អន្តរជាតិ
ប្រាយុទ្ធ គំរាមផ្អាកការបោះឆ្នោតខែវិច្ឆិកា បើប្រទេសមិនមានសណ្ដាប់ធ្នាប់ទេនោះ រូបភាព៖ The Nation
× មេដឹកនាំរបបសឹកថៃ ប្រាយុទ្ធ ចន្ទអូចា បានគំរាមមិនរៀបចំការបោះឆ្នោតទូទៅខែវិច្ឆិកាឡើយ បើស្ថានការណ៍ក្នុងស្រុកមិនល្អប្រសើរ ហើយសង្គមគ្មានសណ្ដាប់ធ្នាប់ទេនោះ។ លោក ប្រាយុទ្ធ និយាយបែបនេះ ដោយចង់សំដៅដល់អ្នកនយោបាយក្នុងស្រុកដែលនៅមានគំនិតរករឿងគ្នា រួចបង្កបញ្ហាក្នុងប្រទេស។ ឧត្តមសេនីយ៍ ប្រាយុទ្ធ ក៏ទាត់ចោលព័ត៌មានថា លោកចង់បង្កើតបក្សដើម្បីចូលរួមការបោះឆ្នោតពេលខាងមុខដែរ។
ខណៈដែលស្ថានការណ៍ទូទៅនៅក្នុងប្រទេសថៃ មានភាពល្អប្រសើរ ហើយអាជ្ញាធរអះអាងថា ប្រទេសមានសន្តិភាពនោះ នាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចន្ទអូចា បែរជាគំរាមលុបចោលការបោះឆ្នោតខែវិច្ឆិកាទៅវិញ។ លោក ប្រាយុទ្ធ អះអាងថា បើប្រទេសមិនមានសណ្ដាប់ធ្នាប់ទេ នោះការបោះឆ្នោតក៏មិនអាចកើតឡើងបានដែរ។ ប៉ុន្តែលោកមិនមាននិយាយឲ្យចំឈ្មោះអ្នកណាដែលមានបំណងបង្កបញ្ហាក្នុងប្រទេសឡើយ។
បើតាមកាសែតថៃ The Nation មេដឹកនាំរដ្ឋប្រហារឆ្នាំ២០១៤ រូបនេះបញ្ជាក់ថា៖ «បើចង់បានការបោះឆ្នោត អ្នកត្រូវរក្សាសណ្ដាប់ឲ្យរៀបរយ។ ខ្ញុំមិនអាចរៀបចំការបោះឆ្នោតបានទេ បើបញ្ហានៅតែមាន ហើយខ្ញុំមិនអាចទទួលខុសត្រូវលើបញ្ហាទាំងនោះឡើយ»។ លោកបន្តថា សម្ដីព្រមានរបស់លោកមិនមែនមានន័យថា លោកចង់ពន្យារពេលបោះឆ្នោតឡើយ តែចង់ប្រាប់ឲ្យមនុស្សទាំងអស់ កុំបង្កបញ្ហា ព្រោះប្រជាជនមិនគាំទ្រមនុស្សបង្ករឿងឡើយ។
ទោះជាមិននិយាយឲ្យចំឈ្មោះ គេអាចយល់បានថា លោកឧត្តមសេនីយ៍ ប្រាយុទ្ធ ចង់ណែនាំទៅកាន់បក្សនយោបាយធំទាំងពីររបស់ថៃ គឺបក្សភឿថៃ និងបក្សប្រជាធិបតេយ្យ។ កន្លងមក លោក ប្រាយុទ្ធ ធ្លាប់រិះគន់បក្សទាំងពីរនេះខ្លាំងៗ ដោយថា បក្សទាំងពីរនេះស្នើឲ្យអ្នកគាំទ្រប្រមូលផ្ដុំតាមផ្លូវប្រឆាំងគ្នាទៅវិញទៅមកអស់ពេលរាប់សិបឆ្នាំមកហើយ។ ដោយសារជម្លោះរវាងអ្នកនយោបាយនេះ ទើបលោក ប្រាយុទ្ធ ដែលចាត់ទុកខ្លួនឯងជាកម្លាំងអព្យាក្រឹត ធ្វើរដ្ឋប្រហារបញ្ចប់បញ្ហាតែម្ដង។
ជុំវិញបញ្ហានេះ ប្រមុខរបបសឹកថៃបានចោទជាសំណួរថា តើមានចាំទេថា បក្សទាំងពីរនេះបានធ្វើអ្វីខ្លះពីអតីតកាល? ខ្ញុំមិនយល់ហេតុអ្វីពេលនេះពួកគេបែរជាវាយប្រហារខ្ញុំទៅវិញ។ លោក ប្រាយុទ្ធ ចង់រិះគន់អ្នកនយោបាយបក្សទាំងពីរដែលមិនពេញចិត្តការកែប្រែច្បាប់ស្ដីពីគណបក្សនយោបាយ ត្រង់ចំណុចដែលឲ្យបក្សនយោបាយបញ្ជាក់ពីសមាជិកភាពរបស់សមាជិកចំនួន៥០០នាក់ចាំចាច់ក្នុងបង្កើតបក្សថ្មី។
ជាមួយនឹងការទាត់ចោលពាក្យរិះគន់ថាលោកបង្កើតឧបសគ្គបក្សនយោបាយផ្សេង លោក ប្រាយុទ្ធ ក៏បដិសេធព័ត៌មានថា លោកបានបង្កើតបក្សនយោបាយដើម្បីរក្សាអំណាច ក្រោយការបោះឆ្នោតខែវិច្ឆិកា។ បើតាមនាយករដ្ឋមន្ត្រីរូបនេះ ប្រជាជនទាំងអស់សុទ្ធតែអាចបង្កើតបក្សនយោបាយបាន ហើយបើបក្សនោះមានបេក្ខជនល្អ អ្នកបោះឆ្នោតជ្រើសរើសបក្សនោះ។ ហេតុអ្វីបានជាចេះតែខ្លាចលោកមួយដូច្នេះ?
Tag:
ថៃ
ប្រាយុទ្ធ ចន្ទអូចា
© រក្សាសិទ្ធិដោយ thmeythmey.com