អន្តរជាតិ
តុលាការថៃដាក់ទោសបុរសម្នាក់ជាប់គុក ១៣២៧៥ឆ្នាំ រូបភាព៖ Getty Images
× កាលពីចុងសប្ដាហ៍មុន តុលាការព្រហ្មទណ្ឌរបស់ថៃបានកាត់ទោសបុរសម្នាក់ឲ្យជាប់ពន្ធនាគារដល់ទៅ ១៣២៧៥ឆ្នាំ ពីបទបោកប្រាស់លុយចំនួន៥៧៤លានបាត ស្មើនឹងជាង១៧,៦៦លានដុល្លារពីជនរងគ្រោះចំនួន២៦០០នាក់។ យ៉ាងណាមិញ ទណ្ឌិតឈ្មោះ Phudit Kittitradilok នឹងត្រូវអនុវត្តទោសតែ២០ឆ្នាំប៉ុណ្ណោះ ដោយសារច្បាប់ថៃកំណត់ឲ្យរយៈពេលអនុវត្តទោសយូរបំផុតត្រឹម១០ឆ្នាំ មិនថាបទល្មើសអ្វីឡើយ។
រាជអាជ្ញាថៃបានប្រាប់តុលាការថា ចន្លោះពីខែសីហា ឆ្នាំ២០១៥ ដល់ខែកញ្ញា ឆ្នាំ២០១៦ Phudit Kittitradilok រួមនឹងគូកន និងក្រុមហ៊ុនឈ្មោះ The System Plug and Play and Innovision Holding បានបើកសិក្ខាសិលាមួយដោយបានអញ្ជើញប្រជាជនឲ្យរកស៊ីជាមួយខ្លួនលើមុខជំនួញដូចជា ការថែរក្សាសម្រស់ ការនាំចេញ ការអភិវឌ្ឍអចលនទ្រព្យ និងការប្ដូរប្រាក់បរទេស។ នេះបើបើតាមការផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។
ប្រភពព័ត៌មានដដែលបន្តថា ប្រជាជនទាំងនោះត្រូវបានសន្យាថា នឹងទទួលបានកម្រៃត្រឡប់វិញចំនួន១ភាគរយក្នុងមួយសប្ដាហ៍ បូកនឹងប្រាក់វិនិយោគថ្មីចំនួន៥ភាគរយ សម្រាប់អ្នកដែលអាចស្វែងរកសមាជិកថ្មីបន្ថែមទៀត។ ប៉ុន្តែ ជនឈ្មោះ Phudit នេះ ត្រូវបានចាប់ខ្លួនក្នុងខែសីហា ឆ្នាំ២០១៧ បន្ទាប់ពីមានការដាក់បណ្ដឹង។ នៅថ្ងៃទី២៩ ខែធ្នូ តុលាការថៃបានបើកសវនាការជម្រះក្ដីលើករណីនេះតែម្ដង។
តុលាការថៃរកឃើញថា ជនខាងលើនេះមានកំហុសចំនួន២៦៥៣ករណីលើសំណុំរឿងបោកប្រាស់នេះ។ តុលាការព្រហ្មទណ្ឌបានកាត់ទោសឲ្យ Phudit ដែលមានអាយុ៣៤ឆ្នាំ ជាប់ពន្ធនាគារចំនួន៥ឆ្នាំក្នុងមួយករណី ដែលនេះមានន័យថា រូបគេត្រូវជាប់ពន្ធនាគារដល់ទៅ១៣២៦៥ឆ្នាំ។ តុលាការក៏រកឃើញថា Phudit មានកំហុសលើករណីលាងលុយកខ្វក់ដែលត្រូវបានជាប់ទោស១០ឆ្នាំ។ ដូចនេះ Phudit ត្រូវបានជាប់ពន្ធនាគារសរុបចំនួន១៣២៧៥ឆ្នាំ។
យ៉ាងណាមិញ ដោយសារជនល្មើសរូបនេះសារភាពកំហុស តុលាការថៃក៏បន្ថយទោសពាក់កណ្ដាលវិញ គឺនៅសល់ត្រឹម៦៦៧៣ឆ្នាំ និង៦ខែ។ ជាសំណាង Phudit ត្រូវអនុវត្តទោសតែ២០ឆ្នាំប៉ុណ្ណោះ ព្រោះក្រមព្រហ្មទណ្ឌថៃកំណត់ថា ទោសអតិបរមាសម្រាប់បទល្មើសទាំងឡាយ គឺ១០ឆ្នាំ។ ដោយឡែក ក្រុមហ៊ុនខាងលើក៏ត្រូវរងពិន័យទឹកប្រាក់ចំនួនជាង២០លានដុល្លារ ខណៈដែលទណ្ឌិត Phudit និងក្រុមហ៊ុន ក៏ត្រូវបញ្ជាឲ្យសងប្រាក់ចំនួនជាង១៧លានដុល្លារទៅឲ្យជនរងគ្រោះ២៦៥៣នាក់ ជាមួយអត្រាការប្រាក់ប្រចាំឆ្នាំចំនួន៧ភាគរយ។
ក្រោយការកាត់ទោសនេះ លោក Samart Jenchaijitwanich សកម្មជនប្រឆាំងការបោកប្រាស់បែបនេះ អះអាងថា សំណុំរឿងខាងលើពាក់ព័ន្ធការបោកប្រាស់ទឹកប្រាក់ជាង១៦២លានដុល្លារឯណោះ ដោយមានសមាជិកជាង៤ម៉ឺននាក់។ លោកអះអាងថា ក្រៅពីជនរងគ្រោះខាងលើ ជនរងគ្រោះផ្សេងទៀតនឹងដាក់ពាក្យបណ្ដឹងទៅតុលាការដើម្បីទារសំណង៕
Tag:
ថៃ
Phudit Kittitradilok
© រក្សាសិទ្ធិដោយ thmeythmey.com