ជាតិ
សេដ្ឋកិច្ច
វៀតណាមផ្ដល់ពូជស្វាយចន្ទី ហើយសន្យាទិញផលិតផលនេះពីកសិករខ្មែរ
× សមាគមស្វាយចន្ទីវៀតណាម បានយល់ព្រមផ្ដល់ប្រភេទពូជស្វាយចន្ទី ជាមួយនឹងការគាំទ្របច្ចេកទេសដល់កម្ពុជា បន្ថែមពីលើនេះទៀត សមាគមនឹងប្រមូលទិញផលិតផលស្វាយចន្ទីពីកសិករ ឬសហគមន៍កសិករកម្ពុជា។ នេះបើយោងតាមអនុស្សរណៈយោគយល់គ្នារវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយសមាគមស្វាយចន្ទីវៀតណាម ស្ដីពី«ជំរុញផលិតកម្មស្វាយចន្ទីកម្ពុជាសម្រាប់ការនាំចេញ» កាលពីថ្ងៃទី១៧ មករា ។
រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក វេង សាខុន បានចេញសេចក្ដីណែនាំមួយ ប្រាប់ទៅអង្គភាពជំនាញក្រោមឱវាទរបស់ខ្លួន នៅរាជធានី-ខេត្ត ឲ្យបង្កើនផលិតកម្មដំណាំស្វាយចន្ទីឲ្យមានប្រសិទ្ធភាពខ្ពស់ ដោយចាប់ផ្តើមពិនិត្យ សិក្សាអំពីសក្ដានុពលជាយុទ្ធសាស្ត្រ និងកំណត់តំបន់ដាំដុះដំណាំស្វាយចន្ទី សម្រាប់ប្រជាកសិករ និងសហគមន៍កសិករខ្មែរ។
បន្ថែមពីលើនេះ លោករដ្ឋមន្ត្រី បានស្នើឲ្យមានការសម្របសម្រួល និងសហការជាមួយសមាគមស្វាយចន្ទីវៀតណាម ក្នុងការជ្រើសរើសក្រុមផលិត ការផ្ដល់បច្ចេកទេសទំនើបដល់កសិករ ឬសហគមន៍កសិករ ដោយផ្អែកតាម MOU។
លោក វេង សាខុន ក៏បានបញ្ជាក់ទៅមន្ត្រីក្រោមឱវាទខ្លួន ធ្វើការណែនាំ និងផ្សព្វផ្សាយឲ្យបានទូលំទូលាយដល់ក្រុមកសិករ ឬសហគមន៍កសិកម្ម ព្រមទាំងក្រុមហ៊ុនសម្បាទានដីសេដ្ឋកិច្ច ឲ្យចូលរួមបង្កើនផលិតកម្មដំណាំស្វាយចន្ទី ជាមួយសមាគមស្វាយចន្ទីវៀតណាម ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងទីផ្សារនាំចេញ៕
Tag:
វេង សុខុន
ស្វាយចន្ទី
© រក្សាសិទ្ធិដោយ thmeythmey.com