អន្តរជាតិ
កូរ៉េខាងត្បូងពិចារណាព្យួរទណ្ឌកម្មដើម្បីឲ្យកូរ៉េខាងជើងចូលរួមអូឡាំពិក២០១៨
× កូរ៉េខាងត្បូងកំពុងពិចារណាព្យួរទណ្ឌកម្មឯកតោភាគីរបស់ខ្លួនប្រឆាំងកូរ៉េខាងជើងដើម្បីអនុញ្ញាតឲ្យកូរ៉េខាងជើងអាចចូលរួមក្នុងព្រឹត្តិការណ៍អូឡាំពិករដូវរងារ ឆ្នាំ២០១៨ បាន។ ការពិចារណានេះធ្វើឡើង ខណៈដែលកូរ៉េទាំងពីរជួបចរចាគ្នាជាលើកដំបូងក្នុងរយៈពេលច្រើនជាងពីរឆ្នាំនៅតំបន់គ្មានកងទ័ព DMZ ជុំវិញវត្តមានរបស់កូរ៉េខាងជើងក្នុងព្រឹត្តិការណ៍ដ៏ធំនេះ។
នៅថ្ងៃទី៩ ខែមករា ប្រតិភូកូរ៉េខាងត្បូង និងកូរ៉េខាងជើង បានជួបគ្នានៅភូមិប៉ាន់មុនជុមដើម្បីចាប់ផ្ដើមការចរចាលើកដំបូងចាប់តាំងពីឆ្នាំ២០១៥ មក។ កូរ៉េទាំងពីរដែលសង្ក្រឺតធ្មេញដាក់គ្នានាពេលកន្លងមកបានចូលតុចរចាម្ដងទៀត ក្រោយការបើកភ្លើងខៀវពីសំណាក់មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ។ ថ្វីដ្បិតតែប្រធានបទសំខាន់ក្នុងការចរចាផ្ដោតលើកីឡាក្ដី ជំនួបលើកនេះទាក់ទាញការចាប់អារម្មណ៍ខ្លាំងពីអន្តរជាតិជាមួយក្ដីសង្ឃឹមថា ជោគជ័យនឹងកើតមានឡើង។
យ៉ាងណាមិញ កូរ៉េខាងត្បូងប្រឈមមុខការលំបាកច្រើនក្នុងការអនុញ្ញាតឲ្យប្រតិភូកីឡាកូរ៉េខាងជើងចូលរួមក្នុងព្រឹត្តិការណ៍អូឡាំពិក២០១៨ ព្រោះត្រូវរំលោភទណ្ឌកម្មឯកតោភាគីដែលដាក់លើកូរ៉េខាងជើងមិនខាន។ បញ្ហាទីមួយ គឺបើកូរ៉េខាងជើងសុខចិត្តចូលរួមក្នុងព្រឹត្តិការណ៍នេះ ប្រតិភូ និងអត្តពលិកកូរ៉េខាងជើងមិនអាចជិះយន្តហោះរបស់ក្រុមហ៊ុនរដ្ឋ Air Koryo ចូលទឹកដីកូរ៉េខាងត្បូងបានឡើយ ដោយសារក្រុមហ៊ុននេះស្ថិតក្នុងបញ្ជីទណ្ឌកម្មកាលពីខែឆ្នាំ២០១៦ ។
បើតាមសារព័ត៌មានកូរ៉េខាងត្បូង Joonang llbo អភិបាលខេត្ត Gangwon ដែលជាកន្លែងប្រារព្ធអូឡាំពិកនៅខែកុម្ភៈខាងមុខ ធ្លាប់បានលើកឡើងថា លោកនឹងបញ្ជូនកប៉ាល់ដើម្បីដឹកជញ្ជូនប្រតិភូកូរ៉េខាងជើង។ ប៉ុន្តែគំនិតនេះនៅតែជួបបញ្ហាដដែលក្រោមទណ្ឌកម្មថ្មីៗនេះ ព្រោះកូរ៉េខាងត្បូងមិនអនុញ្ញាតឲ្យកប៉ាល់ណាដែលចូលចតក្នុងកំពង់ផែកូរ៉េខាងជើង ចូលសំចតនៅកំពង់ផែខ្លួនក្នុងរយៈពេល៦ខែ។
ក្រៅពីនោះ មន្ត្រីសំខាន់ៗរបស់កូរ៉េខាងជើងដែលអាចចូលរួមក្នុងកម្មវិធីអូឡាំពិករដូវរងាលើកនេះ ក៏ស្ថិតក្នុងបញ្ជីទណ្ឌកម្មដែរ។ លោក Choe Ryong-hae អនុប្រធានបក្សពលករកូរ៉េ និងជាមនុស្សជំនិតលោក គីម ជុងអ៊ុន នឹងមិនអាចចូលរួមកម្មវិធីលើកនេះឡើយ ក្នុងករណីកូរ៉េខាងយល់ព្រមប្រកួត ហើយលោកមានឈ្មោះជាប្រតិភូដែរនោះ ព្រោះមានឈ្មោះក្នុងបញ្ជីទណ្ឌកម្ម។ លោកធ្លាប់មកកាន់ទឹកដីកូរ៉េខាងត្បូងកាលពីឆ្នាំ២០១៤ ក្នុងកម្មវិធីកីឡាអាស៊ី។
យ៉ាងណាក្ដី ការសម្រេចចិត្តយ៉ាងណា ត្រូវរង់ចាំលទ្ធផលជំនួបចរចានៅថ្ងៃទី៩ ខែមករាសិន។ មុនជំនួបនេះ មន្ត្រីរបស់កូរ៉េខាងទាំងពីរហាក់មានគំនិតវិជ្ជមានច្រើនដើម្បីសម្រេចឲ្យបានគោលដៅ។ និយាយទៅអ្នកសារព័ត៌មានមុនកិច្ចប្រជុំ តំណាងចរចារបស់កូរ៉េខាងជើង Ri Son-gwon បានសង្ឃឹមថា ការចរចានេះនឹងមានលទ្ធផលត្រចះត្រចង់៕
Tag:
កូរ៉េខាងត្បូង
កូរ៉េខាងជើង
Olympic2018
© រក្សាសិទ្ធិដោយ thmeythmey.com