កីឡាអន្តរជាតិ
អន្តរជាតិ
Federer ឈ្នះពានអត្តពលិកឆ្នើមប្រចាំឆ្នាំ ២០១៧ ខណៈ Chapecoense ឈ្នះពានកីឡាល្អបំផុត
× កំពូលអ្នកវាយកូនបាល់ Roger Federer បានឈ្នះពានរង្វាន់អត្តពលិកឆ្នើម Laureus World Sportsman of the Year ប្រចាំឆ្នាំ២០១៧។ នេះជាការឈ្នះលើកទី៥ហើយ របស់ Federer ក្រោយផ្តួលបេក្ខភាពល្បីៗផ្សេងទៀតដូចជា Cristiano Ronaldo, Lewis Hamilton និង Rafael Nadal ជាដើម។
ម្ចាស់ជើងឯក Grand Slam ២០សម័យរូបនេះបានឈ្នះពាន Australian Open និង Wimbledon ក្នុងឆ្នាំ ២០១៧ បន្ទាប់ពីអាក់ខានលើកពានសំខាន់រយៈពេល៧ឆ្នាំមក។
អ្នកវាយកូនបាល់សញ្ជាតិស្វីស វ័យ៣៦ឆ្នាំលើកឡើងក្នុងពិធីប្រគល់រង្វាន់នៅឯប្រទេស Monaco ថា៖«ខ្ញុំមិនជឿថាខ្ញុំអាចត្រលប់មកកាន់កម្រិតនេះវិញសោះ។ នេះជាឆ្នាំដែលទទួលបានលើសពីការរំពឹងទុក»។
Federer បន្ថែមថា៖«នេះមានន័យថាពិភពលោកគឺជារបស់ខ្ញុំ។ ការវិលត្រលប់មករកភាពខ្លាំងវិញគឺតែងតែជាអារម្មណ៍ដ៏រំជើបរំជួលបំផុតមួយ ហើយនេះជាក្តីសុបិនក្លាយជាការពិត»។
ក្រៅពី Federer កីឡាការិនីវាយកូនបាល់លេខ១ពិភពលោកនាង Serena Williams ក៏បានឈ្នះពានកីឡាការិនីឆ្នើមប្រចាំឆ្នាំ World Sportswoman of the Year ក្រោយលើកពាន Grand Slam ជាលើកទី ២៣ របស់ខ្លួននៅឆ្នាំ២០១៧។
អតីតកីឡាករបាល់ទាត់ Francesco Totti ដែលចូលនិវត្តន៍ទៅហើយ បានឈ្នះពានរង្វាន់កីឡាករដែលមានឧត្តមភាពប្រចាំឆ្នាំ Laureus Academy Exceptional Achievement award ផងដែរ។
ចំណែកក្លិបកីឡាបាល់ទាត់ប្រេស៊ីល Chapecoense ដែលជួបឧបទ្ទវហេតុធ្លាក់យន្តហោះកាលពីឆ្នាំ២០១៦ បានឈ្នះពានរង្វាន់កីឡាល្អបំផុតប្រចាំឆ្នាំ Best Sporting Moment of the Year៕
Tag:
វាយកូនបាល់
Roger Federer
Laureus World Sportsman
Chapecoense
© រក្សាសិទ្ធិដោយ thmeythmey.com