រថយន្ត
អន្តរជាតិ
រថយន្ត​Mercedes មួយគ្រឿង​របស់ អ៊ី​ត្លែរ ដាក់លក់​ដេញថ្លៃ​នៅ​អាមេរិក​នា​ថ្ងៃទី​១៧ ខែមករា​
01, Jan 2018 , 8:39 pm        
រូបភាព
ដោយ: ធីតា
​ក្រុមហ៊ុន Worldwide Auctioneers បានប្រកាស​ពី​ការដាក់​លក់​ចេញថ្លៃ​រថយន្ត Mercedes ដ៏​ទំនើប​មួយគ្រឿង​របស់​អតីត​មេដឹកនាំ​ផ្តាច់កា​រណា​ហ្ស៊ី​អាល្លឺម៉ង់ អា​ដូ​ហ្វ អ៊ី​ត្លែរ ក្នុង​រថយន្ត​ផ្សេងៗ​ទៀត​។ ពិធី​ចេញថ្លៃ​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០១៨​នេះ នៅ​ក្រុង Scottsdale រដ្ឋ Arizona សហរដ្ឋអាមេរិក​។​



​រថយន្ត Mercedes-Benz 770K Grosser Offener Tourenwagen ដែល​ផលិត​នៅ​ឆ្នាំ​១៩៣៩ ត្រូវបាន​ចាត់ទុកជា​ម៉ូ​ដែល​កំពូល «Super Mercedes» និង​ស្ថិត​ក្នុងចំណោម​ម៉ូ​ដែល​ចំនួន​៤​ប៉ុណ្ណោះ ដែល​ត្រូវបាន​ផលិតឡើង​តែមួយ​លើក​គត់​នា​អំឡុង​ឆ្នាំ​១៩៣៩ ។​

​អា​ដូ​ហ្វ អ៊ី​ត្លែរ បាន​ប្រើប្រាស់​រថយន្ត Mercedes-Benz 770K Grosser ដែលមាន​ល្បឿន​១៦០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​នេះ នា​ក្បួន​ដង្ហែរ​ជ័យជម្នះ​នៅ​ទីក្រុង​ប៊ែ​រ​ឡាំង​បន្ទាប់ពី​កាន់កាប់​បាន​ទីក្រុង​របស់​បារាំង​នា​ឆ្នាំ​១៩៤០ និង​ប្រើប្រាស់​នា​អំឡុង​ទស្សនកិច្ច​របស់​អតីត​មេដឹកនាំ​អ៊ីតាលី Benito Mussolini​។​

​នា​អំឡុង​ប្រតិបត្តិការ​យោធា​មួយ​នៅ​បារាំង​នា​ឆ្នាំ​១៩៤៥ កងទ័ព​អាមេរិក បាន​រឹបអូស​រថយន្ត​នេះ​បាន​។ បើតាម​ការផ្សាយ AFP រថយន្ត​នេះ ធ្លាប់​ត្រូវបាន​ទិញ​រយៈពេល​ខ្លី​នៅ​បែលហ្ស៊ិក បន្ទាប់មក គេ​បាន​ប្រទះឃើញ​នៅ​សហរដ្ឋអាមេរិក និង​អឺរ៉ុប​។​

​តាម​ការផ្សាយ​របស់​សារព័ត៌មាន​មួយចំនួន រថយន្ត​នេះ ក៏​ធ្លាប់​ធ្លាក់​ក្នុង​ដៃ​របស់​មហាសេដ្ឋី​រុស្ស៊ី​មួយរូប​ផងដែរ ប៉ុន្តែ​គេ​មិនបាន​បង្ហើប​ពី​តម្លៃ​ដែល​ចេញថ្លៃ​បាន​នោះឡើយ​។ ក្រុមហ៊ុន Worldwide Auctionneers ក៏​មិនបាន​បញ្ជាក់​ពី​អត្តសញ្ញាណ​ម្ចាស់​រថយន្ត​ដែល​ដាក់លក់​ចេញថ្លៃ​នោះឡើយ ដោយ​គ្រាន់តែ​អះអាងថា ទឹកប្រាក់​១០​ភាគរយ​ដែល​ទទួលបាន​ពី​ការលក់ នឹង​យកទៅ​បរិច្ចាគ​សម្រាប់​យុទ្ធនា​ការអប់រំ​ស្តីពី​គ្រោះថ្នាក់​នៃ​របប​ណា​ហ្ស៊ី​៕


© រក្សាសិទ្ធិដោយ thmeythmey.com