ជាតិ
MRC បើក​ការប្រកួត​និពន្ធ​រឿង​ខ្លី​សម្រាប់​ពលរដ្ឋ​កម្ពុជា ឡាវ ថៃ និង​វៀតណាម​
17, Feb 2018 , 8:30 pm        
រូបភាព
​គណៈកម្មការ​ទន្លេមេគង្គ (MRC)  បានប្រកាស​បើក​ការប្រកួត​និពន្ធ​រឿង​ខ្លី​សម្រាប់​ប្រជាពលរដ្ឋ​ក្នុង​តំបន់​មេគង្គ មុន​កិច្ចប្រជុំ​កំពូល​ប្រជុំ​កំពូល​លើក​ទី​បី​របស់ខ្លួន​។ បើតាម​សេចក្តីប្រកាស​ព័ត៌មាន​ពី​ក្រុង​វៀងចន្ទន៍ កាលពី​ថ្ងៃទី​១៥ ខែកុម្ភៈ ការប្រកួតប្រជែង​ធ្វើឡើង​ក្រោម​ប្រធានបទ «​តើ​ទន្លេមេគង្គ​មាន​អត្ថន័យ​យ៉ាងដូចម្តេច​ចំពោះ​អ្នក​?»​។​

 
​ពលរដ្ឋ​កម្ពុជា ឡាវ ថៃ និង​វៀតណាម មានឱកាស​បង្ហាញ​សមត្ថភាព​របស់ខ្លួន តាមរយៈ​ការចូលរួម​ប្រកួតប្រជែង​និពន្ធ​រឿង​ខ្លី ដែល​ពាក់ព័ន្ធ​ផលប្រយោជន៍​របស់​ទន្លេ​មេគង្គ​។ ក្រោម​ប្រធានបទ «​តើ​ទន្លេមេគង្គ​មាន​អត្ថន័យ​យ៉ាងដូចម្តេច​ចំពោះ​អ្នក​?» ការប្រកួត​នេះ​ត្រូវបាន​រៀបចំឡើង​ដើម្បី​អបអរសាទរ​ទិវា​ទន្លេមេគង្គ នៅ​ថ្ងៃទី​៥ ខែមេសា និង​កិច្ចប្រជុំ​កំពូល​លើក​ទី​បី​នៃ​គណៈកម្មការ​ទន្លេមេគង្គ ដែលមាន​ការចូលរួម​ពី​នាយករដ្ឋមន្ត្រី​នៃ​បណ្តា​ប្រទេស​ក្នុង​ទន្លេមេគង្គ​។ 
 
​ការប្រកួត​នេះ មានបំណង​ស្វែងរក​សំណេរ​អត្ថបទ​ខ្លីៗ ដែល​រំលេច​ពី​ទំនាក់ទំនង​រវាង​ទន្លេ​ម​គេ​ង្គ និង​ប្រជាជន​ដែល​រស់នៅ​តាម​ដង​ទន្លេ​នេះ ក៏ដូចជា​សារសំខាន់​នៃ​ទំនាក់ទំនង​នេះ​ចំពោះ​ពួកគេ​។​
 
​លោក Anoulak Kittikhoun ប្រធាន​ផ្នែក​យុទ្ធសាស្ត្រ និង​ភាពជា​ដៃគូ និង​ជា​ប្រធាន​ផ្នែក​ទំនាក់ទំនង​នៃ​លេខាធិការដ្ឋាន MRC មានប្រសាសន៍ថា​៖ «​ការប្រកួត​នេះ គឺជា​គំនិត​ផ្តួចផ្តើម​មួយ ក្នុងចំណោម​គំនិត​ផ្តួចផ្តើម​ជាច្រើន​របស់​យើង ដើម្បី​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ក្នុង​តំបន់​មេគង្គ និង​ឆ្លុះបញ្ចាំង​ពី​ភាព​ចម្រុះ​នៃ​ទន្លេ​របស់​យើង​។ ការប្រកួតប្រជែង​នេះ​ផ្តល់​ឲ្យ​អ្នកចូលរួម​នូវ​ឱកាស​បង្ហាញ​ពី​តួនាទី​ដ៏​សំខាន់​របស់​ទន្លេមេគង្គ ក្នុង​ជីវិត​ប្រចាំថ្ងៃ​របស់​ពួកគេ បញ្ហា​ប្រឈម​ដែល​ពួកគេ​ជួបប្រទះ និង​អ្វីដែល​យើង​អាច​ធ្វើបាន ដើម្បី​ឆ្លើយតប​ចំពោះ​បញ្ហា​ទាំងនេះ​»​។​
 
​ដើម្បី​ចូលរួម​ក្នុងការ​ប្រកួតប្រជែង​នេះ បេក្ខជន​ត្រូវ​ផ្ញើ​ទម្រង់​ពាក្យសុំ​ដែល​បំពេញ​រួច ដោយ​ពួកគេ​ត្រូវ​សរសេរ​អត្ថបទ​ជា​ភាសា​អង់គ្លេស ឬ​ជា​ភាសា​កំណើត​របស់ខ្លួន មិន​ឲ្យ​លើសពី ៦០​ពាក្យ រួចហើយ​ផ្ញើ​ទៅកាន់​អ៊ី​មេ​ល  [email protected]​។  
 
​ការប្រកួត​នឹង​ទទួលយក​ពាក្យសុំ​ទាំងនេះ ត្រឹម​ថ្ងៃទី ១៥ ខែ មីនា ឆ្នាំ ២០១៨​។ ការវាយតម្លៃ​លើ​អត្ថបទ​សំណេរ នឹងធ្វើ​ឡើង​ដោយ​គណៈកម្មាធិការ​វាយតំ​លៃ​មួយក្រុម បន្ទាប់ពី​ការប្រកួត​នេះ​បញ្ចប់ ហើយ​ការប្រកាស​ជ័យលាភី នឹងត្រូវ​ធ្វើឡើង មុន​ចុងខែ មីនា​។​
 
​ជ័យលាភី​នៃ​ការប្រកួតប្រជែង​នេះ នឹង​ទទួលបាន​រង្វាន់​ជា​សាច់ប្រាក់​ពី ៥០ ដល់ ៣០០ ដុល្លារ រួម​នឹង​វិញ្ញាបនបត្រ ហើយ​អាច​នឹង​ត្រូវបាន​អញ្ជើញ​ឱ្យចូល​រួម​ក្នុង​សន្និសីទ​អន្តរជាតិ​របស់ MRC ដែល​នឹងត្រូវ​រៀបចំឡើង​ក្នុង​ខេត្តសៀមរាប ប្រទេស​កម្ពុជា នៅ​ថ្ងៃទី ២-៣ ខែ មេសា​។ សំណេរ​របស់​ជ័យលាភី អាច​នឹងត្រូវ​ដាក់តាំង​បង្ហាញ ក្នុង​សន្និសីទ​នេះ និង​ក្នុង​ទិវា​ទន្លេមេគង្គ  បង្ហាញ​ទៅកាន់​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​មេគង្គ​នៅក្នុង​កិច្ចប្រជុំ​កំពូល​លើក​ទី ៣ របស់ MRC ព្រមទាំង​បង្ហាញ​ក្នុង​របាយការណ៍​ផ្សព្វផ្សាយ​ដទៃទៀត​៕
 
 
​បេក្ខជន​ដែល​ចាប់អារម្មណ៍ អាច​ស្វែងរក​ព័ត៌មាន​បន្ថែម​ពី​ការប្រកួតប្រជែង​នេះ តាមរយៈ​គេហទំព័រ​៖ http://www.mrcmekong.org/news-and-events/events/mrcstorycompetition2018 ។​
 

Tag:
 មេគង្គ​
  រឿង​ខ្លី
© រក្សាសិទ្ធិដោយ thmeythmey.com