ជាតិ
ព្រះពុទ្ធ​ប្រក់​នាគ​មួយអង្គ​នៅ​សារមន្ទីរ​ជាតិ​អង្គរ ដងខ្លួន​ធ្វើ​ពី​ថ្ម ឯ​នាគ​ធ្វើ​ពី​ឈើ​
13, Jan 2018 , 10:59 pm        
រូបភាព
​សៀមរាប​៖ រូប​ព្រះពុទ្ធ​ប្រក់​នាគ​មួយអង្គ មាន​រចនាបថ​បាយ័ន​( នៅ​ចុង​ស​.​វ​ទី​១២ ដើមទី​១៣) ដែល​តម្កល់ទុក​ក្នុង​សារមន្ទីរ​ជាតិ​អង្គរ ខេត្តសៀមរាប ដងខ្លួន​ធ្វើ​ពី​ថ្មភក់ ឯ​នាគ​ធ្វើ​ពី​ឈើ​។ ប៉ុន្តែ​តាម​អ្នកជំនាញ រូប ព្រះពុទ្ធ​ប្រក់​នាគ​នេះ ត្រូវបាន​គេ​ជួសជុល ដោយ​រូប​នាគ​មានការ​ខូ​ត ខាត ទើប​គេ​ជំនួស​វិញ​ដោយ​ធ្វើ​ពី​ឈើ​យ៉ាង​ដូច្នេះ​។



​លោក សេង កុម្ភៈ ប្រធាន​ថែរក្សា​សមុច្ច័យ និង​ទំនាក់ទំនង​កិច្ចការ​សាធារណៈ នៃ​សារមន្ទីរ​ជាតិ​អង្គរ បានឱ្យដឹងថា គេ​មើល​មិនសូវ​ដឹង​ពី​សាច់​ឈើ​ដែល​គេ​ប្រើ​សម្រាប់​ជួសជុល​នាគ​នោះទេ​។ ព្រោះថា បច្ចេកទេស​នៅ​សម័យ​កាលនោះ គេ​បាន​លាប​ពណ៌​ម្រាក់ ដាក់​ពណ៌​មាស​ពីលើ​មួយ​ជាន់​ថែម មើលទៅ​ដូច​សាច់​តែមួយ​ដែល​គេ​លាប​លើ​ថ្ម ឬ​រូប​បដិមា​ទូទៅ​យ៉ាង​ដូច្នោះ​ដែរ​។

​តាម​លោក កុម្ភៈ រូប​បដិមា​ខាងដើម​នេះ ស្ថិតក្នុង​រចនាបថ​បាយ័ន ហើយ​ការជួសជុល​ប្រហែល​ក្នុង​ស​.​វ​ទី​១៥ និង​១៦​។ ចំណែក​បច្ចេកទេស​ជួសជុល​នៅ​សម័យ​នោះ មិន​ខុសពី​សម័យ​បច្ចុប្បន្ននេះ​ទេ​។

​សម្រាប់​ការងារ​ជួសជុល​រូប​បដិមា​មាន​ច្រើន​នៅ​សម័យបុរាណ តួយ៉ាង​នៅ​សម័យ​ព្រះបាទ អង្គចន្ទ ដែល​បង្ហាញ​នៅក្នុង​សិលាចារឹក​អង្គរវត្ត គឺ​ព្រះអង្គ​បាន​ប្រមូល​រូប​បដិមា​ជួសជុល​ក្នុង​ស​.​វ​ទី​១៦៕




Tag:
 ​ព្រះពុទ្ធ​ប្រក់​នាគ​
  សារមន្ទីរ​ជាតិ​អង្គរ
© រក្សាសិទ្ធិដោយ thmeythmey.com