ជាតិ
កម្ពុជា មាន​អ្នកជំនាញ​ទេសចរណ៍​ជាង​២​ពាន់​នាក់ ដែល​ទទួលស្គាល់​ពី​លេខាធិការដ្ឋាន​អាស៊ាន​
04, Feb 2018 , 8:59 pm        
រូបភាព
រូបភាព​ពីក្រសួងទេសចរណ៍
រូបភាព​ពីក្រសួងទេសចរណ៍
 ​ភ្នំពេញ​៖ ក្រសួងទេសចរណ៍ បញ្ជាក់ថា បច្ចុប្បន្ន​កម្ពុ​ជាមាន​អ្នកជំនាញ​ទេសចរណ៍​ជាង ២​ពាន់​នាក់ ដែល​ទទួលស្គាល់​ដោយ​លេខាធិការដ្ឋាន​អាស៊ាន និង​ប្រទេស​ជា​សមាជិក​។ អ្នកជំនាញ​ទេសចរណ៍​កម្ពុជា ជាង ២​ពាន់​នាក់​នេះ បាន​ឆ្លងកាត់​កម្មវិធីសិក្សា​ជំនាញ​វិជ្ជាជីវៈ​ទេសចរណ៍​អាស៊ាន​ផងដែរ​។ 


​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​លើកឡើងថា បច្ចុប្បន្ន  កម្ពុ​ជាមាន​អ្នកជំនាញ​ទេសចរណ៍​ប្រមាណ​ជាង​២​ពាន់​នាក់ ដែល​បាន​ឆ្លងកាត់​កម្មវិធីសិក្សា​ជំនាញ​វិជ្ជាជីវៈ​ទេសចរណ៍​អាស៊ាន ដែល​ដាក់ចុះ​ដោយ​ក្រសួងទេសចរណ៍​។ លោក​រដ្ឋមន្ត្រី បន្តថា​អ្នកជំនាញ​ទាំងនោះ មានការ​ទទួលស្គាល់ ដោយ​លេខាធិការដ្ឋាន​អាស៊ាន និង​ប្រទេស​ជា​សមាជិក រួមទាំង​មានឱកាស​ផ្លាស់​ការងារ ក្នុង​តំបន់​ផងដែរ​។ នេះ​បើតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ក្រសួងទេសចរណ៍​។​
 
​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បញ្ជាក់ថា តាម​ការសិក្សា ក្នុងចំណោម​អ្នកជំនាញ​ទេសចរណ៍​កម្ពុជា ប្រមាណ​៦២​ម៉ឺន​នាក់ មាន​អ្នកជំនាញ​ប្រមាណ ៤០​ភាគរយ បាន​ឆ្លើយតប​ទៅនឹង​ស្តង់ដា​សមត្ថភាព​អាស៊ាន​។ ជាមួយគ្នានេះ ក្រសួង​ក៏បាន​បណ្តុះបណ្តាល និង​វាយតម្លៃ​អ្នកជំនាញ​ទេសចរណ៍​ប្រមាណ​៦០​ភាគរយ​បន្ថែមទៀត​ផងដែរ​។ 
 
​លោក ថោ​ន ខុន បន្ថែមថា តាម​ការ​ព្យាករ នៃ​ការមកដល់​របស់​ភ្ញៀវទេសចរ​អន្តរជាតិ​ក្នុង​ឆ្នាំ​២០២០  ប្រមាណ​៧​លាន​នាក់ ឧស្សាហកម្ម​ទេសចរណ៍ នឹង​បង្កើត​ឱកាស​ការងារ​ផ្ទាល់ ប្រមាណ​១​លាន​នាក់ និង​ប្រមាណ​១,២​លាន​នាក់ នៅ​ឆ្នាំ​២០២៥ ព្រមទាំង​ប្រមាណ​១,៧​លាន​នាក់ នៅ​ឆ្នាំ​២០៣០​។​
 
​សូមបញ្ជាក់ថា ក្រសួងទេសចរណ៍ នឹង​អនុវត្ត​កម្មវិធី​បណ្ដុះបណ្ដាល​ជំនាញ​ទេសចរណ៍​អាស៊ាន នៅតាម​វិទ្យាល័យ​ចំណេះ​ទូទៅ និង​បច្ចេកទេស ដោយ​សហការ​ជាមួយ​ក្រសួង​អប់រំ និង​ក្រសួង​ជំនាញ​ផ្សេងៗ​។ កម្មវិធី​បណ្ដុះបណ្ដាល​នេះ នឹង​ជួយ​ឲ្យ​សិស្ស​ដែល​បញ្ចប់​ថ្នាក់​ទី​៩ អាច​បន្ត​ការសិក្សា​ជំនាញ​វិជ្ជាជីវៈ​ទេសចរណ៍​រយៈពេល​៣​ឆ្នាំ ដោយ​ទទួលបាន​សញ្ញាបត្រ​វិជ្ជាជីវៈ ដែលមាន​តម្លៃ​ស្មើ​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​៕

Tag:
 អ្នកជំនាញ​ទេសចរណ៍​
  អាស៊ាន​
  ថោ​ន ខុន
© រក្សាសិទ្ធិដោយ thmeythmey.com