ជាតិ
សង្គមជាតិ
នឹងមាន​ផ្លូវ​ថ្មើរជើង​ពី​ស្ពាន​ភ្លោះ​កោះ​ពេជ្រ​ដល់​ស្ពាន​ព្រះមុនីវង្ស​
21, Jan 2018 , 4:00 pm        
រូបភាព
លោក ឃួន ស្រេង អភិបាល​រាជ​ធានីភ្នំពេញ
លោក ឃួន ស្រេង អភិបាល​រាជ​ធានីភ្នំពេញ
ដោយ:
​ដំណឹង​ល្អ​សម្រាប់​អ្នក​ចូលចិត្ត​ដើរ​! ចាប់ពី​ថ្ងៃទី​២២ ខែមករា នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ ចាប់ផ្ដើម​អនុវត្ត​សិក្សា​គម្រោង​សាងសង់​ផ្លូវ​ថ្មើរជើង​ស្របតាម​មាត់ទន្លេ​ដំណាក់កាល​ទី​២ ដោយ​ចាប់ពី​ចំណុច​ស្ពាន​ភ្លោះ​កោះ​ពេជ្រ រហូតដល់​គល់ស្ពាន​ព្រះមុនីវង្ស​។

 
​អភិបាល​រាជធានី​ភ្នំពេញ លោក ឃួន ស្រេង កាលពី​ថ្ងៃទី​១៨ ខែមករា បានចេញ​សេចក្ដីជូនដំណឹង​ពី​ការសិក្សា​វាស់វែង​កំណត់​ព្រំប្រទល់​អចលនវត្ថុ និង​រុះ​រើចេញ​នូវ​ចំណែក​សំណង់​ផ្សេងៗ​ដែល​លយ​ចូល​ច្រាំងទន្លេ​សាធារណៈ​ក្នុងភូមិ​សាស្ត្រ​ខណ្ឌចំការមន​។ លោក​បាន​បញ្ជាក់ថា អាជ្ញាធរ គ្រោង​សាងសង់​ផ្លូវ​ថ្មើរជើង​ស្របតាម​មាត់ទន្លេ​ក្នុងដំណាក់កាល​ទី​២​ចន្លោះ​ស្ពាន​ភ្លោះ​កោះ​ពេជ្រ និង​ស្ពាន​ព្រះមុនីវង្ស ដើម្បី​លើកកម្ពស់​សោភណភាព និង​ការរៀបចំ​សណ្ដាប់ធ្នាប់​នៅតាម​ច្រាំងទន្លេ​ឲ្យ​បាន​រៀបរយ «​សំដៅ​បម្រើ​ឲ្យ​ការកម្សាន្ត​របស់​ប្រជាពលរដ្ឋ​ទូទៅ​»​។​
 
​ដើម្បី​ឲ្យ​សម្រេចបាន​លទ្ធផល​ទៅតាម​ការគ្រោងទុក លោក ឃួន ស្រេង បានស្នើ​ប្រជាពលរដ្ឋ និង​អ្នកពាក់ព័ន្ធ​ទាំងអស់​ដែលមាន​លំនៅដ្ឋាន ឬ​អាជីវ​កម្មដ្ឋាន កំពុង​អាស្រ័យ​ផល​(​ទទួលផល​ប្រយោជន៍​) នៅ​ទីតាំង​ខាងលើ រៀបចំ​រុះរើ​ចេញ​ជាបន្ទាន់​នូវ​ចំណែក​នៃ​សំណង់​ផ្សេងៗ ដែល​បាន​លយ​ចូល​ច្រាំងទន្លេ​សាធារណៈ​។ 
 
​ជាមួយគ្នានេះ អភិបាល​រាជធានី​ភ្នំពេញ បាន​បញ្ជាក់ថា​៖ « ត្រូវ​ត្រៀម​រៀបចំ​ឯកសារ​ផ្សេងៗ ដែល​ពាក់ព័ន្ធ​ទៅនឹង​សិទ្ធិ​កាន់កាប់ ដើម្បី​ចូលរួម​បង្កលក្ខណៈ​ងាយស្រួល​ដល់​សមត្ថកិច្ច​ធ្វើ​កិច្ចការ​នេះ​»៕

Tag:
 ផ្លូវ​ថ្មើរជើង
© រក្សាសិទ្ធិដោយ thmeythmey.com