ជាតិ
ស្នាដៃ​អក្សរសិល្ប៍​រួមចំណែក​ទាញ​មនុស្ស​ឲ្យ​ដើរ​ផ្លូវ​វិជ្ជមាន​
29, Jan 2018 , 3:46 pm        
រូបភាព
​កំណាព្យ ប្រលោមលោក រឿង​ខ្លី និង​ស្នាដៃ​អក្សរសិល្ប៍​ផ្សេងទៀត សុទ្ធសឹងតែ​បង្កប់​នូវ​សារ​អប់រំ ក្នុង​គោលបំណង​ឲ្យ​អ្នកមើល អ្នកអាន អ្នក​ស្តាប់ និង​អ្នកទស្សនា ពិចារណា​ស្វែងរក​សន្តិភាព​ផ្លូវចិត្ត ហើយ​ឈានទៅដល់​សន្តិភាព​សង្គម​ទាំងមូល​។ នេះ​ជាការ​លើកឡើង​ដូចៗ​គ្នា​របស់​កវី និង​និពន្ធ​ដែលមាន​ទឹកដី​ជាច្រើនរូប នា​ពិធី​ប្រកាស​ជ័យលាភី​ពានរង្វាន់​អក្សរ​សី​ល្បិ៍​សន្តិភាព​លើក​ទី​៤ កាលពី​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០១៨ នៅ​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ​។​



«​កំណាព្យ​ដែល​អាច​ទាក់ចិត្ត​អ្នកមើល​បាន​ទាល់តែ​កវី​តែង​ឲ្យ​ត្រូវ​តាម​ក្បួនខ្នាត​ចំណាប់​ជួន​ត្រឹមត្រូវ ប្រកបដោយ​សូរសំឡេង​ពីរោះ​រណ្ដំ​ណែងណង ហើយ​អត្ថន័យ​វា​មាន​សមត្ថភាព និង​លទ្ធភាព​គ្រប់គ្រាន់ ក្នុងការ​ឆាប​ឆក់​បេះដូង​អ្នកអាន ឲ្យ​ប្រែប្រួល​ទៅតាម​អត្ថបទ​របស់ខ្លួន​»​។ នេះ​ជាការ​លើកឡើង​របស់​សាស្ត្រាចារ្យ ជ័យ ចាប អ្នកឯកទេស​ខាង​តែង​កំណាព្យ​។​



​នា​ពិធី​ប្រកាស​ជ័យលាភី​ពានរង្វាន់​អក្សរ​សី​ល្បិ៍​សន្តិភាព​លើក​ទី​៤ នោះ​ផងដែរ លោក ជ័យ ចាប ដែល​បច្ចុប្បន្ន​ជាទី​ប្រឹក្សា​ក្រសួងព្រះបរមរាជវាំង បាន​បន្ថែមថា ការ​តែង​បានល្អ ខ្លឹមសារ​ល្អ តែ​ខ្វះ​អត្ថរូប​មិន​បម្រើ​ឲ្យ​អារម្មណ៍ ហើយ​យកទៅអនុវត្ត​ក្នុង​ជីវភាព​ប្រចាំថ្ងៃ​មិនបាន​ទេនោះ ច្បាស់​ជា​មិនមាន​អ្នកគាំទ្រ​ស្នាដៃ​ឡើយ​។

​ដូចគ្នា​ដែរ អ្នកស្រី ប៉ុល ពិសី អ្នកនិពន្ធ ដែល​ភាគច្រើន​សរសេរ​ប្រលោមលោក​ពី​ការលើកតម្លៃ​ស្ត្រី និង​កុមារ បាន​មានប្រសាសន៍ថា ចំពោះ​ការសរសេរ​អត្ថបទ​មួយ ដើម្បី​ឲ្យ​អ្នកមើល​យក​គំរូ​តាម អ្នកនិពន្ធ​ត្រូវតែ​ចេះ​ច្នៃ​សាច់រឿង និង​ចេះ​បញ្ចូល​រូបារម្មណ៍​ទៅក្នុង​សាច់រឿង​ឲ្យ​ដូច​រឿង​ពិត និង​បង្កប់​សារ​អប់រំ​ផង​។



​អ្នកស្រី បាន​លើកឡើងថា​៖ «​សំណេរ​របស់ខ្ញុំ​ភាគច្រើន ចង់​លើកទឹកចិត្ត​ស្ត្រី​ឲ្យ​មានការ​តស៊ូ​ក្នុង​ជីវិត មិនត្រូវ​ខ្ចី​ដង្ហើម​គេ​មក​ដក​ឡើយ​។ ការនិពន្ធ​ទាល់តែ​ដឹងថា យើង​ចង់​សរសេរ​ពីអ្វី គោលដៅ​របស់​យើង​ចង់បាន​អ្វី ហើយ​ឆ្ពោះទៅ​អ្នកមើល​ប្រភេទ​ណា នោះ​ទើប​រឿង​របស់​យើង​ដាក់​ចំ​គោលដៅ​»​។​

​អ្នកនិពន្ធ គឹម ចាន់ណា ក៏​មិន​យល់​ខុសពី​នេះដែរ​។ លោក​បាន​មានប្រសាសន៍ថា កម្មវិធី​ប្រកាស​ជ័យលាភី​អក្សរសិល្ប៍​សន្តិភាព​លើក​នេះ ជា​ឱកាសល្អ​សម្រាប់​អ្នកចូលរួម​ទាំងអស់ បានទទួល​បទពិសោធ​ន៍​បន្ថែម​ស្ដីពី​ការ​តែង​និពន្ធ​។  ​លោក​ជឿថា​ការធ្វើ​កម្មវិធី​នេះ​ញឹកញាប់ នឹងចូលរួម​លើកកម្ពស់​ការអាន និង​ការ​តែង​និពន្ធ​។ លោក​បាន​អះអាងថា លោក​បាន​ណែនាំ​មនុស្ស​ឲ្យ​អាន​សៀវភៅ​ចំណេះដឹង​ទូទៅ​ដើម្បី​ឲ្យ​ខ្លួន​ក្លាយជា​មនុស្ស​មានគុណ​ភាព​ក្នុងសង្គម​។​

​សូមបញ្ជាក់ថា ជ័យលាភី​ពានរង្វាន់​អក្សរសិល្ប៍​សន្តិភាព​លើក​ទី​៤ ដែល​រៀបចំឡើង​ដោយ សមាគម​អ្នកនិពន្ធ​ខ្មែរ​នៅ​បរទេស​ប្រចាំ​ប្រទេស​បារាំង សហការ​ជាមួយ​សមាគម​អ្នកនិពន្ធ​ខ្មែរ​ធ្វើឡើង​ក្នុង​ឆ្នាំ​២០១៨​នេះ មិនមាន​ចំណាត់ថ្នាក់​លេខ​១​ឡើយ​។​

​ចំពោះ​ផ្នែក​រឿង​ខ្លី ជ័យលាភី​លេខ​២​រឿង «​មនុស្ស​» ស្វាយ លី​ម៉េង​។ ជ័យលាភី​លេខ​៣​រឿង «​នំ​បុ័ង​ប្រឡាក់​ដី​» របស់ ប៊ុន ពិសី​។ រង្វាន់​លើកទឹកចិត្ត​រឿង «​ទឹកចិត្ត​គិលានុបដ្ឋាក​យិ​កា​» របស់ ឈាវ សំណាង និង​រឿង «​មន្ត​ស្នេហ៍​រទេះរុញ​» របស់​កញ្ញា ជឿន គឹម​ហេង​។​ ​រីឯ​ផ្នែក​កំណាព្យ​វិញ ជ័យលាភី​លេខ​២​បាន​ទៅលើ​កំណាព្យ «​គន់មើល​សត្វ​ក្នុង​សួន​» របស់ ហូ​វ លី​ឃាង​។ ជ័យលាភី​លេខ​៣ បាន​លើ «​សន្យា​ដើមឆ្នាំ​» របស់ ហ៊ួ​ន សា​វង​។ ជ័យលាភី​លើកទឹកចិត្ត «​វាសនា​កញ្ចក់​» របស់ ប៉េង សំរិទ្ធ​៕








 

Tag:
 អក្សរសិល្ប៍​
 ​ ពានរង្វាន់​
 ​ សន្តិភាព​
© រក្សាសិទ្ធិដោយ thmeythmey.com