អន្តរជាតិ
បញ្ហាស្ត្រីបម្រើផ្លូវភេទ៖ កូរ៉េខាងត្បូងចង់បានការសុំទោសដោយសុទ្ធចិត្តពីជប៉ុន មិនមែនលុយឡើយ
× សំណុំរឿងស្ត្រីកូរ៉េខាងត្បូងបម្រើផ្លូវភេទដោយបង្ខំក្នុងជំរំទាហានជប៉ុនសម័យសង្គ្រាម នៅតែជាបញ្ហាចោទដដែល ទោះជាប្រទេសទាំងពីរព្រមព្រៀងបញ្ចប់បញ្ហានេះក្នុងឆ្នាំ២០១៥ ដែលជប៉ុនផ្ដល់ប្រាក់ជិត៩លានដុល្លារសម្រាប់ជួយជនរងគ្រោះ។ រដ្ឋាភិបាលកូរ៉េខាងត្បូងរបស់ប្រធានាធិបតី មូន ចេអ៊ីន រកឃើញភាពចន្លោះប្រហោងជាច្រើនក្នុងកិច្ចព្រមព្រៀងនេះ ដែលបន្សល់ទុកដោយអតីតប្រធានាធិបតី ប៉ាក ហ្គឺនហេ ។ កូរ៉េខាងត្បូងចង់បានការសុំទោសអស់ពីចិត្តពីជប៉ុន មិនមែនលុយឡើយ។
ប្រធានាធិបតីកូរ៉េខាងត្បូង មូន ចេអ៊ីន នៅថ្ងៃទី១០ ខែមករា បានទទូចត្រង់ៗទៅកាន់ជប៉ុនឲ្យទទួលស្គាល់ការពិត និងសុំទោសដោយសុទ្ធចិត្តចំពោះស្ត្រីកូរ៉េខាងត្បូងដែលត្រូវបានបង្ខំឲ្យចូលបម្រើផ្លូវភេទកាលពីសម័យសង្គ្រាម។ ការសុំទោសដោយអស់ពីចិត្ត នឹងជួយព្យាបាលរបួសផ្លូវចិត្តរបស់ជនរងគ្រោះ និងដើម្បីជួសបន្លារាំងស្ទះទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ។ នេះក៏ព្រោះតែកិច្ចព្រមព្រៀងឆ្នាំ២០១៥ មិនអាចដោះស្រាយបញ្ហារ៉ាំរ៉ៃនេះបានឡើយ។
លោក មូន ចេអ៊ីន លើកឡើងថា រដ្ឋាភិបាលក្រុងសេអ៊ូលចង់ឲ្យដោះស្រាយបញ្ហាមួយនេះដោយផ្អែកលើគោលការណ៍យុត្តិធម៌ និងការពិត។ ពោលគឺជនរងគ្រោះនឹងលើកលែងទោសឲ្យជប៉ុន ហើយបញ្ហាត្រូវដោះស្រាយចប់សព្វគ្រប់ នៅពេលជប៉ុនទទួលស្គាល់ការពិត សុំទោសអស់ពីបេះដូងដល់ជនរងគ្រោះ រៀនសូត្រពីកំហុស និងសហការជាមួយសហគមន៍អន្តរជាតិដើម្បីទប់ស្កាត់ទង្វើអមនុស្សធម៌បែបនេះកើតឡើងម្ដងទៀត។
ប្រធានាធិបតីកូរ៉េខាងត្បូងនៅតែមិនសុខចិត្តចំពោះកិច្ចព្រមព្រៀងរវាងអតីតរដ្ឋាភិបាលលោកស្រី ប៉ាក ហ្គឺនហេ និងរដ្ឋាភិបាលលោក ស៊ីនហ្សូ អាបេ ។ ក្រោមការឯកភាពគ្នាក្នុងឆ្នាំ២០១៥ សេអ៊ូល និងតូក្យូ សម្រេចថា បញ្ហានេះចប់រួចរាល់ហើយ ដោយជប៉ុនសុំទោស និងផ្ដល់លុយចំនួន៨,៩លានដុល្លារទៅដល់មូលនិធិជួយជនរងគ្រោះ។ បើតាមមេដឹកនាំរូបនេះ កិច្ចព្រមព្រៀងនេះលេចជារូបរាងតាមផ្លូវខុស ធ្វើឡើងស្ងាត់ៗ ព្រោះមិនបានបញ្ចូលមតិយោបល់ជនរងគ្រោះឡើយ។
តាមពិតទៅ កិច្ចព្រមព្រៀងដដែលនេះ ក៏រងការរិះគន់ខ្លាំងពីសំណាក់ស្ត្រីរងគ្រោះ និងសកម្មជនការពារសិទ្ធិពួកគេ ដោយបានអះអាងថា ការសុំទោសរបស់ជប៉ុនមិនទាន់គ្រប់គ្រាន់ឡើយ ហើយរដ្ឋាភិបាលមុនក៏មិនបានពិភាក្សាជាមួយភាគីពាក់ព័ន្ធអ្វីដែរ។ ក្រុមអ្នករិះគន់បានស្នើឲ្យរដ្ឋាភិបាលលោក មូន ចេអ៊ីន ចរចាជាមួយជប៉ុនលើកិច្ចព្រមព្រៀងនេះឡើងវិញ ឬក៏លុបកិច្ចព្រមព្រៀងចម្រូងចម្រាស់ចោលតែម្ដង។
យ៉ាងណាមិញ រដ្ឋបាលលោក មូន ចេអ៊ីន បានប្រកាសហើយថា នឹងមិនមានការចរចាជាមួយជប៉ុនម្ដងទៀតឡើយ ខណៈដែលជប៉ុនឯណោះក៏ចេញមុខប្រកាសដែរថា បញ្ហាចប់អស់ហើយ។ ជាមួយគ្នានេះ ក្រុងសេអ៊ូលក៏ប្រកាសបង្កើតមូលនិធិមួយដោយខ្លួនឯងដើម្បីជួយស្ត្រីរងគ្រោះទាំងអស់ព្យាបាលរបួសផ្លូវចិត្ត និងស្ដារភាពថ្លៃថ្នូរឡើងវិញ ហើយក៏មិនប្រើប្រាស់ថវិកាទាំង៨,៩លានដុល្លាររបស់ក្រុងតូក្យូនោះឡើយ៕
Tag:
កូរ៉េខាងត្បូង
ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com