អន្តរជាតិ
លោកប្រាយុទ្ធ ៖ ខ្ញុំលែងជាទាហានហើយ តែជាអ្នកនយោបាយ
× ប្រមុខរបបសឹកថៃ ប្រាយុទ្ធ ចន្ទអូចា នៅថ្ងៃទី៣ ខែមករា បានសារភាពជាសាធារណៈថា លោកលែងជាទាហានទៀតហើយ តែជាអ្នកនយោបាយវិញម្ដង។ លោកក៏ទម្លាយដែរថា លោកមិនដែលចង់ធ្វើអ្នកនយោបាយឡើយ តែចូលពាក់ព័ន្ធនយោបាយដើម្បីស្មារតីទទួលខុសត្រូវចំពោះជាតិប៉ុណ្ណោះ។ ការសារភាពនេះធ្វើឡើង ខណៈដែលរបបសឹកថៃសន្យារៀបចំការបោះឆ្នោតទូទៅនៅខែវិច្ឆិកាខាងមុខ ហើយអ្នកវិភាគយល់ថា លោក ប្រាយុទ្ធ អាចក្លាយជានាយករដ្ឋមន្ត្រីស៊ីវិលថ្មី។
«ខ្ញុំមិនលែងជាទាហានទៀតហើយ។ ខ្ញុំជាអ្នកនយោបាយធ្លាប់បម្រើកងទ័ពម្នាក់ប៉ុណ្ណោះ។» នេះជាសម្ដីសារភាពរបស់មេដឹកនាំរបបយោធាថៃ ប្រាយុទ្ធ ចន្ទអូចា ។ នេះជាលើកដំបូងដែលលោក ប្រាយុទ្ធ និយាយត្រង់ៗចំពោះតួនាទីនយោបាយរបស់លោក បន្ទាប់ពីធ្វើរដ្ឋប្រហារដណ្ដើមអំណាចរដ្ឋាភិបាលស៊ីវិលក្នុងឆ្នាំ២០១៤ ក្នុងនាមជាមេបញ្ជាការកងទ័ពជើងគោកថៃនោះ។
បើតាមសារព័ត៌មាន The Nation អតីតមេទ័ពរូបនេះក៏អះអាងថា លោកមិនចង់ធ្វើជាអ្នកនយោបាយឡើយសូម្បីតែមួយថ្ងៃ ដ្បិតលោកមិនចង់ធ្វើនយោបាយតាំងពីដំបូងម្ល៉េះ។ ប៉ុន្តែលោកមានការចាំបាច់ដែលត្រូវប្រឡូកក្នុងវិស័យនេះ។ តាមពិតទៅ អាជីពនយោបាយនេះហើយដែលលោក ប្រាយុទ្ធ មិនចូលចិត្ត ព្រោះលោកតែងរិះគន់អ្នកនយោបាយដែលបង្កបញ្ហាក្នុងប្រទេស រហូតដល់មានរដ្ឋប្រហារកើតឡើង។
ការសារភាពរបស់លោក ប្រាយុទ្ធ គឺជារឿងកម្រ និងមិននឹកស្មានដល់ ព្រោះលោកតែងនៅឆ្ងាយពីអ្នកនយោបាយ។ ប៉ុន្តែវាកើតឡើងចំពេលនៃការវិវដ្ឋនៃដំណើការនយោបាយក្នុងប្រទេសថៃ។ ច្បាប់សំខាន់ៗទាក់ទងនឹងបោះឆ្នោតកំពុងលេចជារូបរាងជាបន្តបន្ទាប់ដើម្បីឲ្យទាន់ផែនការបោះឆ្នោតខែវិច្ឆិកា ដែលលោក ប្រាយុទ្ធ ជាអ្នកប្រកាសផ្ទាល់។ ច្បាប់ថ្មី និងរដ្ឋធម្មនុញ្ញឆ្នាំ២០១៧ ត្រូវបានអ្នកវិភាគនយោបាយថៃយល់ថា ជាយន្តការដែលរបបសឹកអាចបន្តអំណាចក្រោយការបោះឆ្នោត។
អ្នកតាមដានស្ថានការណ៍នយោបាយថៃមើលឃើញថា ឧត្តមសេនីយ៍ ប្រាយុទ្ធ ដែលដឹកនាំរបបយោធាថៃតាំងពីខែឧសភា ឆ្នាំ២០១៤ ជាអ្នកនយោបាយឈានមុខសម្រាប់តំណែងនាយករដ្ឋមន្ត្រី ខណៈដែលបក្សនយោបាយដទៃទៀតកំពុងប្រឹងប្រែងបំពេញលក្ខខណ្ឌចាំបាច់តាមច្បាប់ស្ដីពីបក្សនយោបាយ។ បក្សធំៗពីរ គឺបក្សភឿថៃ និងបក្សប្រជាធិបតេយ្យ ចោទរបបសឹកថា ប្រើច្បាប់ថ្មីដើម្បីបង្កើតឧបសគ្គឲ្យបក្សផ្សេងទៀត សំដៅកាត់បន្ថយគូប្រជែងក្នុងការបោះឆ្នោត។
ពីរថ្ងៃមុននេះ លោក ប្រាយុទ្ធ ក៏ទើបបានគំរាមមិនរៀបចំការបោះឆ្នោតទូទៅខែវិច្ឆិកាឡើយ បើស្ថានការណ៍ក្នុងស្រុកមិនល្អប្រសើរ ហើយសង្គមគ្មានសណ្ដាប់ធ្នាប់ទេនោះ។ លោក ប្រាយុទ្ធ និយាយបែបនេះ ដោយចង់សំដៅដល់អ្នកនយោបាយក្នុងស្រុក ពិសេសបក្សភឿថៃ និងបក្សប្រជាធិបតេយ្យដែលនៅមានគំនិតរករឿងគ្នា រួចបង្កបញ្ហាក្នុងប្រទេស៕
Tag:
ថៃ
ប្រាយុទ្ធ ចន្ទអូចា
© រក្សាសិទ្ធិដោយ thmeythmey.com