ជាតិ
ជីវិត​កូន​អ្នក​ទន្លេ​ជាមួយ​ទឹក និង​ត្រី​
17, Feb 2018 , 9:40 am        
រូបភាព
អត្ថបទ និងរូបភាពៈ Chhut Chheana / USAID Wonders of the Mekong
អត្ថបទ និងរូបភាពៈ Chhut Chheana / USAID Wonders of the Mekong
​កុមារ​ទាំងពីរ​នាក់​នៅ​ក្នុង​រូបភាព​នេះ កំពុង​សារ​មង​ដែល​ពួកគេ​បានដាក់​ក្នុង​ទន្លេសាប ស្ថិតនៅ​ក្នុងភូមិ តា​ពៅ ឃុំ​កោះ​ចិន ស្រុក​ពញាឮ ខេត្តកណ្តាល​។នៅតាម​ដង​ទន្លេ​នានា​ក្នុងប្រទេស​កម្ពុជា គេ​អាច​ឃើញ​មាន​កុមារ ដែល​រស់​នៅតាម​បណ្តោយ​ទន្លេ ហាក់​មាន​ភាពស៊ាំ​ជាមួយ​ទឹក និង​ត្រី​។


 ក្រៅពី​ការសិក្សា​នៅ​សាលា កុមារ​ទាំងនេះ ចូលចិត្ត​ទៅ​នេសាទ​ត្រី​ដោយ​ការ​ដាក់មង ចងសន្ទូច តាម​ចំណង់​ចំណូលចិត្ត​របស់​ពួកគេ​ផងដែរ​។ ពួកគេ​ចេះ​ហែល​ទឹក អុំ ឬ​ចែវ​ទូក​យ៉ាង​ស្ទាត់ជំនាញ​។ ពួកគេ​អាច​ចេញ​នេសាទ​ត្រី​ក្នុង​ទន្លេ ដូច​មនុស្សពេញវ័យ​ដែរ​។ ជាប្រចាំ​ឆ្នាំ ចាប់ពី​ខែតុលា ដល់​ខែកុម្ភៈ ពពួក​ត្រី​ល្អិតៗ ពិសេស​ពពួក​ត្រី​រៀល Gymnostomus caudimaculatus, Gymnostomus horai, ត្រី​រៀល​អំពិល Gymnostomus lineatus, ត្រី​រៀល​អង្កាម Gymnostomus lobatus, ត្រី​ផ្កាគ Gymnostomus ornatipinnis, ត្រី​រៀល​តុ​ប Gymnostomus siamensis និង​ត្រី​កញ្ជ្រូក (Yasuhikotakia modesta) ដើម​។ ដែលជា​ត្រី​គោលដៅ​សម្រាប់​ការធ្វើ​ត្រី​ប្រហុក ត្រីឆ្អើរ របស់​ប្រជាជន​ខ្មែរ បានធ្វើ​ចរាចរ​ផ្លាស់​ទី​ចេញពី​បឹង​ទន្លេសាប យ៉ាងច្រើន​ឥត​គណនា​។

លោក ហន សៅ ជា​អ្នកនេសាទ​ម្នាក់​នៅក្នុង​ភូមិ​បាន​និយាយថា «​អ្នកនេសាទ​សប្បាយរីករាយ បើ​ឆ្នាំ​ណា​មាន​ទឹកធំ ទឹក​ជន់​លិច​ខ្លាំង នោះ​ត្រី​ក៏​សម្បូរ​ដែរ​»​។ ទោះយ៉ាងណា រយៈពេល​១០​ឆ្នាំ​ចុង​ក្រោយនេះ កម្រិត​កម្ពស់​ទឹក​នៅក្នុង​ទន្លេមេគង្គ មានការ​ផ្លាស់ប្តូរ​យ៉ាង​ខ្លាំង​។ ឆ្នាំ​ខ្លះ ទឹក​មិន​ជន់​លិច​ដល់​មាត់ច្រាំង​ទន្លេមេគង្គ​ផង ដែលជា​កត្តា​ធ្វើ​ឲ្យ​វិសាលភាព និង​ទំហំ​បឹង​ទន្លេសាប​រួម​តូច ព្រៃ​លិច​ទឹក​ដែលជា​ជម្រក​ពង​-​កូន​របស់​ត្រី ក៏​មិន​ត្រូវបាន​ទឹក​ជន់​លិច  ដូច្នេះ​ចំនួន​ត្រី​ក៏​ធ្លាក់ចុះ​ដែរ​។ ទាំងអស់នេះ អាច​បណ្តាលមកពី​បញ្ហា​ប្រែប្រួល​អាកាសធាតុ ការនេសាទ​ហួស​កម្រិត​ក្នុងពេល​បច្ចុប្បន្ន និង​ទៅ​អនាកត  ការប្រើប្រាស់​ឧបករណ៍​នេសាទ​ល្មើសច្បាប់​ផ្សេងៗ ជាពិសេស ឧបករណ៍​ឆក់​ជាដើម​។ ក្នុងនោះ​ផងដែរ ការបាត់បង់​ទីជម្រក ការកាប់​ការដុត​បំផ្លាញ​ព្រៃ​លិច​ទឹក ដើម្បី​ទន្ទ្រាន​យក​ដី​ធ្វើជា​កម្ម​សិទ្ធ និង​គម្រោង​សាងសង់​ទំ​បន់​វារិ​អគ្គិសនី​នៅតាម​ដង​ទន្លេមេគង្គ​ជាដើម ក៏​ជា​មូល​ហេតុដែល​បណ្តាល​ឲ្យ​ចំនួន​មច្ឆជាតិ​ធ្លាក់ចុះ​ផងដែរ​។​

© រក្សាសិទ្ធិដោយ thmeythmey.com