរស់បានយូរឡើយ។
ឆ្លើយតបនឹងសារនៅនៅបណ្ដាញសង្គម Twitter របស់លោក ត្រាំ លោក រូហានី បានពន្លះមេដឹកនាំអាមេរិករូបនេះធ្ងន់ៗ និងបានប្រាប់វិញថា អាមេរិកគ្មានសិទ្ធិអ្វីដើម្បីដើរតួជាអ្នកការពារសិទ្ធិប្រជាជនអ៊ីរ៉ង់ទេ ព្រោះលោក ត្រាំ ផ្ទាល់ធ្លាប់ហៅពួកគេជាក្រុមភេរវករ។ មេដឹកនាំអ៊ីរ៉ង់ក៏ប្រាប់ឲ្យអាមេរិក មិនត្រូវលូកលាន់កិច្ចការផ្ទៃក្នុងអ៊ីរ៉ង់ឡើយ ហើយប្រជាជនអ៊ីរ៉ង់ក៏មិនត្រូវការអាមេរិកដែរ។
Tag:
អ៊ីរ៉ង់
ហាសាន់ រូហានី
Ayatollah Ali Khamenei
© រក្សាសិទ្ធិដោយ thmeythmey.com