អន្តរជាតិ
ប្រមុខ IMF សរសើរលោក ចូកូវី ដែលដឹកនាំសេដ្ឋកិច្ចឥណ្ឌូណេស៊ីឲ្យកាន់តែរឹងមាំ និងលូតលាស់ រូបភាព៖ Jakarta Globe
× ប្រមុខមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានកោតសរសើរការដឹកនាំរបស់លោកប្រធានាធិបតី ចូកូ វីដូដូ ដែលបានធ្វើឲ្យសេដ្ឋកិច្ចឥណ្ឌូណេស៊ីកាន់តែរីកលូតលាស់ ជាពិសេសនោះលោកបានជួយកែទម្រង់មជ្ឈដ្ឋានវិនិយោគរបស់ឥណ្ឌូណេស៊ីឲ្យកាន់តែមានភាពងាយស្រួលថែមទៀតផង។
នាយិការគ្រប់គ្រងរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ លោកស្រី Christine Lagarde នៅថ្ងៃ២៦ កុម្ភៈ បានបំពេញទស្សនកិច្ចទៅកាន់ឥណ្ឌូណេស៊ី ដើម្បីស្វែងយល់ពីស្ថានភាពរបស់ប្រទេសបងធំអាស៊ានមួយនេះ និងដើម្បីរៀបចំកិច្ចប្រជុំកំពូលមួយរបស់ស្ថាប័ននាពេលខាងមុខផង។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Jakarta Post ។
តាមប្រភពព័ត៌មានដដែលនោះ លោកស្រីនាយិការ បានកោតសរសើរជាខ្លាំងពីកម្មវិធីកែទម្រង់សេដ្ឋកិច្ច និងជាពិសេសនោះការផ្តល់ភាពងាយស្រួលក្នុងការធ្វើពាណិជ្ជកម្មរបស់សហគ្រាសខ្នាតតូច និងមធ្យមពីសំណាក់រដ្ឋាភិបាលលោកចូកូ វីដូដូ ។
« សេដ្ឋកិច្ចរបស់ឥណ្ឌូណេស៊ី កំពុងតែបន្តរីកលូតលាស់ជាមួយប្រតិបត្តិការសេដ្ឋកិច្ចដ៏ស្ថិរភាព និងប្រកបដោយចក្ខុវិស័យវែងឆ្ងាយ ។ ខ្ញុំពិតជាសរសើរលោកប្រធានាធិបតី និងក្រុមការងាររបស់លោកដែលបានបង្កើតភាពជោគជ័យក្នុងការគ្រប់គ្រងសេដ្ឋកិច្ច និងពង្រឹងក្របខណ្ឌគោលនយោបាយយ៉ាងរឹងមាំ» ។ នេះ គឺជាសេចក្តីថ្លែងការណ៍របស់លោកស្រី បន្ទាប់ពីបានទស្សនកិច្ចទៅកាន់តំបន់ពាណិជ្ជកម្មឥណ្ឌូណេស៊ីជាមួយនឹងលោក ចូកូវីហើយនោះ ។
ការលើកសរសើរពីកំណើនសេដ្ឋកិច្ចឥណ្ឌូណេស៊ីរបស់ប្រមុខស្ថាប័នអន្តរជាតិមួយនេះ ទំនងជាមិនអាចឲ្យលោកប្រធានាធិបតី ជិតផុតអាណត្តិចូកូវី សប្បាយចិត្តប៉ុន្មានឡើយ ។ នោះក៏ព្រោះថា កន្លងមក វាមានស្ថាប័នសេដ្ឋកិច្ច និងហិរញ្ញវត្ថុអន្តរជាតិច្រើន ក៏មើលសេដ្ឋកិច្ចរបស់ឥណ្ឌូណេស៊ីជាមួយនឹងរូបភាពវិជ្ជមាន និងអភិវឌ្ឍយ៉ាងដូច្នេះដែរ ។
ដោយឡែកសម្រាប់លោក ចូកូវី ការរីកលូតលាស់នេះ មិនទាន់ចំគោលដៅដែលលោកចង់បានឡើយ ។ ថ្មីៗនេះ លោកប្រធានាធិបតី ក៏ទើបតែបន្ទោស និងដាស់ដឿនមន្ត្រីក្រោមឱវាទ ដោយសារការជាប់ទ្រឹងនៃសេដ្ឋកិច្ចឥណ្ឌូណេស៊ី ហើយលោកប្រធានាធិបតី ជឿថា ស្ថានភាពនេះនឹងធ្វើឲ្យទំហំសេដ្ឋកិច្ចឥណ្ឌូណេស៊ី ដើរក្រោយបណ្តាប្រទេសមិត្តអាស៊ានទៀតផង ។
មួយវិញទៀតនោះ តបនឹងការសរសើររបស់ស្ថាប័នអន្តរជាតិលើសេដ្ឋកិច្ចឥណ្ឌូណេស៊ី លោក ចូកូវី ក៏ធ្លាប់ថែមទាំងបានប្រៀបធៀបសេដ្ឋកិច្ចរបស់ប្រទេសខ្លួន ដូចទៅនឹងមនុស្សដែលឈឺធ្ងន់ ក៏ប៉ុន្តែ មិនមានរោគសញ្ញាអ្វីសោះដូច្នេះដែរ៕
Tag:
ឥណ្ឌូណេស៊ី
សេដ្ឋកិច្ច
អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com