ជាតិ
ស្នងការ​ខេត្តបន្ទាយមានជ័យ បញ្ជា​ឲ្យ​មន្ត្រី​ពង្រឹង​ការគ្រប់គ្រង​ជនជាតិ​ចិន​ឲ្យ​បាន​ម៉ត់ចត់
16, Feb 2018 , 9:19 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ បានចេញ​បញ្ជា​ឲ្យ​មន្ត្រី​គ្រប់លំដាប់​ថ្នាក់ គ្រប់គ្រង​និង​តាមដាន​ជនជាតិ​ចិន ដែល​មក​ធ្វើ​ការងារ និង​ស្នាក់នៅ​ក្រុង​ប៉ោយប៉ែត​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​ងាយស្រួល​ទប់ស្កាត់​បទល្មើស​ផ្សេងៗ ដែល​ប៉ះពាល់​សន្តិសុខ​សណ្តាប់ធ្នាប់​សាធារណៈ​។​



​លោក អាត់ ខែម បាន​និយាយថា ជនជាតិ​ចិន កំពុង​សម្រុក​មក​រស់​នៅ​ក្រុង​ប៉ោយប៉ែត ដោយ​ជួល​អគារ និង​បើក​របរ​អាជីវកម្ម​ផ្សេងៗ បន្ទាប់ពី​ខេត្ត​ព្រះសីហនុ​។ ដោយសារ​ឃើញ​សន្ទុះ​ចិន មក​រស់នៅ​ខេត្តបន្ទាយមានជ័យ​ច្រើន ស្នងការ​នគរបាល​រូបនេះ បានបញ្ជាក់​ឲ្យ​មន្ត្រី​គ្រប់លំដាប់​ថ្នាក់ តាមដាន​ត្រួតពិនិត្យ​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​ងាយស្រួល​ក្នុងការ​គ្រប់គ្រង​ពួកគេ​។ បើតាម​លោក អាត់ ខែម សកម្មភាព​ជនជាតិ​ចិន​មួយចំនួន​តូច ដែល​មក​ធ្វើ​ការងារ និង​ស្នាក់នៅ​ក្រុងព្រះសីហនុ​នោះ បាន​បង្ក​អ​ន្តិ​សុខ​ដល់​សាធារណៈ មាន​ទាំង​កាំភ្លើង​ប្រើប្រាស់ និង​បង្ក​របួសស្នាម​អ្នកដទៃ​ទៀតផង​។ 

​ស្នងការដ្ឋាន​នគរបាល​ជាតិ ដែល​បាន​ស្រង់​សម្តី​លោក អាត់ ខែម បានបញ្ជាក់​ដូច្នេះ​ថា​៖«​ជនជាតិ​ចិន​ដែល​មក​ស្នាក់នៅ​ក្រុង​ប៉ោយប៉ែត​រហូតមកដល​ពេលនេះ​មិនទាន់មាន​សកម្មភាព​បង្ក​ប៉ះពាល់​អសន្តិសុខ​អ្វី​នៅឡើយ​នោះទេ​។ ប៉ុន្តែ​កន្លងមក ជន​ជាតិចិន​មួយចំនួន​មក​ជួល​អគារ​នៅ​ក្រុង​ប៉ោយប៉ែត​បាន​លួចលាក់​ធ្វើ​សកម្មភាព​ជំរិត​ទារប្រាក់​ពី​ជនជាតិ​ចិន​គ្នាឯង​នៅក្នុង​ប្រទេស​ចិន តាម​ប្រព័ន្ធ​អ៊ិន​ធើ​ណិ​ត ត្រូវ​រង​ការបង្ក្រាប​ឃាត់ខ្លួន​ពី​កម្លាំង​សមត្ថកិច្ច​កម្ពុជា ដែលមាន​ការសហការ​ពី​ប៉ូលិស​ចិន​ផងដែរ​»​។​

​លោក អាត់ ខែម បាន​បន្ថែមថា បើសិន​ជនជាតិ​ចិន​មក​ធ្វើ​ការងារ និង​ប្រកបមុខរបរ​អាជីវក​ម្ម​ត្រឹមត្រូវ​តាមច្បាប់ ត្រូវ​បង្កលក្ខណៈ​ងាយស្រួល​ដល់​ពួកគេ ពីព្រោះ​ការចូល​មក​វិនិយោគ​របស់​ជនជាតិ​ចិន​ដោយ​ស្របច្បាប់ ក៏​ជា​ផ្នែក​មួយ​ដើម្បី​បង្កើន​សេដ្ឋកិច្ចជាតិ​របស់​ប្រទេស​កម្ពុជា​យើង​ផងដែរ​។
អត្ថបទទាក់ទង

​កាលពី​ថ្ងៃទី​៧ កុម្ភៈ លោក ស្យុ​ង ប៉ Xiong Bo ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា ទទួលស្គាល់ថា ពិត​ជាមាន​ជនជាតិ​ចិន​ខ្លះ ដែល​ដើរ​ទេសចរណ៍ និង​ធ្វើការ​នៅ​កម្ពុជា មិន​គោរព​ច្បាប់ ហើយ​បាន​បង្កបញ្ហា​ផ្សេងៗ​។ លោក ស្យុ​ង ប៉ អះអាងថា  បទល្មើស​ឬ​ទង្វើ​មិន​គប្បី ដែល​ជនជាតិ​ចិន​ទាំងនោះ បាន​ប្រព្រឹត្ត មានដូចជា  លេងល្បែង​ស៊ីសង ផឹកស្រា ជំរិត​ទារប្រាក់​តាម​ប្រព័ន្ធ​អ៊ីនធឺណិត និង​ទូរគមនាគមន៍ ជាដើម ដែល​បង្ក​ឲ្យ​ខូច​សណ្តាប់ធ្នាប់  និង​សន្តិសុខ​នៅ​កម្ពុជា ហើយ​រហូតដល់​ប៉ះពាល់​អាយុជីវិត​ប្រជាជន​ក៏មាន​។ ប៉​ន្តែ​ចិន​មិន​គាំទ្រ​សកម្មភាព​នេះឡើយ ហើយ​ចិន​គាំទ្រ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​របស់​រដ្ឋាភិបាល​កម្ពុជា ចាត់ការ​តាម​នីតិវិធី​។ បើតាម ស្យុ​ង ប៉ ចិន​មិន​អនុញ្ញាត​ឲ្យ​ជន​ណាមួយ ប្រើប្រាស់​ទឹកដី​កម្ពុជា ដើម្បី​ប្រព្រឹត្ត​សកម្មភាព​ល្មើសច្បាប់ ដែល​នាំ​ឲ្យ​ខូចប្រយោជន៍​របស់​ប្រទេស​ចិន​ទេ​៕



Tag:
 អាត់ ខែម​
  ចិន​
  បន្ទាយមានជ័យ
© រក្សាសិទ្ធិដោយ thmeythmey.com