អន្តរជាតិ
ត្រាំ ថា​សមាជិកសភា​ដែល​មិន​ទះដៃ​ពេល​លោក​ថ្លែង​សុន្ទរកថា សុទ្ធតែ​មិន​ស្រលាញ់​ប្រទេសជាតិ
06, Feb 2018 , 10:43 am        
រូបភាព
លោក ដូណាល់ ត្រាំ កំពុងថ្លែងក្នុងសភា (រូបភាព៖ AFP)
លោក ដូណាល់ ត្រាំ កំពុងថ្លែងក្នុងសភា (រូបភាព៖ AFP)
​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ នៅ​ថ្ងៃទី​៥ ខែមករា បាន​រិះគន់​អ្នកនយោបាយ​មកពី​បក្ស​ប្រជាធិបតេយ្យ​ដែល​អង្គុយ​ស្ងៀម​មិន​ទះដៃ​អ​អបអរ ពេល​លោក​និយាយ​ពី​សមិទ្ធផល​របស់​រដ្ឋា​ភិ​បាល​នាឱកាស​ថ្លែង​សុន្ទរកថា​ប្រចាំឆ្នាំ​នៅ​សភា​កាលពី​សប្ដាហ៍​មុន​។ លោក ត្រាំ ចាត់ទុក​ទង្វើ​សមាជិក​បក្ស​ប្រជាធិបតេយ្យ ជា​ការមិន​ស្រឡាញ់​ប្រទេសជាតិ ហើយ​អាច​ក្លាយជា​ទោស​ក្បត់ជាតិ​។ ប៉ុន្តែ​បក្ស​ប្រជាធិបតេយ្យ​បាន​រិះគន់​ការលើកឡើង​បែបនេះ​វិញ ហើយ​ថា លោក ត្រាំ មិន​យល់​អ្វី​ជា​ទោស​ក្បត់ជាតិ​ផង​។​



​ត្រឡប់​ទៅ​ការ​ថ្លែង​សុន្ទរកថា​ចំពោះមុខ​សភា ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បាន​រៀបរាប់​ពី​សមិទ្ធផល​ដែល​រដ្ឋាភិបាល​លោក​សម្រេចបាន​ក្នុងពេល​មួយឆ្នាំ និង​នយោបាយ​អាមេរិក​ក្នុង​ឆ្នាំ​ខាងមុខ​។ សមាជិក​រដ្ឋសភា និង​ព្រឹទ្ធសភា​មកពី​បក្ស​សាធារណរដ្ឋ និង​អ្នកចូលរួម​ផ្សេងទៀត បាន​ងើបឈរ​ទះដៃ​អបអរសាទរ ពេល​លោក ត្រាំ និយាយ​ម្ដងៗ​។ ប៉ុន្តែ​ក្រុម​អ្នក​យោ​បាយ​បក្ស​ប្រជាធិបតេយ្យ​វិញ មិនសូវ​រីករាយ​ឡើយ ហើយក៏​មិន​ធ្វើ​សកម្មភាព​ដូច​បក្ស​សាធារណរដ្ឋ​ដែរ​។​

​លោក ត្រាំ ហាក់​អន់ចិត្ត​ខ្លាំង​ចំពោះ​ទង្វើ​របស់​សមាជិកសភា​ទាំងពីរ​ជាន់​នៃ​បក្ស​ប្រជាធិបតេយ្យ​។ លោក​បាន​រិះគន់​បក្ស​នេះ​ក្នុងការ​ថ្លែង​សុន្ទរកថា​មួយ​នៅ​ថ្ងៃទី​៥ ខែមករា នៅឯ​រដ្ឋ Ohio ហើយ​ថែមទាំង​ឆ្ងល់​ថា​ហេតុអ្វី​ពួកគេ​មិន​អបអរ​ជោគជ័យ​របស់​អាមេរិក​ក្រោម​ការគ្រប់គ្រង​របស់លោក​។ បើតាម​សារព័ត៌មាន​អាមេរិក USA Today លោក ត្រាំ ក៏​សន្យា​ដាក់វិន័យ​អ្នកនយោបាយ​បក្ស​នេះ​ក្នុងការ​បោះឆ្នោត​សភា​ក្នុង​ខែវិច្ឆិកា​ខាងមុខ​។​

​ពី​ទីក្រុង Cincinnati ប្រធានាធិបតី​បក្ស​សាធារណរដ្ឋ​រូបនេះ​បាន​ប្រដូច​អាកប្បកិរិយា​នឹងថ្កល់​របស់​សមាជិក​ប​ក្ស​ប្រជាធិបតេយ្យ ទៅនឹង​មនុស្ស​ស្លាប់ និង​មិនមែនជា​ទង្វើ​ពលរដ្ឋ​អាមេរិក​ឡើយ​។ លោក ត្រាំ បាន​រំឭក​សុន្ទរកថា​ស្ដីពី​ការថយចុះ​អត្រា​អត់​ការងារ​របស់​ប្រជាជន​អាមេរិក ដែល​សមាជិក​បក្ស​សាធារណរដ្ឋ​អបអរ តែ​បក្ស​ប្រជាធិបតេយ្យ​នៅ​ស្ងៀម​ទៅវិញ​។ លោក​ថា បក្ស​ប្រជាធិបតេយ្យ​ចង់ឃើញ​លោក​ធ្វើការ​មិនល្អ ជាង​ចង់ឃើញ​ប្រទេស​រីកចម្រើន​។    

​បើតាម​លោក ត្រាំ សកម្មភាព​របស់​សមា​ជិ​ក​សភា​បក្ស​ប្រជាធិបតេយ្យ អាច​ចាត់ទុកជា​ទោស​ក្បត់ជាតិ ដ្បិត​លោក​យល់ថា ពួកគេ​មិន​ស្រឡាញ់​ប្រទេស​ខ្លួនឯង​ឡើយ​។ ភ្លាមៗ​ក្រោយ​ការលើកឡើង​របស់លោក ត្រាំ សមាជិក​បក្ស​ប្រជាធិបតេយ្យ​ក៏​រិះគន់​តប​វិញ ដោយ​ហៅ​សម្ដី​លោក ត្រាំ ជាការ​បំពាន​សិទ្ធិ​បញ្ចេញមតិ និង​ចោទ​លោក​ថា ចង់​ធ្វើ​ដូច​ជន​ផ្ដាច់ការ​ទៅទៀត​។ លោក David Pepper ប្រធាន​បក្ស​ប្រជាធិបតេយ្យ​រដ្ឋ Ohio និយាយថា លោក ត្រាំ ធ្វើ​ដូច​ប្រធានាធិបតី​រុស្ស៊ី វ្ល៉ា​ឌី​មៀ ពូ​ទីន ។​

​សមាជិកសភា​បក្ស​ប្រជាធិបតេយ្យ​លោក Don Beyer ក៏បាន​វាយបក​ទៅ​សម្ដី​គំរាម​របស់លោក ត្រាំ ដែលថា បក្ស​ប្រជាធិបតេយ្យ​អាច​មានទោស​ក្បត់ជាតិ​នោះ​។ សមាជិកសភា​រូបនេះ​អះអាងថា លោក ត្រាំ មិន​យល់​អ្វី​ទៅជា​រឿង​ក្បត់ជាតិ និង​បាន​ប្រាប់​ឲ្យ​ប្រធានាធិបតី​រូបនេះ​អាន​រដ្ឋធម្មនុញ្ញ​អាមេរិក​ឡើងវិញ ត្រង់​មាត្រា​៣ ដែល​ចែង​ពី​ការព្រួយបារម្ភ​របស់​ស្ថាបនិក​បង្កើត​អាមេរិក​ជុំវិញ​ការសង​សឹក​ផ្នែក​នយោបាយ​៕


Tag:
 អាមេរិក​
  ដូ​ណា​ល់ ត្រាំ​
  គណបក្ស​ប្រជាធិបតេយ្យ
© រក្សាសិទ្ធិដោយ thmeythmey.com