ជាតិ
ពលរដ្ឋ​ជាង​១​ម៉ឺន​នាក់ បាន​ប្រើប្រាស់​សេវា​រថយន្តក្រុង​សាធារណៈ​ក្នុង​មួយ​ថ្ងៃ
14, Jan 2018 , 12:03 pm        
រូបភាព
​ភ្នំពេញ​៖ រថយន្តក្រុង​សាធារណៈ​ចំនួន​១៥៧​គ្រឿង ដែល​កំពុងដំណើរការ​លើផ្លូវ​ចំនួន​៩​ខ្សែ នៅ​ក្រុងភ្នំពេញ​។ មាន​ពលរដ្ឋ​ជាង​១​ម៉ឺន​នាក់ ក្នុង​មួយថ្ងៃ បាន​ប្រើប្រាស់​សេវា​រថយន្តក្រុង​នេះ  ពោល​ចំនួន​នេះ គឺ​បាន​កើនឡើង​ទ្វេដង​។​



​រថយន្តក្រុង​សាធារណៈ​ក្នុង​រាជធានី​ភ្នំពេញ ដែល​កំពុងដំណើរការ​មកដល់​សព្វថ្ងៃនេះ មាន​ចំនួន ១៥៧​គ្រឿង ដោយ​រត់​លើផ្លូវ​ចំនួន ៩​ខ្សែ​។ ប្រជាពលរដ្ឋ កម្មករ​រោងចក្រ សិស្ស និស្សិត ជនពិការ និង​ព្រះសង្ឃ ដែល​បាន​ប្រើប្រាស់​សេវា​រថយន្តក្រុង​សាធារណៈ​ប្រចាំថ្ងៃ បាន​កើន​ទ្វេដង ពោលគឺ​ពី​ប្រមាណ ៥​ពាន់ ទៅ ៦​ពាន់​នាក់ កើនឡើង ប្រមាណ​ពី​១​ម៉ឺន ២​ពាន់​នាក់ ទៅ​១​ម៉ឺន​៣​នាក់​។  នេះ​បើតាម​លោក ម៉េ​ត មាស​ភក្ដី អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ ដែល​បាន​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ មុននឹង​បន្ត​បញ្ជាក់ថា​៖«​រថយន្តក្រុង​សាធារណៈ ជា​ចំណែក​មួយ​ដែល​ចូលរួម​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍​ក្នុង​ក្រុងភ្នំពេញ ពិសេស​ដើម្បី​កុំ​ឲ្យ​មានការ​កកស្ទះ​ចរាចរណ៍ មិនមែន​ផ្អែក​តែ​លើ​រថយន្ត​តែមួយ​មុខ​នោះទេ គឺ​ត្រូវមាន​កត្តា​ចូលរួម​ជាច្រើន​»​។ 

​ទន្ទឹមនឹងនេះ សាលា​រាជធានី​ភ្នំពេញ នឹង​បន្ថែម​ខ្សែ​រត់​ថ្មី​បន្ថែមទៀត ដើម្បី​ផ្ដល់​ភាពងាយស្រួល​ដល់​ប្រជាពលរដ្ឋ ខណៈ​នៅ​ខែមេសា​ខាងមុខ ភាគី​ជប៉ុន នឹង​ផ្ដល់​រថយន្តក្រុង​៨០​គ្រឿង​ដល់​កម្ពុជា និង​សន្យា​ផ្ដល់ជំនួយ​រថយន្ត​១៤០ ចាប់ពី​ឆ្នាំ​២០១៨ ដល់​២០២០ ដែល​គិត​ជា​ទឹកប្រាក់​សរុប​៨​លាន​ដុល្លារ​៕


Tag:
 ម៉េ​ត មាស​ភក្តី​
 ​ សាលាក្រុង​ភ្នំពេញ​
  ​រថយន្តក្រុង
© រក្សាសិទ្ធិដោយ thmeythmey.com