អន្តរជាតិ
លោក ម៉ាក្រុង ថា បារាំងនិងចិនត្រូវបើកចំហទីផ្សារឲ្យគ្នាទៅវិញទៅមក
× ប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង នៅថ្ងៃទី៩ ខែមករា បានប្រកាសបើកចំហទីផ្សារបារាំងសម្រាប់ក្រុមហ៊ុនចិន ជាថ្នូរនឹងការប្រើប្រាស់ទីផ្សារចិនឲ្យកាន់តែទូលាយសម្រាប់ក្រុមហ៊ុនបារាំង។ លោក ម៉ាក្រុង ព្រមានថា ការរឹតត្បិតទីផ្សារចិន នឹងបង្ខំឲ្យបារាំង និងអឺរ៉ុបអនុវត្តនយោបាយគាំពារនិយមចំពោះមុខក្រុមហ៊ុនចិនវិញមិនខាន។ ប្រធានាធិបតីបារាំង ចាត់ទុកស្ថានភាពនេះជានយោបាយចាញ់-ចាញ់។
ចំពោះមុខអ្នកវិនិយោគបារាំង និងចិនក្នុងទីក្រុងប៉េកាំង ប្រធានាធិបតី អេម៉ានុយអែល ម៉ាក្រុង បានលើកឡើងពីឱនភាពពាណិជ្ជកម្មរវាងបារាំង និងចិន ដែលមានតម្លៃ៣៦ពាន់លានដុល្លារ និងការរឹតត្បិតទីផ្សារចិនសម្រាប់ក្រុមហ៊ុនបរទេស។ លោក ម៉ាក្រុង លើកឡើងបែបនេះ ក្នុងថ្ងៃទី២ នៃដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅលើទឹកដីចិន ក្នុងគោលដៅពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងបារាំងជាមួយមហាអំណាចសេដ្ឋកិច្ចទីពីររបស់ពិភពលោក។
ឱនភាពពាណិជ្ជកម្មរវាងបារាំង និងចិនមានទំហំរហូតដល់៣៦ពាន់លានដុល្លារឯណោះ ហើយលោក ម៉ាក្រុង ចង់បង្រួមទំហំឱនភាពនេះ។ ប៉ុន្តែក្រុមហ៊ុនបារាំងជាច្រើនប្រឈមមុខនឹងការលំបាកដើម្បីជ្រៀតចូលទីផ្សាររបស់ចិន។ បើតាមទីភ្នាក់ងារព័ត៌មាន Reuters ប្រធានាធិបតីបារាំងវ័យក្មេងរូបនេះព្រមានថា ប្រសិនបើមិនដោះស្រាយបញ្ហាឱនភាពឲ្យស្រួលបួលទេនោះ ប្រតិកម្មតបតនឹងលេចជារូបរាងមិនខាន។
លោក ម៉ាក្រុង ដែលជួបជាមួយប្រធានាធិបតីចិន ស៊ី ជិនភីង ជាលក្ខណៈឯកជននៅថ្ងៃទី៨ ខែមករា បានព្រមានថា ប្រទេសទាំងពីរនឹងធ្លាក់ចូលស្ថានភាពចាញ់-ចាញ់ បើការរឹតត្បិតក្រុមហ៊ុនបរទេសនៅចិននៅតែបន្ត ព្រោះបារាំង និងអឺរ៉ុបនឹងដាក់ការរឹតត្បិតលើអ្នកវិនិយោគចិនដូចគ្នាមិនខាន។ «តោះ! បើកចំហទាំងសងខាង»។ នេះជាសំណើរបស់ប្រធានាធិបតីបារាំង ដែលចង់ឲ្យចិនបើកទូលាយទីផ្សាររបស់ខ្លួនសម្រាប់ក្រុមហ៊ុនបារាំង។
មកទស្សនកិច្ចនៅអាស៊ីរបស់លោក ម៉ាក្រុង លើកនេះ ក្រុមហ៊ុនបារាំងជាច្រើនបានចុះកិច្ចព្រមព្រៀងរកស៊ីជាមួយក្រុមហ៊ុនធំៗរបស់ចិន។ ក្រុមហ៊ុននុយក្លេអ៊ែរ Areva នឹងចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយដើម្បីសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរ ឯធនាគារដ៏ធំ BNP Paribas នឹងបណ្ដាក់ទុនជាមួយក្រុមហ៊ុនក្នុងស្រុកចិន។ ក្រុមហ៊ុនវិស្វករ Fives ទើបចុះហត្ថលេខាជាមួយក្រុមហ៊ុនលក់អនឡាញ JD.com ដើម្បីលក់ទំនិញបារាំងឲ្យអតិថិជនចិន។
ច្បាស់ណាស់ថា លោក ម៉ាក្រុង នឹងប្រើប្រាស់ដំណើរទស្សនកិច្ចនេះដើម្បីពង្រឹងតួនាទីរបស់បារាំងក្នុងការដឹកនាំអឺរ៉ុប បន្ទាប់ពីអង់គ្លេសជ្រើសរើសការផ្តាច់ខ្លួនចេញពីសហភាពអឺរ៉ុប។ ហើយមិនត្រឹមតែប៉ុណ្ណោះទេ បារាំងនឹងឆ្លៀតឱកាសនេះបង្កើតភាពជាដៃគូយុទ្ធសាស្ត្រជាមួយមហាយក្សចិនដើម្បីពង្រឹងនិងពង្រីកទំនាក់ទំនងឲ្យកាន់តែជិតស្និទ្ធ និងដោះស្រាយបញ្ហាពិភពលោករួមគ្នាផង។ អ្វីដែលគួរដឹង គឺលោក ម៉ាក្រុង ក៏ជាមេដឹកនាំអឺរ៉ុបទីមួយដែលបំពេញទស្សនកិច្ចនៅក្នុងប្រទេសចិន៕
Tag:
បារាំង
ចិន
អេម៉ានុយអែល ម៉ាក្រុង
© រក្សាសិទ្ធិដោយ thmeythmey.com