កីឡាអន្តរជាតិ
អន្តរជាតិ
បុរសដែលលួចលុយប្រពន្ធទៅទិញក្លិប Portsmouth ត្រូវជាប់ទោស៥ឆ្នាំ លោក Sulaiman Al Fahim ដែលបានក្លាយជាម្ចាស់ក្លិប Portsmouth រយៈពេល៦ខែ ។ រូបថត AFP
× លោក Sulaiman Al Fahim ដែលបានក្លាយជាម្ចាស់ក្លិប Portsmouth រយៈពេល៦ខែ កាលពីឆ្នាំ២០០៩ ត្រូវតុលាការនៅអេមីរ៉ាតអារ៉ាប់រួម កាត់ទោសឲ្យជាប់ពន្ធនាគារ៥ឆ្នាំ ពីបទលួចលុយភរិយាចំនួន៥លានផោន (ជាង៧លានដុល្លារអាមេរិក) ដើម្បីដេញថ្លៃទិញក្លិប Portsmouth ដែលកំពុងមានវិបត្តិ។
លោក Al Fahim ដែលជាសមាជិកនៃក្រុមជំនួញ Abu Dhabi United Group ដែលបានទិញ Manchester City កាលពីឆ្នាំ២០០៨ ផងដែរនោះ ត្រូវបានរកឃើញថា បានលួចបង្កើតលិខិតស្នាម និងឯកសារក្លែងក្លាយមួយចំនួន។
កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០០៩ លោក Al Fahim បានចុះហត្ថលេខាក្នុងទិញ Portmouth ក្នុងទឹកប្រាក់៦០លានផោន (ប្រមាណ៨៥លានដុល្លារអាមេរិក) ពីអ្នកជំនួញបារាំង-អ៊ីស្រាអែល លោក Alexandre Gaydamak។ នេះបើតាម BBC។
នៅពេលនោះ Portsmouth ដែលក្នុងក្របខណ្ឌ Premier League កំពុងមានវិបត្តិហិរញ្ញវត្ថុយ៉ាងធ្ងន់ធ្ងរ ដោយបង្ខំលក់កីឡាករឆ្នើមៗចេញ។ ការចរចាទិញក្លិបមិនបានសម្រេចផ្លូវការ១០០ភាគរយឡើយ ដោយមានការខ្វះខាតថវិកាមួយចំនួន ប៉ុន្តែលោក Al Fahim នៅតែមានឈ្មោះជាម្ចាស់ក្លិប មុនពេលគាត់លក់បន្តទៅឲ្យអ្នកជំនួញអារ៉ាប៊ីសាអូឌីត លោក Ali Al Faraj។
២ឆ្នាំក្រោយមក ភរិយារបស់លោក Al Fahim បានពិនិត្យឃើញថា គណនីធនាគាររបស់គាត់បានបង់ប្រាក់ជាច្រើន បានសុំឲ្យមានការស៊ើបអង្កេតពីសំណាក់ធនាគារ និងតុលាការ។ ទីបំផុត សមត្ថកិច្ចរកឃើញថា ទឹកប្រាក់ក្នុងខ្ទង់៥លានផោននោះ ត្រូវបានលោក Al Fahim លួចដើម្បីបង្គ្រប់ទិញក្លិប Portsmouth។
លោក Al Fahim អាយុ៤២ឆ្នាំ មិនមានវត្តមាននៅតុលាការឡើយ។ ស្របពេលជាមួយគ្នានេះដែរ តុលាការព្រហ្មទណ្ឌ ក្រុងឌូបៃ បានកាត់អ្នកគ្រប់គ្រងធនាគារដាក់ពន្ធនាគារ៥ឆ្នាំដូចគ្នា ពីបទបង្កើតឯកសារក្លែងក្លាយ។
នៅពេលដែលលោក Al Fahim ធ្វើជាម្ចាស់ ក្លិប Portsmouth លេងនៅក្របខណ្ឌ Premier League ប៉ុន្តែវិបត្តិហិរញ្ញវត្ថុកាន់តែរីកធំឡេង បាបធ្វើឲ្យក្លិបរហស្សនាម Pompey ធ្លាក់ក្នុងការពិន័យរដ្ឋបាល២ដង ហើយត្រូវទម្លាក់ឲ្យទៅលេងក្របខណ្ឌលំដាប់ទាប។
ក្រោយមក Portsmouth ផ្លាស់ប្តូរម្ចាស់រហូតដល់ទៅ៧លើក ដោយបច្ចុប្បន្ន លោក Michael Eisner បានបន្តគ្រប់គ្រងចាប់តាំងពីខែសីហា ឆ្នាំ២០១៧មក ក្រោយការកាប់កាប់របស់ភ្នាក់ងារ Pompey Supporters Trust (PST)។
កាលពីរដូវកាលមុន Portsmouth បានឡើងពីក្របខណ្ឌ League Two ហើយបច្ចុប្បន្នពួកគេកំពុងនៅលេងរៀងទី៩នៃក្របខណ្ឌទីបីរបស់អង់គ្លេស៕
Tag:
បាល់ទាត់
Portsmouth
© រក្សាសិទ្ធិដោយ thmeythmey.com