អន្តរជាតិ
នយោបាយអន្តរជាតិ
កូរ៉េខាងជើងទទួលសំណើចរចារបស់កូរ៉េខាងត្បូង
× កូរ៉េទាំងពីរនឹងចរចាគ្នានៅសប្ដាហ៍ក្រោយ ដែលជាជំនួបទល់មុខលើកដំបូងចាប់តាំងពីឆ្នាំ២០១៥ ។ ប្រធានបទសំខាន់នៃការចរចា គឺការចូលរួមរបស់កូរ៉េខាងជើងក្នុងព្រឹត្តិការណ៍រដូវរងារឆ្នាំ២០១៨ និងទំនាក់ទំនងទ្វេភាគីដែលជាប់គាំងរាប់សិបឆ្នាំមកហើយ។ មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ជាអ្នកបង្ហាញបំណងចង់ចរចាជាមុន រួចទើបកូរ៉េខាងត្បូងស្នើកាលបរិច្ឆេទ និងទីតាំងចរចាជាក្រោយ។
កូរ៉េខាងជើងបានផ្ញើលិខិតមួយទៅកាន់កូរ៉េខាងត្បូង ដើម្បីជូនដំណឹងពីការយល់ព្រមរបស់ខ្លួនលើសំណើចរចាថ្នាក់ខ្ពស់មួយនៅព្រំដែនខណ្ឌចែកកូរ៉េទាំងពីរ។ ការចរចានឹងធ្វើឡើងនៅថ្ងៃទី៩ ខែមករា នៅឯភូមិប៉ាន់មុនជុម ក្នុងតំបន់គ្មានកងទ័ព DMZ ។ នេះបើតាមការប្រកាសរបស់អ្នកនាំពាក្យក្រសួងបង្រួបបង្រួមកូរ៉េ និងផ្សាយដោយទីភ្នាក់ងារព័ត៌មាន Yonhap ។
ក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី៥ ខែមករា លោក Baik Tae-hyun ជាអ្នកនាំពាក្យនិយាយថា ភាគីទាំងពីរយល់ព្រមពិភាក្សាលើបញ្ហាថ្នាក់ត្រឹមក្រុមការងារតាមរយៈការផ្លាស់ប្ដូរឯកសារគ្នា ដោយផ្ដោតជាសំខាន់លើលទ្ធភាពនៃការចូលរួមកម្មវិធីអូឡាំពិកឆ្នាំ២០១៨ នៅទីក្រុងព្យុងឆាង ក៏ដូចជាបញ្ហាពាក់ព័ន្ធផលប្រយោជន៍ប្រទេសទាំងពីរ។ ភាគីទាំងពីរទំនងជាពិភាក្សាជុំវិញការចាប់ផ្ដើមឡើងវិញការចរចាអន្តរកូរ៉េផងដែរ។
ស្ថានការណ៍ជាវិជ្ជមានរវាងកូរ៉េទាំងពីរ ចាប់ផ្ដើមកាលពីថ្ងៃទី១ ខែមករា ពេលដែលមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បង្ហាញជំហរចរចាជាមួយកូរ៉េខាងត្បូង។ ក្នុងពេលថ្លែងសារអបអរឆ្នាំថ្មី២០១៨ លោក គីម ហាក់បន្ទន់ជំហរដាក់កូរ៉េខាងត្បូង និងស្នើឲ្យមានការចរចាដើម្បីកូរ៉េខាងជើងអាចបញ្ជូនប្រតិភូចូលរួមអូឡាំពិកខែកុម្ភៈខាងមុខ។ ក្រុងសេអ៊ូលបានឆ្លើយតបយ៉ាងរហ័ស និងជាវិជ្ជមានទៅនឹងជំហររបស់ក្រុងព្យុងយ៉ាង។
អ្វីគួរឲ្យកត់សម្គាល់នោះ ការយល់ព្រមរបស់កូរ៉េខាងជើង ធ្វើឡើងបន្ទាប់ពីកូរ៉េខាងត្បូង និងអាមេរិកសម្រេចចិត្តពន្យារពេលសមយុទ្ធរួមគ្នាដែលគ្រោងធ្វើរៀបចំទន្ទឹមគ្នានឹងព្រឹត្តិការណ៍អូឡាំពិកឆ្នាំ២០១៨ ។ កូរ៉េខាងត្បូងយល់ថា ការផ្អាកសមយុទ្ធរួមគ្នានឹងជួយបន្ថយកម្ដៅនៅឧបទ្វីបកូរ៉េដើម្បីឲ្យកម្មវិធីកីឡានេះធ្វើឡើងដោយគ្មានការភ័យបារម្ភ ខណៈកូរ៉េខាងជើងចាត់ទុកសមយុទ្ធរួមគ្នានេះជាការប្រុងប្រៀបឈ្លានពានខ្លួន។
យ៉ាងណាមិញ អាមេរិកហាក់នៅស្ទាក់ស្ទើមិនចង់ជឿថា កូរ៉េខាងជើងបន្ទាន់ឥរិយាបថទៅវិញ ហើយសង្ស័យថា នេះល្បិចរបស់កូរ៉េខាងជើងដើម្បីគេចពីទណ្ឌកម្មអន្តរជាតិទៅវិញ។ នៅថ្ងៃទី៤ ខែមករា មេបញ្ជាការកងទ័ពអាមេរិកប្រចាំកូរ៉េខាងត្បូង Vincent K. Brook បានប្រាប់ឲ្យមានការប្រុងប្រយ័ត្នចំពោះសកម្មភាពចុងក្រោយរបស់កូរ៉េខាងជើង ទោះនេះជាសញ្ញាល្អក្ដីសម្រាប់ឧបទ្វីបកូរ៉េក្ដី៕
Tag:
កូរ៉េខាងត្បូង
កូរ៉េខាងជើង
Olympic2018
© រក្សាសិទ្ធិដោយ thmeythmey.com