ជាតិ
លោក សម រង្ស៊ី ចាត់ទុក​៧​មករា ជា​ឆាកល្ខោន តែ​លោក សុខ ឥសាន ហៅ​អ្នក​ប្រមាថ ជា​ជន​អកតញ្ញូ​
05, Jan 2018 , 8:00 pm        
រូបភាព
ភ្នំពេញ​៖ អតីត​មេដឹកនាំ​នៃ​គណបក្សប្រឆាំង ចាត់ទុក​ថ្ងៃ​៧​មករា ជា​ឆាកល្ខោន ដែល​ត្រូវបាន​វៀតណាម​បង្កើតឡើង ដើម្បី​បំភ័ន្ត​ភ្នែក​ប្រជាពលរដ្ឋ​ខ្មែរ​។ តែ​មន្ត្រីជាន់ខ្ពស់​គណបក្ស​កាន់អំណាច បាន​ឲ្យ​តម្លៃ​ថ្ងៃ​៧​មករា ថា​ជា​ជីវិត​ទី​២​របស់​ប្រជាពលរដ្ឋ​ខ្មែរ​។ ឯ​អ្នកវិភាគ ធុញទ្រាន់​នឹង​អ្នកនយោបាយ ដែល​តែងតែ​ទាស់គំនិត​គ្នា​អំពី​ថ្ងៃ​៧​មករា​។



​វា​ក្លាយជា​រឿង​ធម្មតា​ទៅហើយ ដែល​រាល់​ឆ្នាំ អ្នកនយោបាយ តែង​ប្រើ​វោហារសាស្ត្រ​វាយប្រហារ​គ្នា​ទៅវិញទៅមក ជុំវិញ​ទិវា​ជ័យជម្នះ​៧​មករា​។ សម្រាប់​អ្នកគាំទ្រ​រដ្ឋាភិបាល និង​គណបក្ស​ប្រជាជន​កម្ពុជា ឬ​និយាយ​ឲ្យ​ចំ​តែម្តង ចំពោះ​អ្នក​ដែល​ស្រឡាញ់​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្ងៃ​៧​មករា គឺមាន​តម្លៃ​ជា​ពន់ពេក​។ ប៉ុន្តែ ថ្ងៃ​៧​មករា​មានតម្លៃ​តិចតួច​ណាស់ នៅក្នុង​កែវភ្នែក​របស់​អតីត​ក្រុម​អ្នកប្រឆាំង និង​ក្រុម​ដែល​មិនសូវ​ពេញ​ចិត្តនឹង​រដ្ឋាភិបាល​។​

​គេ​សង្កេតឃើញថា សារ​របស់​អ្នក​ដែលមាន​ទុទិដ្ឋិនិយម​ចំពោះ​រដ្ឋាភិបាល ត្រូវបាន​បង្ហោះ​លើ​បណ្តាញ​សង្គម​នានា​ជា​ហូរហែ ក្នុងន័យ​មិន​ឲ្យ​តម្លៃ​ថ្ងៃ​៧​មករា ដែល​នឹងត្រូវ​ប្រារព្ធ​ឡើង​នៅ​ថ្ងៃអាទិត្យ​ចុង​សប្តាហ៍​នេះ​។ លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​រស់នៅ​ឯប​រទេស ក៏​មិន​នៅ​ស្ងៀម​ដែរ​។ តាមរយៈ​សារ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក លោក សម រង្ស៊ី បាន​ចំអក​ឲ្យ​ភាគី​រដ្ឋាភិបាល​និង​គណបក្សកាន់អំណាច ដែល​តែង​លើកឡើងថា ថ្ងៃ​៧​មករា គឺជា​ថ្ងៃ​រំដោះ​ប្រជាពលរដ្ឋ​កម្ពុជា ពី​របប​ខ្មែរក្រហម​។

​លោក សម រង្ស៊ី ក៏​ឆ្លើយតប​នឹង​ការលើកឡើង​បែបនេះ​ទៅវិញ​ថា បើ​គ្មាន​ថ្ងៃ​១៧​មេសា ឆ្នាំ​១៩៧៥ ដែលជា​ថ្ងៃ​កើតឡើង​នូវ​របប​ខ្មែរក្រហម​ទេ ក៏​គ្មាន​ថ្ងៃទី​៧​មករា ឆ្នាំ​១៩៧៩ ដែរ​។ អតីត​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​រស់នៅ​និរទេស​ខ្លួន ដោយសារតែ​ការហ៊ុមព័ទ្ធ​ទៅដោយ​បណ្តឹង​នៅក្នុង​តុលាការ​កម្ពុជា​រូបនេះ បាន​សរសេរ​សារ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក យ៉ាង​ដូច្នេះ​ថា​៖«​ថ្ងៃ​៧​មករា ឆ្នាំ​១៩៧៩ គឺជា​ឆាកល្ខោន​ដែល​វៀតណាម បានរៀបចំ​ទាំងអស់​។ [….] មួយផ្នែកធំ​នៃ​រឿងរ៉ាវ​ទាំងអស់​ក្នុង​រយៈពេល​ជិត​៥០​ឆ្នាំ កន្លងមកនេះ គឺមាន​ការរៀបចំ​យ៉ាងសកម្ម​ដោយ​វៀតណាម  ដើម្បី​លេបទឹក​ដី​យើង និង​បំភ័ន្ដ​ភ្នែក​ប្រជារាស្ត្រ​ខ្មែរ​»​។​

​សារ​របស់លោក សម រង្ស៊ី រួមទាំង​អ្នកគាំទ្រ​អតីត​គណបក្សប្រឆាំង ផ្ទុយស្រឡះ​នឹង​សារ​របស់​អ្នកគាំទ្រ និង​មន្ត្រី​គណបក្សកាន់អំណាច​។ ហើយ​មន្ត្រីជាន់ខ្ពស់​គណ​បក្ស​កាន់អំណាច ដែល​ចេញមុខ​ចេញ​មាត់​ជាងគេ ក្នុងការ​សរសើរ​ថ្ងៃ​៧​មករា គឺ​លោក សុខ ឥសាន​។

​លោក សុខ ឥសាន ដែលមាន​តួនាទី​ជា​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​បង្ហោះ​សារ​ចូលទៅក្នុង​បណ្តាញ​ទំនាក់ទំនង​តេ​ឡេ​ក្រាម (Telegram) ស្ទើរតែ​រាល់ថ្ងៃ ដើម្បី​រៀបរាប់​ពី​គុណ​តម្លៃ​នៃ​ថ្ងៃ​៧​មករា​។ លោក បាន​លើ​កត​ម្កើ​ន​សម្តេច ហ៊ុន សែន ជា​ឥស្សរជន ដែលមាន​គុណ​ស​ម្ប​តិ្ត​ច្រើនជាងគេ ក្នុងការ​ពុះពារ​ផ្តួលរំលំ​របប​ខ្មែរក្រហម ក្នុង​ថ្ងៃ​៧​មករា ឆ្នាំ​១៩៧៩​។

​លោក សុខ ឥសាន រម្លឹក​គុណ​របស់​កងទ័ព​វៀតណាម​ថា  កងទ័ព​វៀតណាម បាន​ចូល​មកជួយ​ផ្តួលរំលំ​របប​ប្រល័យពូជសាសន៍ ប៉ុល ពត តាម​សំណូមពរ​របស់​ប្រជាជន​កម្ពុជា រួមទាំង​អ្នកស្នេហាជាតិ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​។ លោក បន្តថា បើ​គ្មាន​ការជួយ​ជាបន្ទាន់​នោះទេ ប្រជាជន​កម្ពុជា​ទូទាំងប្រទេស ប្រាកដជា​ត្រូវ​វិនាស​សាបសូន្យ​ជាក់​ជាមិនខាន​។​

​អ្នកនាំពាក្យ​គណបក្សកាន់អំណាច​រូបនេះ ថ្លែង​ការពារ​ថា ថ្ងៃ​៧​មករា មិនមែនជា​ថ្ងៃ​ដែល​កងទ័ព​វៀតណាម ចូលមក​ឈ្លានពាន​កម្ពុជា​នោះទេ​។ លោក និយាយ​បញ្ច្រាស់​មកវិញ​ថា ប្រសិនបើ​វៀតណាម ចង់​លេប​ទឹកដី​ខ្មែរ ដូច​ការលើកឡើង​ខាងលើ​មែន​នោះ ប្រហែលជា​គ្មាន​ប្រជាពលរដ្ឋ​កម្ពុជា​នៅថ្ងៃនេះ ឬ​ទៅ​ថ្ងៃ​អនាគត​ឡើយ​។
       
​តាមរយៈ​បណ្តាញ​ទំនាក់ទំនង​តេ​ឡេ​ក្រាម ដែល​ប្រមូលផ្តុំ​ដោយ​ក្រុមអ្នកកាសែត លោក សុខ ឥសាន បាន​សរសេរ​រៀបរាប់​យ៉ាង​ដូច្នេះ​៖«​ប្រវត្តិសាស្ត្រ បានបញ្ជាក់​ច្បាស់​ណាស់​ថា ដោយសារ​ថ្ងៃ​៧​មករា ទើប​ប្រជាជន​កម្ពុជា បាន​រស់​ជីវិត​ពីរ​បប​ប្រល័យពូជសាសន៍ ប៉ុល ពត ដោយ​មិនអាច​បំភ្លៃ​ការពិត​បានជា​ដាច់ខាត​។ ថ្ងៃ​៧​មករា មិនមែនជា​សត្រូវ​រប​ស់​អ្នកណា​ទេ​។ អ្នក​ប្រមាថ​ថ្ងៃ​៧​មករា គឺ​ប្រមាថ​ជីវិត​ខ្លួនឯង និង​ជា​ជន​អក​ត្ត​ញ្ញូ​។ ថ្ងៃ​៧​មករា គឺជា​ជីវិត​ទី​២​របស់​ប្រជាជន​កម្ពុជា ហើយ​មាន​ថ្ងៃ​៧​មករា គឺមាន​អ្វីៗ​ទាំងអស់​នៅថ្ងៃនេះ​»​។​

​ដោយឡែក លោក មាស នី អ្នកវិភាគ​នយោបាយ​មួយរូប​នៅ​កម្ពុជា មិន​បន្ទោស ហើយក៏​មិន​កាន់ជើង​ខាង​គណបក្ស​ណា​ដែរ ចំពោះ​ការលើកឡើង​ពីថ្ងៃ​៧​មករា​។ ប៉ុន្តែ​លោក ហាក់​មិន​សប្បាយចិត្ត​ទាល់តែសោះ ដែល​អ្នកនយោបាយ និយម​បកស្រាយ​យក​ត្រូវ​រៀងៗ​ខ្លួន ចំពោះ​ថ្ងៃ​៧​មករា​។ លោក អះអាងថា ថ្ងៃ​៧​មករា ល្អ​ឬ​អាក្រក់ គឺ​អាស្រ័យ​លើ​អ្នកបកស្រាយ​។

​អ្នកវិភាគ​រូបនេះ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាមទូរសព្ទ យ៉ាង​ដូច្នេះ​ថា​៖«​អ្នកនយោបាយ ឈ្លោះ​តែ​គ្នា មិនចេះចប់​។ បើ​និយាយ​ពី​ធុញ​វិញ លើសពី​ធុញ​ផង​។ មានរឿង​ខ្លះ អ្នកនយោបាយ​ចេះតែ​និយាយ​ទាំង​មិន​ទំនង​ក៏មាន​។ យូរៗ​ទៅ វា​ក្លាយជា​រឿង​គួរ​អស់សំណើច​ទៅវិញ​។ ដល់ពេល​អ៊ីចឹងទៅ អ្នកនយោបាយ ដូចជា​អស់​តម្លៃ​»​។
 
​ទោះយ៉ាងណា លោក មាស នី ចង់​ឲ្យ​មានការ​កំណត់​និយមន័យ​នៃ​ពាក្យ​ថា «​ថ្ងៃបុណ្យ​ជាតិ​» ឲ្យ​បានច្បាស់លាស់ ដើម្បី​ជៀសវាង​ការទាស់ទែង​គ្នា​។ លោក​យល់ថា អាច​ចាត់ទុកជា​បុណ្យជាតិ​បាន លុះត្រា​ណា​តែ​បុណ្យ​នោះ ទទួលបាន​ការស្រុះស្រួល និង​ឯកភាពគ្នា​ពី​ប្រជាពលរដ្ឋ​គ្រប់រូប និង​គ្រប់​និន្នាការ​នយោបាយ ដូចជា​បុណ្យចូលឆ្នាំ​ជាដើម​។ លោក​បញ្ជាក់​ចុងក្រោយ​ថា ការដែល​មិនបាន​កំណត់​ឲ្យ​ច្បាស់លាស់​ថា​បុណ្យ​ណា​ជា​បុណ្យជាតិ ហើយ​បុណ្យ​ណា​ជា​បុណ្យ​បក្ស ជាហេតុ​នាំ​ឲ្យ​មានការ​ខ្វែងគំនិត​គ្នា​រវាង​អ្នកនយោបាយ​និង​អ្នកនយោបាយ​៕

អត្ថបទទាក់ទង





Tag:
 ៧​មករា​
  សម រង្ស៊ី​
  សុខ ឥសាន​
  អ្នកវិភាគ​
© រក្សាសិទ្ធិដោយ thmeythmey.com