ជាតិ
កម្ពុជា ទទួល​ឥទ្ធិពល​ខ្សោយ​ពី​កូន​ព្យុះ​ទី​១ ដែល​នឹងធ្វើ​ឲ្យ​មាន​ភ្លៀង​ពីថ្ងៃ​ទី​៥-៩ ខែមករា​
04, Jan 2018 , 8:19 pm        
រូបភាព
ដោយ: ថ្មីៗ
​កម្ពុជា នឹង​ទទួលរង​ឥទ្ធិពល​ខ្សោយ​ពី​កូន​ព្យុះ​ទី​១ ប្រចាំឆ្នាំ​២០១៨ ឈ្មោះ​បូ​ឡា​វិ​ន​។ ឥទ្ធិពល​កូន​ព្យុះ​នេះ ធ្វើ​ឲ្យ​កម្ពុជា នៅ​ថ្ងៃទី​៥ និង​ទី​៦ ខែមករា នឹងមាន​ភ្លៀង​ធ្លាក់​នៅពេល​ថ្ងៃ​ក្នុង​កម្រិត​តិច ទៅ​បង្គួរ ពិសេស នៅ​តំបន់​មាត់សមុទ្រ និង​តំបន់​ទំនាប​កណ្តាល និង​ភ្លៀង​បន្ត​ធ្លាក់​រាយប៉ាយ​ពី​តិច ទៅ​មធ្យម នៅក្នុង​ពេលយប់ ក្នុង​ក្របខណ្ឌ​ស្ទើរ​ទូទាំងប្រទេស ពីថ្ងៃ​ទី​៧ ដល់ទី​៩ ខែមករា​។



​វិ​សម្ពាធ ដែល​បាន​កើតឡើង​នៅ​ភាគ​អាគ្នេយ៍​ប្រទេស​ហ្វីលីពីន បាន​វិ​វត្ត​ខ្លួន​ទៅជា​កូន​ព្យុះ​ទី​១ ប្រចាំឆ្នាំ​២០១៨ ឈ្មោះ បូ​ឡា​វិ​ន​(BOLAVEN) នឹង​កំពុង​ស្ថិតនៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​។ នេះ​បើតាម​សេចក្តីជូនដំណឹង​បន្ថែម​ពី​ស្ថានភាព​អាកាសធាតុ របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម​។

​បើតាម​ការវិភាគ និង​ព្យាករណ៍​របស់​ក្រសួង​ជំនាញ​ដដែល នៅ​ល្ងាច​ថ្ងៃទី​៥ ខែមករា ឥទ្ធិពល​របស់​កូន​ព្យុះ​បូ​ឡា​វិ​ន នឹង​បែង​ចែកជា​២​ផ្នែក គឺ​ផ្នែក​ដែលមាន​ឥទ្ធិពល​ខ្លាំង នឹងធ្វើ​ដំណើរ​ទៅកាន់​ឆ្នេរ​ប្រទេស​វៀតណាម​ភាគ​កណ្តាល ឯ​ផ្នែក​មួយទៀត​ដែ​មាន​ឥទ្ធិពល​មធ្យម នឹងធ្វើ​ដំណើរ​មកកាន់​តំបន់​ដីសណ្ត​មេគង្គ​។
អត្ថបទទាក់ទង

​ដូច្នេះ​កម្ពុជា នឹង​ទទួល​ឥទ្ធិពល​ពី​កូន​ព្យុះ​ខ្សោយ ហើយ​អាកាសធាតុ​ចាប់ពី​ថ្ងៃទី​៥ និង​ទី​៦ ខែមករា មាន​ពពក​ច្រើន​នៅ​ផ្ទៃមេឃ ហើយ​នឹងមាន​ភ្លៀង​ធ្លាក់ ពី​តិច​ទៅ​បង្គួរ នៅពេល​ថ្ងៃ ពិសេស​នៅ តំបន់​មាត់សមុទ្រ និង​តំបន់​ទំនាប​កណ្តាល​។  នេះ​បើតាម​ក្រសួង​ធនធានទឹក​ដដែល ដោយបាន​ឲ្យ​ដឹង​ទៀតថា​ពីថ្ងៃ​ទី​៧ ដល់ទី​៩ ខែមករា ភ្លៀង​បន្ត​ធ្លាក់​រាយប៉ាយ​ពី​តិច ទៅ​មធ្យម នៅក្នុង​ពេលយប់ ក្នុង​ក្របខណ្ឌ​ស្ទើរ​ទូទាំងប្រទេស​៕


Tag:
 អាកាសធាតុ​
 ​ ភ្លៀង​
 ​ កូន​ព្យុះ​
© រក្សាសិទ្ធិដោយ thmeythmey.com