អន្តរជាតិ
ប្រមុខការទូតហ្វីលីពីនប្រាប់ UN ៖ កុំយកសិទ្ធិមនុស្សធ្វើជាអាវុធវាយប្រហារប្រទេសផ្សេង រដ្ឋមន្រ្តីការបរទេសហ្វីលីពីន Alan Peter Cayetano (រូបភាព៖ AFP)
× ប្រមុខការទូតហ្វីលីពីន Alan Peter Cayetano នៅថ្ងៃទី២៧ ខែកុម្ភៈ បានព្រមានកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ កុំយកសិទ្ធិមនុស្សធ្វើជាអាវុធវាយប្រហារប្រទេសផ្សេង។ ហ្វីលីពីនរងការរិះគន់ខ្លាំងជុំវិញការរំលោភបំពានសិទ្ធិមនុស្សក្នុងសង្គ្រាមប្រឆាំងគ្រឿងញៀនរបស់ប្រធានាធិបតី រ៉ូឌ្រីហ្គោ ឌូទើតេ ។ ប្រមុខការទូតហ្វីលីពីនបានស្នើឲ្យអង្គការសហប្រជាជាតិបញ្ជូនមន្ត្រីយុត្តិធម៌ទៅហ្វីលីពីនដើម្បីស៊ើបអង្កេតករណីនេះ។
ដោយសារបញ្ហាសិទ្ធិមនុស្ស ហ្វីលីពីនបានរងការរិះគន់កប់ៗមាត់ពីសំណាក់ប្រទេសលោកខាងលិចជាច្រើន។ ការសម្លាប់មនុស្សរាប់ពាន់នាក់ក្នុងសង្គ្រាមបោសសម្អាតគ្រឿងញៀន ធ្វើឲ្យរដ្ឋាភិបាលហ្វីលីពីន និងលោកប្រធានាធិបតី រ៉ូឌ្រីហ្គោ ឌូទើតេ ក្លាយជាផ្ទាំងស៊ីបនៃការវាយប្រហាររហូតដល់តុលាការព្រហ្មទណ្ឌអន្តរជាតិចាប់ផ្ដើមស៊ើបអង្កេតបឋមផង។ យ៉ាងណា ក្រុងម៉ានីល បាននិយាយការពារខ្លួនម្ដងជាម្ដង និងបានវាយបកធ្ងន់ៗដែរ។
សិទ្ធិមនុស្សនៅហ្វីលីពីន បានក្លាយជាប្រធាននៃកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សនៅទីក្រុងហ្សឺណែវ ដែលចាប់ផ្ដើមប្រជុំនៅសប្ដាហ៍នេះ។ រដ្ឋមន្ត្រីការបរទេសអ៊ីស្លង់ Gudlaugur Thor Thordarson បានទទូចឲ្យក្រុងម៉ានីលទទួលយកទស្សនកិច្ចរបស់លោកស្រី Agnes Callamard អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ដើម្បីស៊ើបអង្កេតយុទ្ធនាការបោសសម្អាតគ្រឿងញៀនរបស់រដ្ឋបាលលោក ឌូទើតេ ។
នៅថ្ងៃទី២៧ ខែកុម្ភៈ រដ្ឋមន្ត្រីការបរទេសហ្វីលីពីន Alan Peter Cayetano បានថ្លែងការពារចំណាត់ការលោក ឌូទើតេ និងបានស្នើឲ្យអង្គការសហប្រជាជាតិជ្រើសរើសអ្នកស៊ើបអង្កេតថ្មីក្រៅពីលោកស្រី Callamard ។ បើតាមទីភ្នាក់ងារព័ត៌មាន AFP លោក Cayetano និយាយថា អ្នករាយការណ៍សញ្ជាតិបារាំងរូបនេះមិនយុត្តិធម៌ និងលម្អៀង ដែលមិនអាចធ្វើជាអ្នកស៊ើបអង្កេតឯករាជ្យ និងច្បាស់លាស់បានឡើយ។
ដោយរំឭកសម្ដីរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ អាន់តូនីញ៉ូ ហ្គូតេរ៉េស ដែលស្នើកុំឲ្យយកបញ្ហាសិទ្ធិមនុស្សទៅពាក់ព័ន្ធនយោបាយ ប្រមុខការទូតហ្វីលីពីនក៏បានលើកឡើងថា កុំយកសិទ្ធិមនុស្សធ្វើជាអាវុធ។ លោក Cayetano ទំនងជាចង់សំដៅដល់ការចោទប្រកាន់របស់ក្រុមអង្គការសង្គមស៊ីវិលលើហ្វីលីពីនជុំវិញរឿងសិទ្ធិមនុស្សនេះ។ លោកបន្តថា សិទ្ធិមនុស្ស ក្លាយជាកំហុសមនុស្ស ពេលដែលមានការអះអាងថា គ្រឿងញៀនគ្មានគ្រោះថ្នាក់ទេ។
ក្នុងរបាយការណ៍របស់ប៉ូលិសហ្វីលីពីន ជនសង្ស័យពាក់ព័ន្ធគ្រឿងញឿនប្រមាណបួនពាន់នាក់ត្រូវបានសម្លាប់ក្នុងប្រតិបត្តិការ ព្រោះតែការបាញ់តដៃជាមួយប៉ូលិស។ ប៉ុន្តែអង្គការការពារសិទ្ធិមនុស្សលើកឡើងថា ចំនួនមនុស្សស្លាប់មានច្រើនជាងមួយម៉ឺននាក់ ដែលភាគច្រើនជាប់ទាក់ទងការសម្លាប់ក្រៅប្រព័ន្ធតុលាការ៕
Tag:
ហ្វីលីពីន
UN
Alan Peter Cayetano
© រក្សាសិទ្ធិដោយ thmeythmey.com