អន្តរជាតិ
ក្រៅពីរឿងអូឡាំពិក កូរ៉េខាងត្បូងចង់ពិភាក្សាការជួបជុំគ្រួសារបែកបាក់ និងការបន្ថយកម្ដៅយោធា ក្រុមគ្រួសារកូរ៉េដែលបែកបាក់ដោយសារសង្រ្គាមជួបគ្នាកន្លងមក (រូបភាព៖ Xinhua)
× កូរ៉េខាងត្បូង នឹងព្យាយាមពិភាក្សាជាមួយកូរ៉េខាងជើងលើប្រធានបទសំខាន់ចំនួនពីរទៀតក្នុងជំនួបកម្ររវាងកូរ៉េទាំងពីរនៅថ្ងៃទី៩ ខែមករា។ រដ្ឋមន្ត្រីបង្រួបបង្រួមកូរ៉េ និងជាប្រធានក្រុមចរចារបស់កូរ៉េខាងត្បូងលោក Cho Myoung-gyon និយាយថា កូរ៉េខាងត្បូងនឹងលើកឡើងពីការកាត់បន្ថយកម្ដៅយោធានៅឧបទ្វីបកូរ៉េ ដែលកំពុងតានតឹងខ្លាំង និងការចាប់ផ្ដើមឡើងវិញការជួបជុំរបស់គ្រួសារកូរ៉េដែលព្រាត់ប្រាសគ្នាដោយសារសង្គ្រាម។
ក្រៅពីប្រធានបទសំខាន់លើការចូលរួមរបស់កូរ៉េខាងជើងក្នុងព្រឹត្តិការណ៍អូឡាំពិកឆ្នាំ២០១៨ កូរ៉េខាងត្បូងនឹងលើករបៀបវារៈពីរទៀតទៅកាន់កូរ៉េខាងជើង។ មន្ត្រីជាន់ខ្ពស់មកពីកូរ៉េទាំងពីរនឹងជួបជជែកគ្នានៅថ្ងៃទី៩ ខែមករា នៅភូមិប៉ាន់មុនជុម ដែលខណ្ឌចែកកូរ៉េទាំងពីរ។ នេះគឺជាជំនួបទល់មុខលើកទីមួយក្នុងរយៈពេលច្រើនជាងពីរឆ្នាំមកនេះ ខណៈជំនួបចុងក្រោយបំផុតរៀបចំឡើងនៅក្នុងខែធ្នូ ឆ្នាំ២០១៥ ។
យោងតាមទីភ្នាក់ងារព័ត៌មាន Yonhap មួយថ្ងៃមុនជួបគ្នាជាមួយសមភាគីកូរ៉េខាងជើង លោក Cho Myoung-gyon រដ្ឋមន្ត្រីបង្រួបបង្រួមកូរ៉េ និយាយថា កូរ៉េទាំងពីរនឹងពិភាក្សាលើប្រធានបទអូឡាំពិក។ នៅពេលជជែកគ្នាលើទំនាក់ទំនងកូរ៉េទាំងពីរ រដ្ឋាភិបាលកូរ៉េខាងត្បូងនឹងព្យាយាមលើកពីប្រធានបទផ្សេងទៀត គឺការជួបជុំរបស់គ្រួសារកូរ៉េដែលបែកបាក់ដោយសង្គ្រាម និងវិធីសាស្ត្រដើម្បីស្ដារទំនាក់ទំនងទ្វេភាគី។
លោក Cho Myoung-gyon នឹងដឹកនាំប្រតិភូចំនួន៥នាក់ដើម្បីជួបតទល់ជាមួយតំណាង៥នាក់របស់កូរ៉េខាងជើងដែលដឹកនាំដោយ Ri Son-gwon ប្រធានគណៈកម្មាធិការទទួលបន្ទុកកិច្ចការកូរ៉េខាងត្បូង។ ក្រៅពីការចរចាថ្នាក់ខ្ពស់រួចហើយ កូរ៉េទាំងពីរក៏នឹងមានការពិភាក្សាថ្នាក់ក្រុមការងារផងដែរ ដោយផ្ដោតលើអ្វីដែលសម្រេចក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី។ លោក Cho បញ្ជាក់ថា កូរ៉េខាងត្បូងស្ដាប់យោបល់កូរ៉េខាងជើង ហើយធ្វើយ៉ាងណាឲ្យកូរ៉េខាងជើងមានវត្តមានក្នុងអូឡាំពិកនៅខែក្រោយ។
ស្ថានការណ៍នៅឧបទ្វីបកូរ៉េបានមកដល់ចំណុចរបត់ថ្មី ក្រោយការថ្លែងសារឆ្នាំថ្មីរបស់មេដឹកនាំកំពូលកូរ៉េខាងជើង គីម ជុងអ៊ុន ។ ការបន្ទន់ជំហររបស់កូរ៉េខាងជើង ធ្វើឲ្យកូរ៉េខាងត្បូង និងចិន សប្បាយចិត្តខ្លាំង ប៉ុន្តែអាមេរិក និងជប៉ុន នៅតែបន្តសកម្មភាពប្រុងប្រយ័ត្នដដែល។ គេក៏មិនទាន់អាចមានសុទិដ្ឋិនិយមខ្លាំងពេកលើជំនួបលើកដំបូងតាំងពីឆ្នាំ២០១៥នេះដែរ ដ្បិតកូរ៉េខាងជើងប្រកាន់ជំហររឹងរូសខ្លាំងរហូតមក។
តាមពិតទៅ កូរ៉េខាងត្បូងពិតជាចង់ឃើញវត្តមានកូរ៉េខាងជើងក្នុងព្រឹត្តិការណ៍ពិភពលោកនេះខ្លាំងណាស់។ វត្តមានរបស់ប្រតិភូកូរ៉េខាងជើង គឺជារឿងល្អសម្រាប់អូឡាំពិក ព្រោះបង្ហាញថា អូឡាំពិកខែក្រោយមិនមានការគំរាមកំហែងឡើយ។ ដើម្បីឲ្យអូឡាំពិកឆ្នាំ២០១៨ ធ្វើដោយរលូន កូរ៉េខាងត្បូងថែមទាំងផ្អាកសមយុទ្ធយោធារួមគ្នាដ៏ធំជាមួយអាមេរិក សំដៅបញ្ចៀសភាពតានតឹងនៅឧបទ្វីបកូរ៉េទៀតផង៕
Tag:
កូរ៉េខាងត្បូង
កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com