អន្តរជាតិ
ម៉ាក្រុង នឹងរឹតបន្តឹងប្រព័ន្ធផ្សព្វផ្សាយដើម្បីទប់ស្កាត់ព័ត៌មានក្លែងក្លាយ ប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង ក្នុងពេលជាមួយបណ្ដាសារព័ត៌មាន (រូបភាព៖ Reuters)
× ប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង បានប្រកាសនៅថ្ងៃទី៣ ខែមករា ថា លោកនឹងកែប្រែច្បាប់គ្រប់គ្រងសារព័ត៌មានក្នុងឆ្នាំ២០១៨ នេះ ដើម្បីប្រយុទ្ធប្រឆាំងការសាយភាយព័ត៌មានមិនពិត។ បើតាមលោក ម៉ាក្រុង ការកែប្រែច្បាប់នេះ មានគោលដៅការពារប្រជាធិបតេយ្យ ដែលរងការគំរាមកំហែងពីសំណាក់ព័ត៌មានក្លែងក្លាយទាំងនោះ។ លោកក៏ណែនាំមន្ត្រីឲ្យនៅឆ្ងាយពីក្រុមអ្នកសារព័ត៌មានផងដែរ។
ចំពោះមុខក្រុមអ្នកសារព័ត៌មានជាច្រើននៅវិមាន Elysee នៅថ្ងៃទី៣ ខែមករា ប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង បានប្រកាសជំហររឹតបន្តឹងប្រព័ន្ធផ្សព្វផ្សាយដើម្បីទប់ស្កាត់ការរីករាលដាលព័ត៌មានមិនពិត ជាពិសេសអំឡុងពេលបោះឆ្នោត។ លោក ម៉ាក្រុង និយាយថា លោក និងក្រុមការងាររបស់លោក ក្លាយជាជនរងគ្រោះនៃព័ត៌មានក្លែងក្លាយ និងការលួច Hack ដ៏ធំមួយកាលពីយុទ្ធនាការបោះឆ្នោតឆ្នាំ២០១៧ ។
យោងតាមទីភ្នាក់ងារព័ត៌មាន Xinhua លោក ម៉ាក្រុង បញ្ជាក់ថា លោកបានសម្រេចចិត្តកែប្រែប្រព័ន្ធច្បាប់ដើម្បីការពារប្រជាធិបតេយ្យពីព័ត៌មានមិនពិត ហើយអំឡុងពេលបោះឆ្នោត មាតិកានៅលើអ៊ីនធឺណិត នឹងមិនអនុវត្តច្បាប់ដូចគ្នាឡើយ។ លោក ម៉ាក្រុង ដែលចាត់ទុកព័ត៌មានមិនពិតជាការគំរាមកំហែង និងបង្កើតជាការសង្ស័យក្នុងចំណោមប្រជាជនលើអ្នកនយោបាយ និងបណ្ដាប្រព័ន្ធផ្សព្វផ្សាយ។
ច្បាប់ថ្មីដែលលោក ម៉ាក្រុង អះអាងថានឹងលេចជារូបរាងក្នុងឆ្នាំ២០១៨ នឹងបង្កើតតម្លាភាពរបស់មាតិកាដែលទទួលបានការឧបត្ថម្ភទាំងអស់ដើម្បីផ្សាយជាសាធារណៈនូវអត្តសញ្ញាណម្ចាស់ឧបត្ថម្ភ និងអ្នកនៅពីក្រោយ ក៏ដូចជាកម្រិតចំនួនអត្ថបទបែបនេះផងដែរ។ ម្យ៉ាងទៀត ច្បាប់ដដែលនេះនឹងបន្ថែមអំណាចឲ្យស្ថាប័នត្រួតពិនិត្យសារព័ត៌មាន CAS សំដៅទប់ស្កាត់ការប៉ុនប៉ងបង្កអស្ថិរភាពពីសំណាក់ប្រព័ន្ធផ្សព្វផ្សាយណាមួយ។
ក្នុងពេលអនុវត្តភារកិច្ចរបស់ខ្លួន CAS នឹងទទួលសិទ្ធិក្នុងបដិសេធ ផ្អាក ឬក៏លុបចោលកិច្ចព្រមព្រៀងជាមួយប្រព័ន្ធផ្សព្វផ្សាយទាំងនោះបាន ក្រោយត្រួតពិនិត្យលើមាតិការឿងរាប់ទាំងការបោះផ្សាយតាមប្រព័ន្ធអនឡាញផង។ ប្រព័ន្ធអនឡាញ នឹងក្លាយជាគោលដៅដំបូងគេនៃច្បាប់ថ្មីនេះ។ ក្នុងករណីបន្ទាន់នៃការកើតឡើងព័ត៌មានក្លែងក្លាយ ចៅក្រមអាចលុបចោលមាតិកានោះ លុបចោលគណនីអ្នកប្រើប្រាស់ ឬក៏ឈានដល់ការរឹតត្បិតការចូលមើលគេហទំព័រតែម្ដង។
ទន្ទឹមនឹងការរឹតបន្តឹងប្រព័ន្ធផ្សព្វផ្សាយនេះដែរ លោក ម៉ាក្រុង ក៏ប្រាប់ឲ្យមន្ត្រីរដ្ឋាភិបាល នៅឲ្យឆ្ងាយពីសារព័ត៌មាន ព្រោះមិនមែនជារឿងល្អសម្រាប់ភាគីទាំងសងខាងឡើយ។ លោកពន្យល់ថា ការកៀកកិតគ្នានាពេលកន្លងមក មិនមែនជារឿងត្រឹមត្រូវឡើយ តែលោកចង់ឲ្យមានការនិយាយគ្នាបែបស្ងាត់ៗ ជាងការអធិប្បាយផ្លូវការ៕
Tag:
បារាំង
អេម៉ានុយអែល ម៉ាក្រុង
© រក្សាសិទ្ធិដោយ thmeythmey.com