រថយន្ត
អន្តរជាតិ
ព្រឹត្តិការណ៍​ធំៗ​ចំនួន​១៥​ទាក់ទង​នឹង​រថយន្ត​នៅលើ​ពិភពលោក​ក្នុង​ឆ្នាំ​២០១៨​នេះ​
01, Jan 2018 , 6:59 pm        
រូបភាព
ដោយ: ធីតា
​សម្រាប់​អ្នក​ស្រឡាញ់​រថយន្ត​មួយចំនួន​នៅលើ​ពិភពលោក កាលវិភាគ​នានា​ទាក់ទង​នឹង​ព្រឹត្តិការណ៍​រថយន្ត​ពិត​ជាមាន​សារសំខាន់​ខ្លាំងណាស់ ពីព្រោះ​ពួកគេ​អាច​ទទួលបាន​ព័ត៌មាន​ថ្មីៗ ក៏ដោយ​ជា​ការវិវត្ត​នៃ​ចុងក្រោយ​នៃ​បច្ចេកវិទ្យា​។



​យោងតាម​ការផ្សាយ​ក្នុង​ខ្ទង់​យានយន្ត​របស់​គេហទំព័​រ www.msn.com នា​ឆ្នាំ​២០១៨​នេះ ព្រឹត្តិការណ៍​យានយន្ត ក្នុងនោះ​រួមមាន​ពិ​ព័រ​ណ៌​យានយន្ត ទិវា​យានយន្ត ក៏ដូចជា​ជំនួប​រវាង​អ្នកជំនាញ និង​អ្នកប្រើប្រាស់​យានយន្ត មាន​យ៉ាងហោចណាស់​១៥​លើក​ធំៗ នៅ​ជុំវិញ​ពិភពលោក

​កម្មវិធី​ទាំងនោះ​មានដូចជា​៖

១. Detroit Motor Show ពីថ្ងៃ​ទី​១៤ ដល់​ថ្ងៃទី​២៨ ខែមករា​៖ កម្មវិធី​នេះ មានឈ្មោះ​ដើម​ថា North American International Auto Show (NAIAS) ដែល​ត្រូវ​រៀបចំ​នៅ​មជ្ឈមណ្ឌល Cobo Center ក្រុង Detroit រដ្ឋ Michigan សហរដ្ឋអាមេរិក​។



២. Retromobile  ពីថ្ងៃ​ទី​៧ ដល់​ថ្ងៃទី​១១ ខែកុម្ភៈ​៖ រៀបចំ​នៅ​មណ្ឌល​ពិ​ព័រ​ណ៌ Porte de Versailles ក្រុងប៉ារីស ប្រទេស​បារាំង​។ ពិ​ព័រ​ណ៌​នេះ បង្ហាញ​ពី​ប្រភេទ​រថយន្ត​ដែល​ឈានមុខ​គេ​ក្នុងការ​ដេញថ្លៃ ដែល​រៀបចំ​ដោយ​ភ្នាក់ងារ Arturial​។​



៣. International Geneva Motor Show  ពីថ្ងៃ​ទី​៨ ដល់​ថ្ងៃទី​១៨ ខែមីនា​៖ ជា​មហោស្រព​យានយន្ត​ដែល​ត្រូវបាន​រៀបចំ​ឡើងជា​លើកដំបូង​នៅ​ឆ្នាំ​១៩០៥ ។ ឈានដល់​ការ​ប្រារព្ធ​ខួប​លើក​ទី​៨៨ ព្រឹត្តិការណ៍​ដែល​ប្រព្រឹត្ត​ទៅជា​រៀងរាល់ឆ្នាំ​នៅ​ក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វី​ស​មួយ​នេះ នឹង​បង្ហាញ​ប្រភេទ​រថយន្ត​ទំនើបៗ​។​



៤. Techno Classica Essen  ពីថ្ងៃ​ទី​២១ ដល់​ថ្ងៃទី​២៥ ខែមីនា​៖ ជា​ព្រឹត្តិការណ៍​ពិ​ព័រ​ណ៌​រថយន្ត​ដ៏​ធំ​បំផុត​នៅ​អាល្លឺម៉ង់ ដោយ​កាលពី​ឆ្នាំ​២០១៧ ទាក់ទាញ​អ្នកទស្សនា​ជាង​១៨៥ ០០០​នាក់​ពី​៤១​ប្រទេស ហើយ​រថយន្ត​ជាង​២៧០០​គ្រឿង​ត្រូវបាន​ដាក់តាំង​លក់​។​



៥. Retro Classics  ពីថ្ងៃ​ទី​២២ ដល់​ថ្ងៃទី​២៥ ខែមីនា​៖ ជា​ពិព័រណ៍​រថយន្ត​ដ៏​អស្ចារ្យ​នៅ​អឺរ៉ុប ដែល​រៀបចំ​នៅក្នុង Stuttgart ទឹកដី​របស់ Porshe និង Mercedes-Benz​។ ក្នុងចំណោម​រថយន្ត​ជាង​៣៥០០​គ្រឿង ដែល​ត្រូវបាន​ដាក់តាំង​កាលពី​ឆ្នាំមុន ភាគច្រើន មាន​ម្ចាស់​រួចទៅហើយ​។​



៦. Top Marques  ពីថ្ងៃ​ទី​១៩ ដល់​ថ្ងៃទី​២២ ខែមេសា​៖ វា​ជា​ព្រឹត្តិការណ៍​លើក​ទី​១៥ ដែល​រៀប​ចំនា​អំឡុង​វេទិកា Grimaldi Forum នៅ​ប្រទេស​ម៉ូ​ណា​កូ​។ ក្រៅពី​ការបង្ហាញ​ម៉ាក​រថយន្ត​ទំនើបៗ អ្នកចូលរួម​ក៏​អាច​មើលឃើញ​ផងដែរ​នូវ​គ្រឿងអលង្ការ នាឡិកា ក៏ដូចជា​នាវា ដែល​បំពាក់​ដោយ​បច្ចេកវិទ្យា​ចុងក្រោយ​។​



៧. Worthersee Treffen ពីថ្ងៃ​ទី​៩ ដល់​ថ្ងៃទី​១៣ ខែឧសភា​៖  វា​ជា​ព្រឹត្តិការណ៍​ប្រចាំឆ្នាំ​ដែល​រៀបចំ​លើកដំបូង​តាំងពី​ឆ្នាំ​១៩៨១ នៅ​ក្រុង Reifnitz ប្រទេស​អូទ្រីស​។ ព្រឹត្តិការណ៍​នេះ បង្ហាញ​ទាំង​រថយន្ត​ចាស់ និង​រថយន្ត​ថ្មី​របស់​ក្រុមហ៊ុន Volkswagen​។​



៨. Mille Miglia  ពីថ្ងៃ​ទី​១៦ ដល់​ថ្ងៃទី​១៩ ខែឧសភា​៖ វា​ជាការ​រំលឹក​ដល់​ប្រភេទ​រថយន្ត​កីឡា Mille Miglia ដែល​ទទួលបាន​ជោគជ័យ​ដ៏​ធំធេង​ចន្លោះ​ពី​ឆ្នាំ​១៩២៧ ដល់​ឆ្នាំ​១៩៥៧ ។ បន្ទាប់ពី​មាន​ករណី​គ្រោះថ្នាក់​នៅ​ឆ្នាំ​១៩៥៧ ព្រឹត្តិការណ៍​នេះ​ត្រូវបាន​ហាមឃាត់ រហូតដល់​ចាប់ផ្តើម​ឡើងវិញ​ចាប់ពី​ឆ្នាំ​១៩៧៧ នៅ​ប្រទេស​អ៊ីតាលី​។​



៩. Goodwood Festival of Speed   ពីថ្ងៃ​ទី​១២ ដល់​ថ្ងៃទី​១៥ ខែកក្កដា​៖ ជា​ទិវា​នៃ​ការបង្ហាញ​ម៉ូ​ដែល​រថយន្ត​ដែលមាន​ល្បឿន​លឿន​។ ទិវា​ដែល​រៀបចំ​ជា​រៀងរាល់ឆ្នាំ​នៅ​ក្រុង Sussex ចក្រភព​អង់គ្លេស​មួយ​នេះ ក៏មាន​ការចូលរួម​ផងដែរ​ពី​សំណាក់​អ្នកបើកបរ​រថយន្ត​ល្បីៗ ក៏ដូចជា​ប្រទេស​រថយន្ត​ដែល​បាន​សាង​កេរ​ឈ្មោះ​ក្នុង​ប្រវត្តិសាស្ត្រ​។​



១០. CarFest  ក្នុងអំឡុង​ខែកក្កដា និង​ខែសីហា​៖ ជា​ព្រឹត្តិការណ៍​ដែល​រៀបចំ​នៅ​ទីតាំង​ផ្សេងៗ​គ្នា​នៅ​ចក្រភព​អង់គ្លេស​។ វា​ជា​ជំនួប​ជា​លក្ខណៈ​គ្រួសារ​របស់​បណ្តា​អ្នក​ស្រឡាញ់​រថយន្ត ដោយមាន​ការប្រគំ​តន្ត្រី ការបោះ​តង់ ការលេង​ល្បែង​កម្សាន្ត និង​ការស្វែងរក​មូលនិធិ​ជួយ​ដល់​កុមារ​ផងដែរ​។​



១១. Pebble Beach Concours d'Elegance   នៅ​ថ្ងៃទី​២៦ ខែសីហា​៖ នេះ​ជា​ព្រឹត្តិការណ៍​លំដាប់​ពិភពលោក​ដែល​ផ្តួចផ្តើមឡើង​តាំងពី​ឆ្នាំ​១៩៥០​មក​នៅ​ឆ្នេរ Pebble ក្នុង​រដ្ឋកា​លី​ហ្វ​នីញ៉ា សហរដ្ឋអាមេរិក​។ វា​មិនមែនជា​ការប្រកួតប្រជែង​លើ​ល្បឿន​នោះឡើយ ប៉ុន្តែ​ផ្តោត​ជាពិសេស​លើ​សោភ័ណ និង​ភាពឆើតឆាយ​នៃ​រថយន្ត​ដែល​បាន​ចូលរួម​។​



១២. Goodwood Revival   ពីថ្ងៃ​ទី​៧ ដល់​ថ្ងៃទី​៩ ខែកញ្ញា​៖ នេះ​ជា​ព្រឹត្តិការណ៍​យានយន្ត​កីឡា​លំដាប់​ពិភពលោក ដែល​បាន​ពី​រថយន្ត​ដែលមាន​ល្បឿន​លឿន ទាន់សម័យ និង​យានយន្ត​ប្រណាំង​ផ្សេងៗ​។ តំបន់ Goodwood ចក្រភព​អង់គ្លេស​ជាទី​តាំង​នៃ​ព្រឹត្តិការណ៍​។​



១៣. Les Grand Heures Automobiles   ពីថ្ងៃ​ទី​២៨ ដល់​ថ្ងៃទី​៣០ ខែកញ្ញា​៖ ជា​ព្រឹត្តិការណ៍​ថ្មី​ដែល​ទើប​ឈានចូល​ឆ្នាំ​ទី​៤​ក្នុង​ឆ្នាំ​២០១៨​នេះ​។ ព្រឹត្តិការណ៍​នេះដែរ រៀបចំ​នៅ​ជាយក្រុង​ប៉ារីស ដែលមាន​ការចូលរួម​ពី​រថយន្ត​ចាស់ៗ និង​កម្រ​។​



១៤. Paris Motor Show   ពីថ្ងៃ​ទី​៤ ដល់​ថ្ងៃទី​១៤ ខែតុលា​៖  ព្រឹត្តិការណ៍​នេះ មានឈ្មោះ​ជា​ភាសា​បារាំង​ថា Mondial de l’Aumobile ដែល​រៀបចំឡើង​នៅ​មណ្ឌល​ពិ​ព័រ​ណ៌ Porte de Versailles ក្នុង​ក្រុងប៉ារីស ដោយ​ឆ្នាំ​២០១៨ ឈានដល់​ការ​ប្រារព្ធ​ខួប​លើក​ទី​១២០​។​



១៥. ក្លិប​យានយន្ត​ក្រុង​ឡុង​ដ៍ និង Brighton (RAC London to Brighton Veteran Car Run) នៅ​ថ្ងៃទី​៤ ខែវិច្ឆិកា​៖ ជា​ព្រឹត្តិការណ៍​ដែលមាន​កំណើត​តាំងពី​ឆ្នាំ​១៨៩៦​មក​ម្ល៉​៉េះ​។ រថយន្ត​ដែល​អាច​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ ត្រូវមាន​អាយុកាល​មុន​ឆ្នាំ​១៩០៥ ។ នៅលើ​ឧទ្យាន Hyde Park កណ្តាល​ក្រុង​ឡុង​ដ៍ កាលពី​ឆ្នាំមុន មាន​រថយន្ត​ចំណាស់​ជាង​៤០០​គ្រឿង ចូលរួម​បង្អួតរាង​ដ៏​ស្រស់ស្អាត​របស់ខ្លួន​៕




© រក្សាសិទ្ធិដោយ thmeythmey.com