អន្តរជាតិ
លោក ប្រា​យុទ្ធ សន្យា​រៀបចំ​ការបោះឆ្នោត​មិន​ឲ្យ​លើស​ខែកុម្ភៈ ឆ្នាំ​២០១៩
28, Feb 2018 , 7:39 pm        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
​ក្រោយ​ការលើក​ពេល​ការបោះឆ្នោត​ម្ដង​ហើយ​ម្ដងទៀត មេដឹកនាំ​របប​យោធា​ថៃ ប្រា​យុទ្ធ ចន្ទ​អូ​ចា បានកំណត់​កាលបរិច្ឆេទ​ថ្មី​មួយទៀត​។ នៅ​ថ្ងៃទី​២៧ ខែកុម្ភៈ លោក ប្រា​យុទ្ធ បាន​សន្យា​រៀបចំ​ការបោះឆ្នោត​មិន​ឲ្យ​លើសពី​ខែកុម្ភៈ ឆ្នាំ​២០១៩ ឡើយ​។ ការពន្យារ​បោះឆ្នោត​ជាច្រើន​ពី​សំណាក់​របប​សឹក បាន​រង​ការរិះគន់​យ៉ាងខ្លាំង​ទាំងពី​សកម្មជន​សិទ្ធិមនុស្ស បក្សនយោបាយ​ក្នុងស្រុក និង​សហគមន៍​អន្តរជាតិ​ផង​។



​ការពន្យារពេល​អនុវត្ត​ច្បាប់​ស្ដីពី​ការជ្រើសរើស​សមាជិកសភា​ពី​សំណាក់​សភា​នីតិបញ្ញត្តិ​រហូតដល់​ទៅ​៩០​ថ្ងៃ ធ្វើ​ឲ្យ​ការបោះឆ្នោត​ដែល​គ្រោង​ធ្វើ​នៅ​ខែវិច្ឆិកា ឆ្នាំ​២០១៨ ត្រូវបាន​ពន្យារ​។ របប​សឹក​ថៃ​ដែល​កំពុង​ដឹកនាំ​ប្រទេស បាន​រង​ការរិះគន់​កាន់តែខ្លាំង​ឡើងៗ ដោយសារ​ការពន្យារពេល​រៀបចំ​ការបោះឆ្នោត​ឥតឈប់ឈរ​បែបនេះ​។

​ជុំវិញ​ការពន្យារពេល​ការបោះឆ្នោត​ខែវិច្ឆិកា មូលហេតុ​សំខាន់ គឺ​ការលើក​ពេល​អនុវត្ត​ច្បាប់​ស្ដីពី​ការជ្រើសរើស​សមាជិកសភា​តែម្ដង​។ ការពន្យារពេល​អនុវត្ត​ច្បាប់​នេះ បាន​រុញ​កាលបរិច្ឆេទ​បោះឆ្នោត​ខែវិច្ឆិកា ឆ្នាំ​២០១៨ ទៅដល់​ខែកុម្ភៈ ឆ្នាំ​២០១៩ វិញ​។ នេះ​ក៏​ព្រោះ​ច្បាប់រដ្ឋធម្មនុញ្ញ​ថៃ​ឆ្នាំ​២០១៧ ចែងថា ការបោះឆ្នោត​ត្រូវ​រៀបចំ​នៅ​រយៈពេល​១៥០​ថ្ងៃ ក្រោយ​ច្បាប់​សំខាន់​ទាំង​៤ ដែល​បម្រើ​ឲ្យ​ការបោះឆ្នោត ចូល​ជា​ធរមាន​។​

​នៅ​ថ្ងៃទី​២៧ ខែកុម្ភៈ នាយករដ្ឋមន្ត្រី​ថៃ ប្រា​យុទ្ធ ចន្ទ​អូ​ចា ក៏​ចេញមុខ​ប្រកាសថា ការបោះឆ្នោត​ទូទៅ នឹងត្រូវ​រៀបចំ​នៅ​ឆ្នាំក្រោយ​។ ថ្លែង​ទៅកាន់​អ្នកសារព័ត៌មាន​ក្នុង​ទីក្រុង​បាងកក មេដឹកនាំ​របប​យោធា​រូបនេះ​បញ្ជាក់​ច្បាស់ៗ​ថា ការបោះឆ្នោត​នឹងត្រូវ​ធ្វើឡើង​មិនយូរ​ជាង​ខែកុម្ភៈ ឆ្នាំ​២០១៩ នោះឡើយ​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ។​

​តាំងពី​ឡើងកាន់​អំណាច​ឆ្នាំ​២០១៤ មក របប​ដឹកនាំ​យោធា​របស់លោក ប្រា​យុទ្ធ បាន​ពន្យារពេល​បោះឆ្នោត​ជាច្រើនលើក​មកហើយ​។ ក្រុម​អ្នក​រិះគន់​របប​សឹក​ថៃ បាន​ចោទថា ក្រុម​យោធា​កំពុង​ប៉ុនប៉ង​ពន្យារពេល​កាន់អំណាច​របស់ខ្លួន​ឲ្យ​បានយូរ​បានតែ​អាចធ្វើ​ទៅបាន ខណៈ​បាន​ក្បត់​សម្ដី​សន្យា​ជាច្រើន​ដង​។ ប៉ុន្តែ​របប​សឹក​អះអាងថា ខ្លួន​ធ្វើ​ទៅតាម​ផែនទី​ចង្អុល​ផ្លូវ​ដើម្បី​ឆ្ពោះទៅកាន់​ប្រជាធិបតេយ្យ​ប៉ុណ្ណោះ​។​

​ការមិន​ពេញចិត្ត​ចំពោះ​របប​យោធា​ថៃ​បាន​កើន​ឡើងជា​លំដាប់ ជាពិសេស​ក្នុងចំណោម​សកម្មជន​សិទ្ធិមនុស្ស និង​អ្នកប្រជាធិបតេយ្យ​។ ការប្រមូល​ផ្ដុំគ្នា​បានកើត​ឡើងជា​រឿយៗ​ក្នុង​ទីក្រុង​បាងកក ដើម្បី​តវ៉ា​ឲ្យ​រដ្ឋាភិបាលយោធា​រក្សា​ពាក្យសម្ដី និង​រៀបចំ​ការបោះឆ្នោត​នៅត្រឹម​ខែវិច្ឆិកា​ដដែល​៕


Tag:
 ថៃ​
  ប្រា​យុទ្ធ ចន្ទ​អូ​ចា
© រក្សាសិទ្ធិដោយ thmeythmey.com