ជាតិ
វីដេអូ​ឯកសារស​ង្គ្រោះ​ជាតិ​របស់លោក ហ៊ុន សែន ត្រូវ​ផ្សព្វផ្សាយ​មុន​ខួបកំណើត​៧​មករា​
04, Jan 2018 , 5:06 pm        
រូបភាព
​នា​យប់​ថ្ងៃទី​៣​ខែមករា ទូរទស្សន៍​ជាតិ និង​ឯកជន ព្រមទាំង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក បាន​ផ្សព្វផ្សាយ​យ៉ាង​ទូលំទូលាយ​នូវ​វីដេអូ​ឯកសារ ដែល​ពិពណ៌នា​ការដឹកនាំ​របស់​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន រំដោះ​កម្ពុជា​ពី​របប​ខ្មែរក្រហម​។ វីដេអូ​ឯកសារ​ដែលមាន​ចំណងជើង​ថា «​ដំណើរ​ឆ្ពោះទៅរក​ការសង្គ្រោះ​ជាតិ​» ត្រូវបាន​ចែក​ផ្សាយ មុន​គណបក្ស​ប្រជាជន​កម្ពុជា​របស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រារព្ធ​ខួប​ទី​៣៩​នៃ​ទិវា​ជ័យជម្នះ​លើ​របប​ខ្មែរក្រហម​កាលពី​ថ្ងៃទី​៧​ខែមករា​ឆ្នាំ​១៩៧៩​។



​នៅ​ម៉ោង​៩​យប់ នៃ​ថ្ងៃទី​២០​ខែមិថុនា​ឆ្នាំ​១៩៧៧ មេបញ្ជាការ​កងវរសេនាធំ​លេខ​៩២ ហ៊ុន សែន បានធ្វើ​សេចក្តីសម្រេចចិត្ត​ដ៏​គ្រោះថ្នាក់ ដោយ​នាំ​យុទ្ធ​មិត្ត​៤​នាក់​ទៀត​ចាកចេញ​ដោយ​ថ្មើរជើង​ពី​បន្ទាយ ពី​ប្រទេស​កំណើត និង​ពី​គ្រួសារ​ឆ្ពោះទៅ​ទិសខាងកើត​ដើម្បី​ចូលទៅ​ប្រទេស​វៀតណាម​។ គោលបំណង​របស់​មេបញ្ជាកា​រ​វ័យក្មេង​រូបនេះ គឺ​ស្វែងរក​ជំនួយ​របស់​ប្រទេសជិតខាង​មួយ​នេះ ដើម្បី​រំដោះ​កម្ពុជា និង​ប្រជាជន​ពី​របប​វាលពិឃាត​ប៉ុល ពត​។​

​ទិដ្ឋភាព​នេះ​ជា​ផ្នែក​ដ៏​តូច​មួយ​នៃ​ដំណើរ​ជីវិត​របស់​សម្តេច ហ៊ុន សែន កាលពី​៤០​ឆ្នាំមុន ដែលមាន​នៅក្នុង​វីដេអូ​ឯកសារ​ដែលមាន​រយៈពេល​១​ម៉ោង​និង​៣៤​នាទី​។​

​វីដេអូ​បានចាប់ផ្តើម​ជាមួយ​រូបភាព​ឯកសារ​នៃ​ការចាប់ផ្តើម​របប​កម្ពុ​ជា​ប្រជាធិបតេយ្យ​នា​ថ្ងៃទី​១៧​មេសា​១៩៧៥ ដែល​បង្ហាញ​ពី​ការកាប់សម្លាប់​រង្គាល​លើ​ប្រជាជន​ខ្មែរ ដើម្បី​បង្ហាញ​ពី​មូលហេតុ​នៃ​ការចាប់ផ្តើម​ចលនា​តស៊ូ​របស់លោក ហ៊ុន សែន នាពេលនោះ រហូតដល់​ផ្តួលរំលំ​របប​ប៉ុល ពត និង​រំដោះ​ក្រុងភ្នំពេញ​បានមក​វិញ​នៅវេលា​ថ្ងៃត្រង់​ថ្ងៃទី​៧​ខែមករា​ឆ្នាំ​១៩៧៩​។​

​វីដេអូ​ឯកសារ​នេះ ត្រូវបាន​ផ្សព្វផ្សាយ​ជា​សាធារណៈ តែ​ប៉ុន្មាន​ថ្ងៃមុន​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កំពុង​ដឹកនាំ​ប្រទេស​គ្រោង​រៀបចំ​ប្រារព្ធ​ខួប​ទិវា​៧​មករា​លើក​ទី​៣៩ នៅ​ចុង​សប្តាហ៍​នេះ​។​

​អ្នកនាំពាក្យ​គណបក្សកាន់អំណាច លោក សុខ ឥសាន បាន​ពន្យល់​ប្រាប់​សារព័ត៌មាន​ថ្មីៗ ដោយ​ចាត់ទុក​វីដេអូ​ឯកសារ​នេះ មានតម្លៃ​បែប​ប្រវត្តិសាស្ត្រ​មិន​ត្រឹមតែ​សម្រាប់​គណបក្ស​របស់លោក​តែប៉ុណ្ណោះ​ទេ ប៉ុន្តែ​សម្រាប់​ប្រជាជន​កម្ពុជា ពិសេស​មនុស្ស​ជំនាន់​ក្រោយ​។ លោក សុខ ឥសាន បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​ឯកសារ​នេះ​បាន​ពន្យល់​អំពី​មូលហេតុ​នៃ​ការកកើត​ជីវិត​ទី​២​របស់​យើង​។ វា​បង្ហាញ​ពី​រូបភាព​នៃ​ការតស៊ូ​របស់​ថ្នាក់ដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​របស់​យើង មុននឹង​កម្ពុ​ជាមាន​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស និង​ការបោះឆ្នោត​ឆ្នាំ​១៩៩៣ រហូតដល់​ការអនុវត្ត​នយោបាយ​ឈ្នះ​ឈ្នះ​របស់​សម្តេច​ហ៊ុន សែន​»​។​

​វីដេអូ​ឯកសារ​នេះ​មាន​ជា​ភាសា​ខ្មែរ និង​អង់គ្លេស ហើយ​ត្រូវបាន​ផលិត​ដោយ​គណៈកម្មការ​ស្រាវជ្រាវ​ប្រវត្តិសាស្ត្រ និង​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី ដោយ​សហការ​ជាមួយ​សាកលវិទ្យាល័យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន និង​សារគមនាគមន៍​អន្តរជាតិ​។

​ដើម្បី​អាច​ពិពណ៌នា​លំអិត​បាន​អំពី​ដំណើរ​តស៊ូ​ប្រឆាំង​របប​ប៉ុលពត​នេះ  ក្រុម​អ្នក​ផលិត​ឯកសារ​នេះ បាន​សម្ភាស​សាក្សី​ទាំងអស់​២២​នាក់ ដោយ​រួមមាន​ទាំង​តួអង្គ​ឯក​គឺ​សម្តេច ហ៊ុន សែន សម្តេច ប៊ុន រ៉ានី យុទ្ធ​មិត្ត ពលរដ្ឋ​ខ្មែរ អតីត​កម្មាភិបាល​យោធា​របស់​វៀតណាម និង​ប្រជាជន​វៀតណាម រហូតដល់​លោក ហ៊ុន ម៉ា​ណែ​ត ដែលជា​កូនប្រុស​ច្បង​របស់​សម្តេច ហ៊ុន សែន ផងដែរ​។ លោក ហ៊ុន ម៉ា​ណែ​ត បាន​និយាយ​អរគុណ​ចំពោះ​ការលះបង់ និង​ការតស៊ូ​របស់​មេដឹកនាំ​ជំនាន់​មុន ដែល​អនុញ្ញាត​ឲ្យ​មនុស្ស​ជំនាន់​ក្រោយ​មានឱកាស​ចូលរួមចំណែក​កសាង​ប្រទេស​កម្ពុជា​ឲ្យ​កាន់តែ​រុងរឿង​៕


Tag:
 ៧​មករា​
  ហ៊ុន សែន​
  សង្គ្រោះ​ជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com