ជាតិ
សុខភាព
អ្នកជំងឺ​ឃ្លង់​ជាង​៦​ពាន់​នាក់ បានទទួល​ការព្យាបាល​នៅ​ពេទ្យ​គៀន​ឃ្លាំង ក្នុង​ឆ្នាំ​២០១៧
28, Jan 2018 , 8:59 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ មន្ទីរពេទ្យ​គៀន​ឃ្លាំង បានទទួល​អ្នកជំងឺ​មក​ព្យាបាល និង​យក​ថ្នាំ​ប្រើប្រាស់​ដោយ​ឥតគិតថ្លៃ ចំនួន ៦,៣៨៨​នាក់ នៅក្នុង​ឆ្នាំ ២០១៧ ។ ចំនួន​នេះ កើនឡើង​២០​ភាគរយ ធៀប​នឹង​ឆ្នាំ​២០១៦ ។  ឃ្លង់ ឬ​ហង់​សិន ជា​ប្រភេទ​ជំងឺឆ្លង  ដែល​អាចជា​សះស្បើយ​១០០​ភាគរយ បើ​ទទួល​ការព្យាបាល​ទាន់ពេល ប៉ុន្តែ​អ្នកជំងឺ​អាច​ពិការភ្នែក ពិការ​ដៃជើង អាចមាន​ដំបៅ ឬ​ដុះ​ដុំ​សាច់ នៅ​ផ្នែក​ផ្សេងទៀត​នៃ​រាងកាយ បើ​ព្យាបាល​មិនទាន់​ពេល​។​



​នៅក្នុង​ឆ្នាំ ២០១៧ មន្ទីរពេទ្យ​គៀន​ឃ្លាំង បានទទួល​អ្នកជំងឺ​មក​ព្យាបាល និង​យក​ថ្នាំ​ប្រើប្រាស់​ដោយ​ឥតគិតថ្លៃ ចំនួន ៦,៣៨៨​នាក់ ពោល​កើនឡើង​២០​ភាគរយ ធៀប​នឹង​ឆ្នាំ​២០១៦ ។ នេះ​បើតាម កញ្ញា Ajda Smrekar ប្រធាន​ផ្នែក​គ្រប់គ្រង​គុណភាព​នៃ​មន្ទីរពេទ្យ​គៀន​ឃ្លាំង ដែល​ថ្លែង​នា​ទិវា​ជំងឺ​ហង់​សិន​ពិភពលោក​លើក​ទី​៦៤  នៅ​ថ្ងៃទី​២៤ ខែមករា​។ កញ្ញា Ajda Smrekar បាន​ឲ្យ​ដឹង​ដែរ​ថា ក្រុមការងារ​របស់​ម​ន្ទីរ​ពេទ្យ​គៀន​ឃ្លាំង បាន​ចុះ​ស្វែងរក​អ្នកជំងឺ​ដល់​មូលដ្ឋាន និង​ផ្សព្វផ្សាយ​អប់រំ ដល់​ប្រជាពលរដ្ឋ​ពី​មូលហេតុ​នៃ​ការឆ្លង និង​ការព្យាបាល ពី​អ្នកជំនាញ​ជំងឺឃ្លង់ ដើម្បី​ចូលរួម​លុបបំបាត់ ជំងឺ​ហង់​សិន ឬ​ឃ្លង់​នេះ នៅ​ប្រទេស​កម្ពុជា ក៏ដូចជា​នៅលើ​ពិភពលោក​។​
អត្ថបទទាក់ទង



​ក្នុង​ពិធី​នោះដែរ លោក វេជ្ជបណ្ឌិត អ៊ុន វ៉ាន់​ថន អ្នកគ្រប់គ្រង​បច្ចេកទេស​ព្យាបាល​ជំងឺ​ហង់​សិន នៃ​មន្ទីរពេទ្យ​គៀន​ឃ្លាំង​បាន​បញ្ជាក់ថា ជំងឺឃ្លង់ ឬ​ហង់​សិន មិនមែនជា​ជំងឺ​តំណពូជ​ឡើយ ប៉ុន្តែ​វា​ជា​ប្រភេទ​ជំងឺឆ្លង ដែល​បង្កឡើង​ដោយ​មេរោគ​ឈ្មោះ «​បា​ស៊ី​ហង់​សិន​» ។ ជំងឺ​នេះ ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​ម្នាក់ទៀត តាមរយៈ​ការដកដង្ហើម និង​ការប៉ះពាល់​របួស ឬ​ទឹករងៃ​របស់​អ្នកជំងឺ ហើយ​មេរោគ​ជំងឺ​នេះ អាច​ស្ថិតនៅក្នុង​ខ្លួន​អ្នកជំងឺ​ពី ២​ទៅ​៣​ឆ្នាំ ទើប​ចេញ​រោគសញ្ញា​។ យ៉ាងណាក៏ដោយ ជំងឺឃ្លង់ អាចជា​សះស្បើយ​១០០​ភាគរយ បើសិនជា​បាន​ព្យាបាល​ទាន់ពេលវេលា ប៉ុន្តែ​ជំងឺ​នឹង​បង្ក​ឲ្យ​អ្នកជំងឺ​អាច​ពិការភ្នែក ពិការ​ដៃជើង អាចមាន​ដំបៅ ឬ​ដុះ​ដុំ​សាច់ នៅ​ផ្នែក​ផ្សេងទៀត​នៃ​រាងកាយ បើ​ព្យាបាល​មិនទាន់​ពេល​។



​ទន្ទឹមនឹង​ថ្លែង​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ កុំ​ឲ្យ​រើសអើង​អ្នក​កើត​ជំងឺ​ហង់​សិន លោក អ៊ុន វ៉ាន់​ថន ក៏បាន​ស្នើ​ឲ្យ​ប្រញាប់​ទៅ មណ្ឌល​សុខភាព​រដ្ឋ ឬ​មកកាន់​មន្ទីរពេទ្យ​គៀន​ឃ្លាំង​នេះ ដើម្បី​ពិនិត្យ និង​ព្យាបាល​ទាន់ពេល ក្នុងករណី​មាន​ស្នាម​ពណ៌​ស ក្រហម ឬ​ខ្មៅ ជា​បន្ទះ ជា​ឃ្មឹល ឬ​ជា​ដុំ​ពក​ដែលមាន​លក្ខណៈ​ស្ងួត ស្ពឹក មិន​រមាស់ និង​មិន​ឈឺចាប់ នៅលើ​ស្បែក​៕










Tag:
 ឃ្លង់​
 ​ ហង់​សិន​
 ​ ពេទ្យ​គៀន​ឃ្លាំង​
© រក្សាសិទ្ធិដោយ thmeythmey.com