អន្តរជាតិ
ស្វាមីមហាក្សត្រីយានីដាណឺម៉ាក សុគតក្នុងព្រះជន្ម៨៣វស្សាដោយសារមហារីកសួត ព្រះអង្គម្ចាស់ Henrik បានសុគតនៅពេលកំពុងផ្ទុំនៅឯប្រាសាទ Fredensborg ។ រូបថត AFP
× ព្រះអង្គម្ចាស់ Henrik ស្វាមីមហាក្សត្រីយ៍ Margrethe II នៃរាជាណាចក្រដាណឺម៉ាក បានសុគតក្នុងព្រះជន្ម៨៣វស្សា នៅថ្ងៃទី១៣ ខែកុម្ភៈ។ នេះបើតាមការប្រកាសរាជវាំងដាណឹម៉ាកនៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ។
ក្នុងសេចក្ដីប្រកាសរបស់រាជវាំងដាណឺម៉ាក ព្រះអង្គម្ចាស់ Henrik បានសុគតនៅពេលកំពុងផ្ទុំនៅឯប្រាសាទ Fredensborg ចម្ងាយប្រហែល៤២គីឡូម៉ែត្រខាងក្រៅរាជធានីកូប៉ិនហាក ដោយមានមហាក្សត្រិយានី Margrethe II និងបុត្រាពីរអង្គនៅក្បែរផង។ ព្រះអង្គម្ចាស់ Henrik ត្រូវបានបញ្ជូនទៅកាន់ប្រាសាទ Fredensborg បន្ទាប់ពីចូលសម្រាកក្នុងមន្ទីរពេទ្យចាប់ពីថ្ងៃទី២៨ ខែមករាមក។ ព្រះអង្គមានជំងឺមហារីកសួតធ្ងន់ធ្ងរ។
ព្រះអង្គម្ចាស់ Henrik មានឈ្មោះដើមថា Henri Marie Jean Andre de Laborde de Monpezat កើតនៅ១៩៣៤ នៅឯ Talence ក្បែរក្រុង Bordeaux ប្រទសបារាំង។ ព្រះអង្គម្ចាស់អង្គនេះ បានរៀបអភិសេកជាមួយមហាក្សត្រីយានី Margrethe ក្នុងឆ្នាំ១៩៦៧ ដែលពេលនោះកាន់តំណែងជារជ្ជទាយាទរបស់ដាណឺម៉ាកនៅឡើយ។ មហាក្សត្រីយានី Margrethe សោយរាជ្យនៅក្នុងខែមករា ឆ្នាំ១៩៧២ ។
បើតាមទីភ្នាក់ងារព័ត៌មាន AFP ព្រះអង្គម្ចាស់ Henrik មិនសប្បាយចិត្តឡើយ ពេលងាររបស់ទ្រង់មិនត្រូវបានផ្លាស់ប្ដូរទៅជា «ស្ដេច» ក្រោយមហេសីក្លាយជាមហាក្សត្ររបស់ដាណឺម៉ាកនោះ។ ទ្រង់បានចូលនិវត្តន៍ពីកិច្ចការរដ្ឋក្នុងឆ្នាំ២០១៦ ហើយក្នុងឆ្នាំ២០១៧ ក៏មានជំងឺ Dementia ។
ដ្បិតជាស្វាមីមហាក្សត្រីយានីក្ដី ព្រះអង្គម្ចាស់ Henrik ធ្លាប់ប្រកាសថា ទ្រង់មិនចង់បញ្ចុះក្នុងផ្នូរក្បែរមហាក្សត្រីយានី Margrethe II ឡើយ ព្រោះតែមិនមានតំណែងស្មើមហេសី។ ជាប្រពៃណី រាជវង្សដាណឺម៉ាកតែងបញ្ចុះក្នុងផ្នូរ Roskilde Cathedral នៅខាងលិចក្រុងកូប៉ិនហាក ប៉ុន្តែសម្រាប់ព្រះអង្គម្ចាស់ Henrik ខាងរាជវាំងមិនបានបញ្ជាក់ឡើយ៕
Tag:
ដាណឺម៉ាក
Margrethe II
ព្រះអង្គម្ចាស់ Henrik
© រក្សាសិទ្ធិដោយ thmeythmey.com