អន្តរជាតិ
​ម៉ា​ល់​ឌី​វ​៖ តុលាការ​កំពូល​រក​វិធី​ទម្លាក់​ប្រធានាធិបតី ព្រោះ​មិន​ព្រម​ដោះលែង​អ្នកទោសនយោបាយ​
05, Feb 2018 , 9:39 pm        
រូបភាព
ប្រធានាធិបតីម៉ាល់ឌីវ Abdulla Yameen (រូបភាព៖ AFP)
ប្រធានាធិបតីម៉ាល់ឌីវ Abdulla Yameen (រូបភាព៖ AFP)
​តុលាការ​កំពូល​ម៉ា​ល់​ឌី​វ កំពុង​ស្វែងរក​វិធានការ ដើម្បី​ដកហូត​តំណែង​ប្រធានាធិបតី​បច្ចុប្បន្ន ក្រោយ​ពេលដែល​លោក មិន​គោរព​បទបញ្ជា ឲ្យ​ដោះលែង​បណ្តា​អ្នកនយោបាយ​បក្សប្រឆាំង កាលពី​សប្តាហ៍​មុន​។ ប៉ុន្តែ​តំណាង​រដ្ឋាភិបាល បានដាក់​បញ្ជា​ឲ្យ​ទីភ្នាក់ងារ​រដ្ឋ​ទាំងអស់ ជាពិសេស​កម្លាំងប្រដាប់អាវុធ មិនបាច់​គោរព​បទបញ្ជា​របស់​តុលាការ​កំពូល​ឡើយ​។



​ម៉ា​ល់​ឌី​វ កំពុង​ផុង​កាន់តែ​ជ្រៅ​ក្នុង​វិបត្តិ​នយោបាយ ដោយ​ចលនា​បាតុកម្ម​ផុសផុល​ឡើង ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល ដោះលែង​អ្នកទោសនយោបាយ តាម​ការសម្រេច​របស់​តុលាការ​កំពូល​។ ប៉ុន្តែ​រដ្ឋាភិបាល      ម៉ា​ល់​ឌី​វ ក្រោម​ការដឹកនាំ​របស់​ប្រធានាធិបតី Abdulla Yameen មិនបាន​ខ្វល់​ឡើយ ហើយក៏​ត្រៀមខ្លួន​តតាំង​ជាមួយ​តុលាការ​កំពូល​ទៀត​។​

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP កាលពី​ថ្ងៃ​ព្រហស្បតិ៍ តុលាការ​កំពូល​ម៉ា​ល់​ឌី​វ បាន​ទាត់ចោល​បណ្តឹង​ចោទប្រកាន់ របស់​រដ្ឋាភិបាល​ម៉ា​ល់​ឌី​វ លើ​អ្នកនយោបាយ​៩​នាក់ ក្នុងនោះ​មាន​អតីត​ប្រធានាធិបតី Mohamed Nasheed ដែល​កំពុង​និរទេស​ខ្លួន នៅ​អង់គ្លេស​ផងដែរ​។ តុលាការ​ទាមទារ​ឲ្យ​រដ្ឋាភិបាល ដោះលែង​អ្នកនយោបាយ​ទាំងនោះ ហើយក៏​បានសម្រេច​ផ្តល់​សិទ្ធិ និង​អំណាច​ឡើងវិញ ដល់​តំណាង ១២ នាក់​ផ្សេងទៀត ដែល​បានប្រកាស​ចូលរួម​ជីវភាព​នយោបាយ ជាមួយ​បក្សប្រឆាំង​នោះ​។​

​រដ្ឋាភិបាល​បច្ចុប្បន្ន បារម្ភ​ខ្លាំង​ព្រោះ​កាលណា​បើ​អ្នកនយោបាយ ១២ នាក់​ខាងលើ ត្រឡប់​ចូល​សភា​វិញ ក្នុងនាម​ជា​តំណាងរាស្ត្រ​បក្សប្រឆាំង បក្ស​ខ្លួន នឹង​បាត់បង់​សំឡេង​ភាគច្រើន និង​ចាញ់​ប្រៀប​បក្សប្រឆាំង​មិន​ខាន​។

​ទាក់ទិន​បញ្ហា​ដកហូត​តំណែង​ប្រធានាធិបតី អគ្គ​រដ្ឋអាជ្ញា​ម៉ា​ល់​ឌី​វ Mohamed Anil បាន​អះអាងថា មកដល់ពេលនេះ តុលាការ​ការ​កំពូល កំពុង​ស្វែងរក​ចំណាត់ការ ដើម្បី​ធើ្វ​យ៉ាងណា ដកហូត​តំណែង​ប្រធានាធិបតី Yameen ឲ្យ​បាន ដោយសារ​លោក មិន​គោរព​បទបញ្ជា​របស់​តុលាការ​កន្លងមក​នោះ​។

​មន្ត្រីជាន់ខ្ពស់​តំណាង​រដ្ឋាភិបាល​រូបនេះ បានបញ្ជាក់​ដូច្នេះ​៖« យើង​បានទទួល​ដំណឹង​ថា តុលាការ​នឹង​ចេញ​សេចក្តីសម្រេច​ដកហូត​តំណែង​ប្រធានាធិបតី ហើយ​វា​នឹង​នាំ​ឲ្យ​មាន​វិបត្តិ​សន្តិសុខ​ជាតិ​ផង​។ ស្ថាប័នរដ្ឋ​ទាំងអស់ បានទទួល​ដំណឹង​នេះ ហើយ​រាល់​ស្ថាប័នរដ្ឋ​ទាំងអស់ មិនមាន​សមត្ថកិច្ច​ក្នុងការ​អនុវត្ត​អំណាច ដែល​មិន​មានចែង​ក្នុង​រដ្ឋធម្មនុញ្ញ​ឡើយ​»​។​

​លោក Anil បាន​បន្ថែមថា លោក​បាន​ប្រាប់​ស្ថាប័នរដ្ឋ​ទាំងអស់​ផងដែរ​ថា ក្នុងស្ថានភាព​បែបនេះ ទីភ្នាក់ងារ​អនុវត្ត​ច្បាប់​ទាំងអស់ មិនគួរ​គោរព​សេចក្តីសម្រេច​របស់​តុលាការ ដែល​ផ្ទុយ​នឹង​រដ្ឋធម្មនុញ្ញ​ឡើយ​។​

​ចំណែក​ប្រធានាធិបតី Yameen ឯណោះ​វិញ បាន​អះអាងថា លោក​ត្រៀមខ្លួន ដើម្បី​ប្រកាស​រៀបចំ​បោះឆ្នោត​បោះឆ្នោត​ឆាប់ៗ មុនពេល​អាណត្តិ​នយោបាយ​របស់លោក ចប់​នៅក្នុង​ខែវិច្ឆិកា ដើម្បី​ផ្តល់​សិទ្ធិ​ឲ្យ​ប្រជាពលរដ្ឋ​ម៉ា​ល់​ឌី​វ អនុវត្ត​សិទ្ធិ និង​រើស​មេដឹកនាំ​ដែល​ខ្លួន​ពេញចិត្ត​។  លោក​បន្ថែមថា លោក​មិន​រំពឹង​សោះ ចំពោះ​សេចក្តីសម្រេច​របស់​តុលាការ ប៉ុន្តែ​លោក​អះអាងថា អាជ្ញាធរ​របស់លោក ត្រូវធ្វើ​ការងារ​ច្រើន​ដើម្បី​ធានាថា ពួកគេ​អាចអនុវត្ត​សេចក្តីសម្រេច​របស់​តុលាការ​បាន ដោយ​មិន​បង្ក​ផលប៉ះពាល់​ខ្លាំង​ដល់​ប្រទេសជាតិ​នោះ​។​

​ទាក់ទិន​វិបត្តិ​នយោបាយ​នេះដែរ អគ្គលេខាធិការ​អង្គការសហប្រជាជាតិ អាន់​តូ​នី​ញ៉ូ ហ្គូ​តេ​រ៉េ​ស រួមជាមួយ​តំណាង​សហរដ្ឋអាមេរិក បាននាំគ្នា​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ម៉ា​ល់​ឌី​វ ធ្វើយ៉ាងណា​គោរព​ឲ្យ​បាន​នូវ​បញ្ជា​របស់​តុលាការ​កំពូល និង​ស្វែងរក​ផ្លូវ ដើម្បី​បង្កើត​ដំណោះស្រាយ​នយោបាយ​ផងដែរ​៕


Tag:
 ម៉ា​ល់​ឌី​វ​
  Abdulla Yameen
  Mohamed Nasheed
© រក្សាសិទ្ធិដោយ thmeythmey.com