អន្តរជាតិ
មហាធៀ អរគុណសត្រូវចាស់ដែលគាំទ្រខ្លួនជាបេក្ខជននាយករដ្ឋមន្ត្រីដើម្បីទម្លាក់រដ្ឋាភិបាលបច្ចុប្បន្ន
× លោក មហាធៀ មូហាម៉ាត់ អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ត្រូវបានសម្ព័ន្ធភាពបក្សប្រឆាំងជ្រើសរើសជាបេក្ខជននាយករដ្ឋមន្ត្រីសម្រាប់ការបោះឆ្នោតឆ្នាំ២០១៨ នេះ។ លោក មហាធៀ ត្រូវប្រជែងជាមួយនាយករដ្ឋមន្ត្រីបច្ចុប្បន្ន ណាជីប រ៉ាហ្សាក់ ដែលធ្លាប់អតីតសហការីក្នុងបក្សកាន់អំណាច UMNO ។ ក្នុងករណីបក្សប្រឆាំងឈ្នះឆ្នោត លោក មហាធៀ នឹងកាន់តំណែងនាយករដ្ឋមន្ត្រីរហូតដល់លោក អាន់វ៉ា អ៊ីប្រាហ៊ីម ទទួលបានការលើកលែងទោស។
អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី មហាធៀ មូហាម៉ាត់ ដែលកាន់តំណែងអស់រយៈពេល ២២ឆ្នាំ ក្លាយជាបេក្ខជននាយករដ្ឋមន្ត្រីផ្លូវការក្នុងសន្និបាតសម្ព័ន្ធភាពប្រឆាំង Pakatan Harapan នៅថ្ងៃទី៧ ខែមករា ។ លោកស្រី Wan Azizah Wan Ismail ភរិយាមេដឹកនាំប្រឆាំង អាន់វ៉ា អ៊ីប្រាហ៊ីម គឺជាបេក្ខជនឧបនាយករដ្ឋមន្ត្រី បើក្រុមប្រឆាំងឈ្នះឆ្នោតលើសម្ព័ន្ធភាពកាន់អំណាច Barisan Nasional ក្នុងការបោះឆ្នោតខាងមុខ។
លោក មហាធៀ និងលោក អាន់វ៉ា ដែលធ្លាប់មានប្រវត្តិជូរចត់នឹងគ្នាពីអតីតកាល សម្រេចចិត្តចាប់ដៃគ្នាដើម្បីប្រជែងជាមួយលោក ណាជីប រ៉ាហ្សាក់ ដែលកំពុងចោមរោមដោយរឿងពុករលួយ។ ខណៈដែលលោក អាន់វ៉ា កំពុងស្ថិតក្នុងពន្ធនាគារនៅឡើយ លោក មហាធៀ ដែលមានវ័យ៩២ឆ្នាំ ក្លាយជាបុគ្គលនាំមុខគេសម្រាប់តំណែងនេះ ហើយលោកនឹងក្លាយជាមេដឹកនាំចាស់ជាងគេលើពិភពលោក ក្នុងករណីសម្ព័ន្ធភាពប្រឆាំងឈ្នះ។
មេដឹកនាំវ័យជរាម៉ាឡេស៊ីរូបនេះបានសង្កត់ធ្ងន់ថា៖« គោលដៅធំបំផុត គឺសង្គ្រោះប្រទេសរបស់យើង។ វាមិនមែនជារឿងងាយស្រួលឡើយសម្រាប់គណបក្សដទៃទៀតដែលធ្លាប់ជាសត្រូវចាស់របស់ខ្ញុំដែលទទួលយកខ្ញុំជាបេក្ខជននាយករដ្ឋមន្ត្រី។ ប៉ុន្តែពួកគេដឹងច្បាស់ថា វាជារឿងចាំបាច់ដែលត្រូវទម្លាក់រដ្ឋាភិបាលបច្ចុប្បន្ន»។
យ៉ាងណាមិញ អតីតនាយករដ្ឋមន្ត្រីវ័យចំណាស់នេះ អាចកាន់តំណែងនាយករដ្ឋមន្ត្រីជាបណ្ដោះអាសន្នប៉ុណ្ណោះ ព្រោះតំណែងនេះទុកសម្រាប់លោក អាន់វ៉ា ដែលកំពុងជាប់ឃុំខ្លួនលើករណីផ្លូវភេទរួចទៅហើយ។ បើទទួលជ័យជម្នះដូចការរំពឹងទុក ក្រុមប្រឆាំងនឹងរៀបចំឯកសារដើម្បីស្នើសុំការលើកលែងទោសឲ្យលោក អាន់វ៉ា ខណៈលោកនឹងត្រូវបានដោះលែងក្នុងខែមិថុនា ឯការបោះឆ្នោតត្រូវរៀបចំយូរបំផុតនៅត្រឹមខែសីហា។
លោក អាន់វ៉ា ធ្លាប់ជាឧបនាយករដ្ឋមន្ត្រីក្នុងរដ្ឋាភិបាលរបស់លោក មហាធៀ ដែលកាន់អំណាចចន្លោះឆ្នាំ១៩៨១ ដល់ឆ្នាំ២០០៣ ។ ជាអ្នកនយោបាយមានអនាគតភ្លឺស្វាង លោក អាន់វ៉ា ត្រូវបានកាត់ទោសករណីផ្លូវភេទ និងពុករលួយ ហើយក៏ក្លាយជាមេដឹកនាំប្រឆាំងវិញ។ លោកធ្លាប់ដឹកនាំក្រុមប្រឆាំងឲ្យទទួលសំឡេងច្រើនក្នុងការបោះឆ្នោតឆ្នាំ២០១៣ តែមិនអាចផ្ដួលលោក ណាជីប បាន ហើយក៏ត្រូវកាត់ទោសលើករណីផ្លូវភេទម្ដងទៀតក្នុងឆ្នាំ២០១៤ តែម្ដង។
លោក មហាធៀ បានអរគុណគ្រួសារលោក អាន់វ៉ា ដែលសុខចិត្តឲ្យលោកក្លាយជាបេក្ខជននាយករដ្ឋមន្ត្រីម្ដងទៀត ទោះជាធ្លាប់រងទុក្ខច្រើនកន្លងមកក្ដី។ លោកនិយាយថា លោកជំពាក់លោក អាន់វ៉ា ច្រើនហើយវាចំណាយពេលយូរសម្រាប់គ្រួសារលោក អាន់វ៉ា ដើម្បីសម្រេចចិត្តបែបនេះ ប៉ុន្តែនៅចុងក្រោយ អាទិភាពសំខាន់ គឺត្រូវចាប់ដៃគ្នាដើម្បីទម្លាក់លោក ណាជីប ៕
Tag:
ម៉ាឡេស៊ី
មហាធៀ មូហាម៉ាត់
ណាជីប រ៉ាហ្សាក់
អាន់វ៉ា អ៊ីប្រាហ៊ីម
© រក្សាសិទ្ធិដោយ thmeythmey.com