ជាតិ
សម្ដេច ស ខេង បញ្ជា​ឲ្យ​សមត្ថកិច្ច​បង្ក្រាប​គោលដៅ​មេខ្លោង​គ្រឿងញៀន​
07, Feb 2018 , 9:33 am        
រូបភាព
​ភ្នំពេញ​៖ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ សម្ដេច ស ខេង បាន​បញ្ជា​ឲ្យ​សមត្ថកិច្ច​ទូទាំងប្រទេស ចុះបង្ក្រាប​ឲ្យ​ចំ​មេខ្លោង​គ្រឿងញៀន ដើម្បី​កាត់ផ្ដាច់​ចរន្ត​គ្រឿងញៀន ដែល​ឆ្លងដែន​ចូលមក​កម្ពុជា​។ ថ្លែង​ក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​លទ្ធផល​នៃ​ការត្រួតពិនិត្យ​ការងារ​គ្រឿងញៀន​ឆ្នាំ​២០១៧ កាលពី​ថ្ងៃទី​៥ កុម្ភៈ សម្ដេច ស ខេង បានបង្ហាញ​ពី​កង្វល់​នៃ​ការបង្ក្រាប​គ្រឿងញៀន​យ៉ាងគំហុក ដែល​នាំ​ឲ្យ​មានការ​ចាប់ខ្លួន​ជនសង្ស័យ​ពាក់ព័ន្ធ​គ្រឿងញៀន​យ៉ាងច្រើន​នៅ​កម្ពុជា​។



​សូម​ស្ដាប់​សំឡេង​៖




​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានបញ្ជាក់​ដូច្នេះ​ថា​៖ «​ត្រូវខិតខំ​កសាង​សមត្ថភាព​មន្ត្រី​ក្នុងការ​ស្រាវជ្រាវ និង​ស៊ើបអង្កេត​បន្ថែមទៀត ដើម្បី​មានលទ្ធភាព​បង្ក្រាប​ឲ្យ​ចំ​មេខ្លោង និង​កាត់ផ្តាច់​ខ្សែរយៈ​អង្គ​ការចាត់​តាំងរបស់​ពួកនេះ​ឲ្យ​ដល់​ឫសគល់ ។ ទន្ទឹមនឹងនេះ ត្រូវផ្តោត​ការយកចិត្តទុកដាក់​ឲ្យ​បាន​ខ្លាំង​ថែមទៀត ក្នុងការ​ទប់ស្កាត់​បទ​ល្មើស​គ្រឿងញៀន​តាម​ព្រំដែន​កម្ពុជា​-​ឡាវ ដែលជា​ភូមិសាស្ត្រ​របៀង​គ្រឿងញៀន​ពី​តំបន់ត្រីកោណមាស ដើម្បី​ធ្វើយ៉ាងណា​បង្ការ និង​បង្ក្រាប​ឲ្យ​បាន នូវ​ការ​លួចលាក់​ចរាចរ​គ្រឿងញៀន​ឆ្លងកាត់​ព្រំដែន​ចូលមក​ប្រទេស​យើង​»​។​
អត្ថបទទាក់ទង

​ក្នុង​ឆ្នាំ​២០១៧ អ្នកញៀន​គ្រឿងញៀន មាន​ចំនួន ១៤៧៨២​នាក់ ដែល​ទទួល​ការព្យាបាល នៅតាម​មូលដ្ឋាន​សុខាភិបាល​សាធារណៈ និង​មណ្ឌល​បណ្ដោះអាសន្ន​។ ចំនួន​អ្នកប្រើប្រាស់​គ្រឿងញៀន បាន​កើនឡើង​៣១០១​នាក់ ដែល​ស្មើនឹង​២៦​ភាគរយ បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២0១៦​។ នេះ​បើតាម​របាយការណ៍ ពី​គណៈកម្មាធិការ​ទទួលបន្ទុក​ការព្យាបាល និង​ស្ដារនីតិសម្បទា​អ្នកញៀន​គ្រឿងញៀន ដែល​ត្រូវបាន​ផ្សា​ព្វ​ផ្សាយ ក្នុង​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ត្រួតពិនិត្យ​អ្នកញៀន​គ្រឿងញៀន​ឆ្នាំ​២១៧ ដែល​រៀបចំឡើង​នៅ​ថ្ងៃទី​៥ ខែកុម្ភៈ ឆ្នាំ​២០១៨៕


Tag:
 ស ខេង​
  គ្រឿងញៀន
© រក្សាសិទ្ធិដោយ thmeythmey.com