អន្តរជាតិ
ហ្ស៊​កដា​នី​បដិសេធ​ព័ត៌មាន​ចាប់ខ្លួន​ក្សត្រ​ពីរ​អង្គ​ដែល​ឃុបឃិត​ជាមួយ​អា​រ៉ា​ប៊ី​សា​អូឌីត​រៀបចំ​រដ្ឋប្រហារ​
01, Jan 2018 , 4:56 pm        
រូបភាព
ដោយ: ថ្មីៗ
​ហ្ស៊​កដា​នី​ទាត់ចោល​ពាក្យ​ចរចា​ម​អា​រ៉ា​ម​រឿង​ចាប់​ព្រះអណុជ​ពីរ​អង្គ​របស់​ព្រះមហាក្សត្រ អាប់​ឌុល​ឡា ដែល​លួច​បង្កើត​ទំនាក់ទំនង​ជាមួយ​មន្ត្រី​អា​រ៉ា​ប៊ី​សា​អូឌីត​ដើម្បី​ធ្វើ​រដ្ឋប្រហារ​។ រដ្ឋាភិបាល​នេះ​អះអាងថា ក្សត្រ​ពីរ​អង្គ​សុំលាលែង​ពី​តំណែង​ប៉ុណ្ណោះ មិនមែន​ចាប់ខ្លួន​ដូច​ការអះអាង​ឡើយ​។​



​ក្រោយ​បែកធ្លាយ​ព័ត៌មាន​ពាក់ព័ន្ធ​ការចាប់ខ្លួន​ព្រះអណុជ​ពីរ​របស់​ព្រះ​ចៅ អាប់​ឌុល​ឡា អាជ្ញាធរ​ហ្ស៊​កដា​នី​បាន​ចេញមុខ​បកស្រាយ និង​ទាត់ចោល​ព័ត៌មាន​នេះ​។ បើ​យោងតាម​សារព័ត៌មាន Times of Israel ដែល​ស្រង់​សម្តី​មន្ត្រី​យោធា​ហ្ស៊​កដា​នី ក្សត្រ​ពីរ​អង្គ​ដែល​គេ​អះអាងថា​ត្រូវបាន​ចាប់ខ្លួន​នោះ គ្រាន់តែ​ចូលនិវត្តន៍​ប៉ុណ្ណោះ​។​

​មន្ត្រី​យោធា​ហ្ស៊​កដា​នី​ក៏បាន​ពន្យល់​បន្ថែម​ផងដែរ​ថា ការចូលនិវត្តន៍​រប​ស់​ក្សត្រ​ទាំងពីរ​អង្គ​នេះ​ជា​ផ្នែក​មួយ​នៃ​គោលនយោបាយ​កែទម្រង់​ក្នុង​វិស័យ​យោធា​ដែល​ត្រូវ​ឲ្យ​មានការ​ផ្លាស់ប្តូរ​មុខតំណែង​មួយចំនួន​ផង​។ ប៉ុន្តែ​តាំងពី​មាន​ពាក្យ​ចរចា​អា​រ៉ា​ម​ពាក់ព័ន្ធ​ការចាប់ខ្លួន​នេះ គេ​មិនទាន់​បានឃើញ​ព្រះអណុជ​ទាំងពីរ​អង្គ​នោះ​បង្ហាញ​វត្តមាន​ជា​សាធារណៈ​នៅឡើយ​ទេ​។​

​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ការចាប់ខ្លួន​នេះ ត្រូវបាន​គេ​ផ្សព្វផ្សាយ​យ៉ាង​ទូលំទូលាយ​កាលពី​ចុង​សប្តាហ៍​កន្លងទៅ​។ គេ​អះអាងថា ព្រះ​ចៅ​អាប់​ឌុល​ឡា បានចេញ​បញ្ជា​ដោយផ្ទាល់​ឲ្យ​ចាប់ខ្លួន​ព្រះអណុជ​ទាំងពីរ ក្រោយ​ពេលដែល​ទ្រង់​ទទួលបាន​ព័ត៌មាន​ពី​ភ្នាក់ងារ​ចារកម្ម​ថា ក្សត្រ​ទាំងពីរ​មាន​ទំនាក់ទំនង​ជាសម្ងាត់​ជាមួយ​មន្ត្រី​អា​រ៉ា​ប៊ី​សា​អូឌីត​។ ក្សត្រ​ពីរ​អង្គ​ដែលជា​ប្អូន​របស់​ព្រះ​ចៅ​អាប់​ឌុល​ឡា​នោះ​មានដូចជា Faisal bin Hussein និង Ali bin Hussein​។ 

​ហ្ស៊​កដា​នី​ក៏ដូចជា​បណ្តា​ប្រទេស​ដទៃទៀត​នៅក្នុង​តំបន់​មជ្ឈិមបូព៌ា​ដែរ សុទ្ធតែ​បារម្ភ និង​សង្ស័យ​ពី​គោលបំណង​របស់​អា​រ៉ា​ប៊ី​សា​អូឌីត​ក្នុងការ​បង្កើន​ឥទ្ធិពល និង​អំណាច​របស់ខ្លួន​ដើម្បី​គ្រប់គ្រង​តំបន់​។ ដូច​ឃើញស្រាប់​ការបន្ត​ប្រឈមមុខគ្នា​ជាមួយ​អ៊ីរ៉ង់ ក៏ដូចជា​បន្ត​ចោទប្រកាន់ និង​ហ៊ុមព័ទ្ធ​កាតា​ដែលមាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​អ៊ីរ៉ង់​កន្លងមក​ដែរ​៕
​    ​


Tag:
 ហ្ស៊​កដា​នី​
  អា​រ៉ា​ប៊ី​សា​អូឌីត​
  អាប់​ឌុល​ឡា
© រក្សាសិទ្ធិដោយ thmeythmey.com