អន្តរជាតិ
កម្ពុជា​គួរ​ត្រៀមខ្លួន​ទាញ​ប្រយោជន៍ ជាជាង​ព្រួយបារម្ភ​ពី​កំណើន​វិនិយោគិន​ចិន​
18, Feb 2018 , 8:00 pm        
រូបភាព
នាយករដ្ឋមន្ត្រីចិន លី ខឹឈាំង និងនាយករដ្ឋមន្ត្រីកម្ពុជាសម្តេច ហ៊ុន​ សែន (រូបភាព៖ AFP)
នាយករដ្ឋមន្ត្រីចិន លី ខឹឈាំង និងនាយករដ្ឋមន្ត្រីកម្ពុជាសម្តេច ហ៊ុន​ សែន (រូបភាព៖ AFP)
​កំណើន​អ្នកវិនិយោគ និង​ប្រជាជន​ចិន​នៅ​កម្ពុជា​ជាពិសេស​នៅ​ខេត្ត​ព្រះសីហនុ បានធ្វើ​ឲ្យ​ប្រជាជន​កម្ពុជា​ព្រួយបារម្ភ​ខ្លាំង​។ មាន​ព័ត៌មាន​ខ្លះ​អះអាងថា ប្រជាជន​ចិន​បាន​ប្រព្រឹត្ត​អំពើ​ខុសច្បាប់ និង​បង្កបញ្ហា​រញ៉េរញ៉ៃ និង អសន្តិសុខ​ជាដើម​ផង​។ បញ្ហា​នេះ​បាន បង្ខំ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា និង​តំណាង​រដ្ឋាភិបាល​ចិន​ប្រចាំ​នៅ​កម្ពុជា ចេញមុខ​បកស្រាយ​ដើម្បី​ឲ្យ​សាធារណជន​នៅ​កម្ពុជា​បាន​ជ្រាប​ច្បាស់ និង​អស់​ក្តីបារម្ភ​ផង​។​



​បច្ចុប្បន្ន គោលនយោបាយ​ស្នូល​របស់​រដ្ឋាភិបាល​ក​ម្ពុ​ជា​គឺ បន្ត​កាត់បន្ថយ​ភាពក្រីក្រ រក្សា​ស្ថិរភាព សន្តិភាព និង​ធានា​ឲ្យ​មាន​កំណើនសេដ្ឋកិច្ច​ដោយ​ចីរភាព​ផង​។ ដរាបណា អភិវឌ្ឍ​សេដ្ឋកិច្ច សង្គម និង​កាត់បន្ថយ​ភាពក្រីក្រ​នេះ​នៅ​ជា​ចំណុច​អាទិភាព​នៃ​គោលនយោបាយ​អភិវឌ្ឍរ​បស់​រដ្ឋាភិបាល​កម្ពុជា​នោះ មហាអំណាច​ចិន​នៅតែ​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​ដ៏​ល្អ​របស់​កម្ពុជា​។ ចិន​ជា​ដៃគូ​សហការ​ផង ជា​អ្នកផ្តល់ជំនួយ​ផង និង​ជា​ប្រភព​ទុនវិនិយោគ​ដ៏​ធំ​ផង​។  
​កម្ពុជា​មិនគួរ​មាន​ក្តីបារម្ភ​ខ្លាំងពេក​ទេ ជុំវិញ​កំណើន​អ្នក​វិយោគ​ចិន និង​ជនជាតិ​ចិន​នៅ​កម្ពុជា​។ ជំនួស​ឲ្យ​ក្តីបារម្ភ កម្ពុជា​ត្រូវ​ចោទសួរ​ខ្លួនឯង​ថា តើ​យើង​ត្រូវ​ត្រៀមខ្លួន​កម្រិតណា​ដើម្បី​ទាញយក​ផលប្រយោជន៍​ពី​ការវិនិយោគ​របស់​ចិន និង​ត្រូវ​ពង្រឹង​ចំណាត់ការ​បែបណា​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម និង​ឆ្លើយតប​ក្តីបារម្ភ​របស់​ប្រជា​ពល​ពលរដ្ឋ​នោះ​។​
​ទោះ​ចង់​មិន​ចង់ ក្នុង​បរិបទ​សាកលភាវូបនីយកម្ម  គេ​មិនអាច​កម្រិត ឬ​ហាមឃាត់​ប្រទេស​ដទៃ​ចូលមក​ដាក់ទុន​រកស៊ី​ក្នុងប្រទេស​ខ្លួនឯង​បានឡើយ​។ ព្រោះ​វា​មានតែ​ការបើកចំហ​ទ្វារ​សេដ្ឋកិច្ច និង​ទទួល​វិនិយោគ​បរទេស​ប​ណ្ណោះ ដែលជា​គន្លឹះ​នៃ​ការរីកលូតលាស់ និង​អភិវឌ្ឍ​នៃ​ប្រទេស​នីមួយៗ​រួមទាំង​កម្ពុជា​ផង​។ ម្យ៉ាងវិញទៀត ក្នុង​កម្រិត​កិច្ចសហប្រតិបត្តិការ​រ​វាង​រដ្ឋ និង​រដ្ឋ បើ​ទោះ​លើ​វិស័យ​នយោបាយ​ក្តី ឬ ពាណិជ្ជកម្ម​ក្តី វា​សុទ្ធ​តែមាន​ផលចំណេញ​ទាំងអស់​។ ប៉ុន្តែ​អ្វីដែល​សំខាន់​នោះ​គឺ «​ភាព​ឆ្លាត​វៃ និង សមត្ថភាព ជា​គន្លឹះ​ដែល​កម្ពុជា​ត្រូវ​ពង្រឹង​បន្ថែម​។ 
​ដល់​ត្រឹមនេះ​ខ្ញុំ​សូម​ទាញ​ការចាប់អារម្មណ៍​មិត្ត​អ្នកអាន​ឲ្យ​បាន​យល់ច្បាស់​ពី​ប្រយោជន៍​ដែល​កម្ពុជា​ទទួលបាន​ពី​ទំនាក់ទំនង​ល្អ​រវាង​ចិន និង​កម្ពុជា​ទាំង​ពេល​ប​ច្ច​ប្បន្ន និង​អនាគត​។ ក្រឡេក​ទៅ​មើល​វិស័យសេដ្ឋកិច្ច ចិន​បន្ត​វិនិយោគ​លើ​វិស័យ​ជាច្រើន​រួមមាន​ទាំង​វិស័យ​វាយ​ន​ភណ្ឌ កាត់ដេរ ស្បែកជើង ទូរគមនាគមន៍ ធនាគារ ហិរញ្ញវត្ថុ  កសិឧស្សាហកម្ម កសិកម្ម អចលនវត្ថុ និង​សំណង់​ជាដើម​ផង​។​
​ទំហំ​វិនិយោគ​របស់​ចិន​នៅ​កម្ពុជា​កើនឡើង​ជា​រៀងរាល់ឆ្នាំ ហើយ​ក្នុង​ឆ្នាំ ២០១៧ ទុនវិនិយោគ​ចិន​នេះ​មាន​ទំហំ​ប្រហែល ១,៣ ពាន់​ដុល្លារ​ស្មើ ២៧ នៃ​ទុនវិនិយោគ​សរុប​នៅ​កម្ពុជា​។ នេះ​បើ​យោងតាម​ទិន្នន័យ​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​។  
​មិន​ត្រឹមតែ​ប៉ុណ្ណោះ នាពេល​អនាគត កម្ពុជា​នឹង​អាច​បន្ត​ពឹងផ្អែក ក៏ដូចជា​រៀនសូត្រ​ពី​ការរីកចម្រើន និង​លូតលាស់​រហ័ស​នៃ​សេដ្ឋកិច្ច​ចិន​បានដែរ ព្រោះ​ចិន​នឹង​ក្លាយជា​មហា​យក្ស​សេដ្ឋកិច្ច​ធំ​ផុត​លេខ​នៅត្រឹម​ឆ្នាំ ២០៣០ ខាងមុខ ​។ 
​លើសពី​ពាណិជ្ជកម្ម​ទ្វេភាគី កម្ពុជា​មានលទ្ធភាព​ខ្ពស់​ក្នុងការ​ទាញ​ប្រយោជន៍​ផ្សេងទៀត​តាមរយៈ​ការចូលរួម​ជា​សមាជិក​គំនិត​ផ្តួចផ្តើម​របស់​ចិន ជាពិសេស «​ខ្សែក្រវាត់​មួយ​វិថី​មួយ​», ធ្វើជា​ស្ថាបនិក​ធនាគារ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី (AIIB) និង​ជា​សមាជិក​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង (MLC) ថែមទៀត​។ អ្វីដែល​កម្ពុជា​ទទួលបាន​នោះ​ជា​ប្រយោជន៍​យូរអង្វែង ដែល​វា​មានដូចជា​ការអភិវឌ្ឍ​ហេ​ដ្ឋ​រចនាសម្ព័ន្ធ​រូបវ័ន្ត​ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​របស់​ប្រជាពលរដ្ឋ និង​បង្កើន​សកម្មភាព​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​ដែល​ទ្រទ្រង់​សេដ្ឋកិច្ចជាតិ​ផងដែរ​។ កម្ពុជា​ក៏ត្រូវ​ព្យាយាម​ធ្វើយ៉ាងណា​ផ្លាស់ប្តូរ​កិច្ចសហប្រតិបត្តិការ​ដែល​មាន​ស្រាប់​នេះ​ឲ្យ​ទៅជា​លទ្ធភាព និង​ឱកាស​សម្រាប់​ប្រជាពលរដ្ឋ​ថ្នាក់មូលដ្ឋាន​ដើម្បី​ពួកគេ​អាច​ទាញយក​ប្រយោជន៍​បាន​ច្រើន​ផង​។​
 
​ងាក​ទៅ​មើល​ជំនួយ ដែល​ចិន​ផ្តល់​ឲ្យ​កម្ពុជា​កន្លងមក​សម្រាប់​ការអភិវឌ្ឍ​ប្រទេស​វិញ​ម្តង​។ កម្ពុជា​ស្ថិត​ក្នុងចំណោម​ប្រទេស​ទាំង​ដប់​ដែល​ទទួល​ជំនួយ​អភិវឌ្ឍ​របស់​ចិន​ច្រើនជាងគេ​រហូតដល់ បី​ពាន់​លាន​ដុល្លារ​រាប់​ចាប់ពី​ឆ្នាំ ២០០០ ដល់​ឆ្នាំ ២០១៤​មក​
​គេ​មិន​ភ្លេច​ទេ​ថា ក្នុង​ដំណើរ​ទស្សនកិច្ច​ជា​ប្រវត្តិសាស្ត្រ​របស់​ប្រមុខរដ្ឋ​ចិន​លោក ស៊ី ជិន​ភីង មក​កម្ពុជា​ក្នុង​ខែតុលា​ឆ្នាំ ២០១៦ នោះបាន​ត្រួស​ត្រាយផ្លូវ​សម្រាប់​ការពង្រឹង​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំងពីរ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ទស្សនកិច្ច​នោះ​ក៏បាន​នាំមក​នូវ​ផលប្រយោជន៍​ច្រើន​សម្រាប់​កម្ពុជា​ដែរ​។ កិច្ចព្រមព្រៀងទ្វេភាគី​ចំនួន ៣១ ត្រូវបាន​ចុះ​ហត្ថ​ខា​រួមគ្នា ហើយ​ក្នុងនោះ​មាន​ទាំង​កិច្ចព្រមព្រៀង​ផ្តល់​កម្ចី​ទន់​ដែលមាន​ទំហំ​ប្រមាណ ២៣៧ លាន​ដុល្លារ​ផងដែរ។ អ្វីដែល​សំខាន់​នោះ ប្រមុខរដ្ឋ​ចិន​បានសម្រេច​លុបចោល​បំណុល​ដែលមាន​ទំហំ ៨៩​លាន​ដុល្លារ​អាមេរិក​ដែល​កម្ពុជា​ជំពាក់​ថែម​ទៀតផង​។​
 
​ទស្សនកិច្ច​កាលពី​ខែមករា​របស់​ប្រមុខ​រដ្ឋាភិបាល​ចិន​លោក លី ខឹ​ឈាំ​ង ក៏បាន​នាំមក​នូវ​ប្រយោជន៍​ច្រើន​ផងដែរ និង​លើកស្ទួយ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​ឲ្យ​កាន់តែ​រីកចម្រើន​ថែមទៀត​។ កិច្ចព្រមព្រៀង ១៩ ដែលមាន​ទំហំ​ច្រើន​ពាន់​លាន​ដុល្លារ​ត្រូវបាន​ចុះ​រួមគ្នា ដោយ​គ្រប់​ដណ្តប់​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម និង​សុខ​ភិ​បាល​ផងដែរ​។  ក្នុង​ដំណើរ​ទស្សនកិច្ច​នោះ នាយករដ្ឋមន្ត្រី​ចិន បានប្រកាស​បន្ត​កសាង​ស្ពាន​មិត្តភាព និង​ផ្លូវ​នៃ​ការអភិវឌ្ឍ​រួមគ្នា​ដែរ​។​
​ចំណែក ផលប្រយោជន៍​ទេសចរណ៍​វិញ​នោះ​ក៏បាន​ជួយ​ជំរុញ​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​កម្ពុ​ជាច្រើន​ដែរ​។ គេ​អាច​រំពឹង​បាន​ថា អ្នកទេសចរ​ចិន​រាប់លាន​នាក់​នឹង​បន្ត​មក​ទស្សនកិច្ច​នៅ​កម្ពុជា​រៀងរាល់ឆ្នាំ​។ គ្រាន់តែ​ឆ្នាំ ២០១៧ អ្នក​ទេសចរណ៍​ចិន​កើន​ដល់ មួយ​លាន​នាក់​ឯណោះ​ដែល​បានមក​កម្សាន្ត​នៅ​កម្ពុជា និង​នាំមក​នូវ​ចំណូល​សរុប​ដល់​កម្ពុជា​ប្រហែល ៧០០​លាន​ដុល្លារ​អាមេរិក​ឯណោះ​។ អ្វីដែល​មិនអាច​ប្រកែក​បាន​កម្ពុជា​នឹង​បន្ត​ទទួលបាន​ប្រយោជន៍​ពី​កំណើន​អ្នកទេសចរ​ចិន​កាន់តែច្រើន​ថែមទៀត​នៅពេល​ខាងមុខ បើ​ទំនាក់ទំនង​ទ្វេភាគី​រវាង​ចិន​និង​កម្ពុជា​កាន់តែ​ប្រសើរឡើង​នោះ​។ 
​ចំណុច​សំខាន់​មួយ ចិន​ចាត់ទុក​កម្ពុជា​ជា​មិត្ត និង​ដៃគូ​រកស៊ី (​ស្មើភាព​)​។ ដោយ​ធ្លាប់ជា​ប្រទេស​ស្ថិតក្រោម​អាណានិគម មហាអំណាច​ចិន​អាច​យល់ច្បាស់​ពី​ប្រទេស​កំពុង​អភិវឌ្ឍ​ច្រើនជាង​មហាអំណាច​ផ្សេងទៀត​។ ចិន​នៅតែ​ប្រកាន់​គោលការណ៍​មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​ប្រទេស​ដទៃ​យ៉ាង​ខ្ជាប់ខ្ជួន ហើយ​មិន​ដាក់​គំនិត​ខ្លួន​ឲ្យ​គេ​អនុវត្តតាម​។  ក្នុង​បញ្ហា​កម្ពុជា​ក្តី ចិន​បន្ត​រក្សា​ជំហរ​អ​ព្យា​ក្រឹត្យ​របស់ខ្លួន និង​គោរព​ការសម្រេចចិត្ត និង​ផ្លូវ​ដែល​កម្ពុជា​ដើរ ដើម្បី​ឆ្ពោះទៅរក​ការអភិវឌ្ឍ​ដោយ​ជោគជ័យ​។ 
 
​យ៉ាងណាក្តី គេ​ត្រូវ​ចាំ​ថា គ្មាន​មហាអំណាច​ណាមួយ​មាន​ចិត្តធម៌​ជួយ​ហើយ​មិន​រក​ប្រយោជន៍​ទៅវិញ​ឡើយ​។ រាល់​ជំនួយ​មាន​ចំណង ហើយ​រាល់​ការវិនិយោគ គេ​សុទ្ធតែ​សំឡឹង​ឃើញ​ផលចំណេញ​រៀងៗ​ខ្លួន​ដែរ គ្រាន់តែ​តិច ឬក៏​ច្រើន​ប៉ុណ្ណោះ​។ សូម្បីតែ​អាមេរិក​ផ្តល់ជំនួយ​ឲ្យ​ប្រទេស​ដទៃ​ក៏​ព្រោះ​ចង់ឃើញ លទ្ធិប្រជាធិបតេយ្យ​បែប​បស្ចិម​លោក​របស់ខ្លួន​រីកលូតលាស់​ដែរ​ដើម្បី​ងាយស្រួល​សហការគ្នា​។ រីឯ​ចិន​វិញ ក៏​រំពឹង​ចង់ឃើញ​ប្រទេស​ដែល​ខ្លួន​ជួយ​រីកចម្រើន​ដូចគ្នា​ដើម្បី​ងាយស្រួល​រកស៊ី និង​ស្វែងរក​ប្រយោជន៍​យូរអង្វែង​ជាមួយគ្នា​ដែរ​។  
​ដូច​បាន​និយាយ​ខាងដើម​ស្រាប់ ជំនួស​ឲ្យ​ការព្រួយបារម្ភ​ចំពោះ​វត្តមាន​អ្នកជំនួញ និង​កំណើន​វិនិយោគទុន​ចិន​ច្រើន កម្ពុជា​ក៏ត្រូវ​ត្រៀមខ្លួន​រក​ដំណោះស្រាយ​ឆ្លើយតប​នឹង​កង្វល់​របស់​ប្រជាជន​ខ្លួន​ដែរ ក្រៅពី​ព្យាយាម​ទាញយក​ប្រយោជន៍​នោះ​។ 
​តាមពិតទៅ បញ្ហា​ធំៗ​ពីរ​យ៉ាង​ដែល​ធ្វើ​ឲ្យ​ប្រជាជន​កម្ពុជា​តាម​មូលដ្ឋាន​ជាពិសេស​ខេត្ត​ព្រះសីហនុ​មិន​សប្បាយចិត្ត និង​បារម្ភ​ខ្លាំង​។ ក្នុងនោះ​មាន​ឥរិយាបថ​របស់​ប្រជាជន​ចិន​ដែល​ចូលមក​ធ្វើការ​នៅ​កម្ពុជា និង ការអនុវត្ត​តាមច្បាប់​និង​បទបញ្ញត្តិ​កម្ពុជា​របស់​ក្រុមហ៊ុន​វិនិយោគ​ចិន​ផង​។ 
​ទាក់ទិន​នឹង​ប្រជាជន​ចិន គេ​ឃើញ​មានការ​ផ្សព្វផ្សាយ​ជា​ហូរហែរ ពី​ករណី​ប្រជាជន​ចិន​ប្រព្រឹត្ត​បទឧក្រិដ្ឋ ឆបោក​លុយកាក់​តាម​ទូរ​សព្ទ បង្ក​អសន្តិសុខ និង​ប្រព្រឹត្ត​អំពើ​មិន​គប្បី​ផ្សេង​ទៀតផង​។ ជា​ឧទាហរណ៍​ជាក់ស្តែង  គ្រាន់តែ​ក្នុង​ឆ្នាំ ២០១៧ ជនជាតិ​ចិន និង​តៃវ៉ាន់​យ៉ាងហោចណាស់ ៣៤២​នាក់​ត្រូវបាន​អាជ្ញាធរ​កម្ពុជា​បណ្តេញចេញ​ពី​កម្ពុជា​ដោយសារ​ពួកគេ​ពាក់ព័ន្ធ​ការ​ឆបោក​លុយ​តាម​ទូរ​សព្ទ​ផងដែរ​។  
​ចំណែក​ក្រុមហ៊ុន​ចិន​មួយចំនួន​ក៏​ដូចគ្នា​ដែរ​។ ករណីនេះ គេ​ឃើញ​ក្រុមហ៊ុន​ចិន​ខ្លះ​បាន​រង​ការចោទប្រកាន់ថា បាន​បំពាន​ច្បាប់​កម្ពុជា និង​ធ្វើ​សកម្មភាព​នានា​ដែល​ធ្វើ​ឲ្យ​ប្រជាជន​តាម​មូលដ្ឋាន​ក្តៅក្រហាយ​ផង​។ ក្នុងនោះ​មានការ​រំលោភបំពាន ឬ​ប៉ះពាល់​ដល់​ដីធ្លី​ប្រជាជន បូម ឬ​ទាញយក​ធនធាន​រ៉ែ និង​បង្ក​ផលប៉ះពាល់​ដល់​បរិស្ថាន​ជាដើម​។
 
​ដូច្នេះហើយ រាល់​ការបញ្ចេញ​មតិយោបល់ ឬ​បង្ហាញ​ក្តីបារម្ភ​របស់​ប្រជាពលរដ្ឋ​កម្ពុជា អាច​ជាការ​ដាស់តឿន​ដល់​អាជ្ញា​កម្ពុជា​ឲ្យ​ពង្រឹង​ការគ្រប់គ្រង និង​ការអនុវត្ត​ច្បាប់​បន្ថែម សំដៅ​ធ្វើយ៉ាងណា​ដោះស្រាយ​បញ្ហា​ប្រឈម​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ដែរ​។ បញ្ហា​កើតឡើង​មិនមែន​កំហុស​ចិន​ទាំងស្រុង​ឡើយ ប៉ុន្តែ​វា​ជា​កំហុស​មួយផ្នែក​របស់​កម្ពុជា ដែល​មិន​ព្រម​ពង្រឹង​ចំណាត់ការ​គ្រប់គ្រង​ការវិនិយោគ និង​អនុវត្ត​ច្បាប់ ក៏ដូចជា​បទបញ្ញត្តិ​នានា​ឲ្យ​បាន​ត្រឹមត្រូវ​នោះ​។ 
​រដ្ឋាភិបាល​ចាំបាច់​ត្រូវ​ពិនិត្យ និង​ដោះស្រាយ​រាល់​ចំណុច​ឆកល្វែង​ដូចជា អភិបាលកិច្ច​ទន់ខ្សោយ ការអនុវត្ត​ច្បាប់​មិន​ចំ​គោលដៅ និង​គ្មាន​ប្រសិទ្ធភាព រួមទាំង​បញ្ហា​ពុករលួយ​ផង ហើយ​ម្យ៉ាងវិញទៀត រដ្ឋាភិបាល​ក៏ត្រូវ​មាន​គម្រោង ឬ​ផែនការ​អភិវឌ្ឍ​ច្បាស់លាស់ និង​មាន​តម្លាភាព​ដែរ​។ 
​ក្នុងន័យនេះ កម្ពុជា​ត្រូវ​គ្រប់គ្រង​ទំហំ​វិនិយោគ​របស់​ចិន​ឲ្យ​បាន​ម៉ត់ចត់ ដើម្បី​អាច​កំណត់​បាន​ថា ការវិនិយោគ​នោះ​ចូលមក​កម្រិត​ប៉ុណ្ណា និង​ផ្តោតលើ​វិស័យ​អ្វីខ្លះ​? ហើយ​ប្រជាជន​ចិន​ប៉ុន្មាន​ចូលមក​កម្ពុជា​ជាដើម​។ យើង​ដឹង​ច្បាស់​ថា រដ្ឋាភិបាល​កម្ពុជា​ពិត​ជាមាន​គោលដៅ​ប្រែក្លាយ​ខេត្ត​ព្រះសីហនុ​ឲ្យ​ទៅជា​តំបន់​ទេសចរណ៍​បន្ទាប់​ពី​ខេត្តសៀមរាប​ដើម្បី​ទាក់ទាញ​អ្នកទេសចរ​បរទេស​ពី​គ្រប់ទិសទី​មែន ប៉ុន្តែ​ភាពសម្បូរ​ហូរហៀរ​ដោយ​កាស៊ីណូ​ដែលជា​កន្លែង​លេងល្បែង​ស៊ីសង​នោះ ក៏​វា​មិនមែនជា​រឿង​ដែល​ប្រជាជន​នៅក្នុង​តំបន់​សប្បាយចិត្ត និង​ប្រាថ្នា​ចង់ឃើញ​ដែរ​។ បើ​គ្មាន​ការគ្រប់គ្រង​តឹងរ៉ឹង ប្រាកដ​ណាស់​ថា បញ្ហា​ជួញដូរ​ផ្លូវភេទ លាង​លុយ និង​ឧក្រិដ្ឋកម្ម​នឹង​អាច​កើតឡើង​ជាក់​ជាមិនខាន​។ 
​ប៉ុន្តែ​ក្រោយ​មានការ​បកស្រាយ សញ្ញា​វិជ្ជមាន​នោះ​គឺ តំណាង​រដ្ឋាភិបាល​ចិន​ប្រកាស​ពង្រឹង​កិច្ចសហការ​ជាមួយ​កម្ពុជា​ដើម្បី​ដោះស្រាយ​បញ្ហា​អសកម្ម​បង្កដោយ​ជនជាតិ​ចិន ហើយ​រដ្ឋាភិបាល​កម្ពុជា​ឯណោះ​វិញ​ក៏បាន​ប្រកាស​ជំរុញ​ការកសាង​ធនធានមនុស្ស​កម្ពុជា​ឲ្យ​បាន​ស្របតាម​តម្រូវការ​ការងារ និង​ដើម្បី​ជំនួស​ឲ្យ​ជនបរទេស​ផង​។​
​សរុប​មកវិញ កាលណា​បើ​អភិបាលកិច្ច​រឹងមាំ និង​មាន​ប្រសិទ្ធភាព បូករួម​ជាមួយ​ភាព​ស្អាតស្អំ​គ្មាន​អំពើពុករលួយ និង​តម្លាភាព​ផង វា​នឹង​រួមចំណែក​សំខាន់​ក្នុង​ការធានា​ប្រយោជន៍​ជាតិ​យូរអង្វែង​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ វា​ក៏​អាច​ធានាបាន​ថា ប្រជាជន​នៅតាម​មូលដ្ឋាន​មើលឃើញ​ប្រយោជន៍ និង​អាចមាន​លទ្ធភាព​ពេញលេញ​ដើម្បី​ទាញ​បាន​ប្រយោជន៍​ទៀត​។ ក្នុងនោះ​មាន ការទទួលបាន​ការងា​រ ទទួលបាន​ជំនាញ ក៏ដូចជា​ការជំរុញ​សេដ្ឋកិច្ច​កម្រិត​មូលដ្ឋាន​ឲ្យ​លូតលាស់​ដែរ​។ ពេលនោះ​ហើយ ប្រជាជន​ពលរដ្ឋ​កម្ពុជា​ក៏​លែង​បារម្ភ ឬ​មាន​កង្វល់​រឿង​កំណើន​វិនិយោគ​ចិន​ទៀត​ដែរ​៕
 
 
 
 
 
 

Tag:
 ចិន​
  កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com