អន្តរជាតិ
វិបត្តិ​ស៊ី​រី​៖ មេទ័ព​អាមេរិក​ថា រុស្ស៊ី​បង្កាត់ភ្លើង​ផង ហើយ​ពន្លត់ភ្លើង​ផង​
28, Feb 2018 , 8:39 pm        
រូបភាព
ឧត្តមសេនីយ៍ Joseph Votel ប្រមុខកងទ័ពអាមេរិកប្រចាំមជ្ឈិមបូព៌ា (រូបភាព៖ AFP)
ឧត្តមសេនីយ៍ Joseph Votel ប្រមុខកងទ័ពអាមេរិកប្រចាំមជ្ឈិមបូព៌ា (រូបភាព៖ AFP)
​មេទ័ព​អាមេរិក​ប្រចាំ​តំបន់​មជ្ឈិមបូព៌ា​ឧ​ត្ត​ម​សេនីយ៍ Joseph Votel បាន​ចោទ​រុស្ស៊ី​ចំៗ​ថា ជា​អ្នក​ដុត​បញ្ឆេះ​បញ្ហា​នៅ​ស៊ី​រី ហើយ​បន្ទាប់មក​ដើរតួ​ជា​អ្នក​ជួយ​ដោះស្រាយ​បញ្ហា​ទៅវិញ​។ លោក Votel និយាយ​បែបនេះ ក្នុង​កិច្ចប្រជុំ​ស្ដីពី​សន្តិសុខ​នៅ​មជ្ឈិមបូព៌ា ជាមួយ​គណៈកម្មាធិការ​យោធា នៃ​រដ្ឋសភា​អាមេរិក​នៅ​ថ្ងៃទី​២៧ ខែកុម្ភៈ​។ លោក Votel ចាត់ទុក​រុស្ស៊ី ជា​គូប្រជែង​ប្រវត្តិសាស្ត្រ ដែល​គ្មាន​ផលប្រយោជន៍​រួមគ្នា​ឡើយ​។



​ឧ​ត្ត​ម​សេនីយ៍ Joseph Votel មេបញ្ជាការ​កម្លាំង​អាមេរិក​នៅ​មជ្ឈិមបូព៌ា (USCENTCOM) បាន​រាយការណ៍​ទៅ​គណៈកម្មាធិការ​យោធា នៃ​រដ្ឋសភា​អាមេរិក ពី​ប្រតិបត្តិការ​បោសសម្អាត​ក្រុម​រដ្ឋ​ឥស្លាម និង​សង្គ្រាម​នៅ​ស៊ី​រី អា​ហ្វ​ហ្គា​នី​ស្ថាន និង​យេ​ម៉ែន ដែល​ស្ថិតក្រោម​ដែន​អំណាច​របស់ខ្លួន​។ សម្រាប់​ជម្លោះ​នៅ​ស៊ី​រី មេទ័ព​អាមេរិក​រូបនេះ បាន​ទម្លាក់កំហុស​លើ​រុស្ស៊ី ចំពោះ​វិបត្តិ​បង្ហូរឈាម​ដែល​ឈានដល់​ឆ្នាំ​ទី​៧ ហើយ​។

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP ចំពោះមុខ​សមាជិកសភា លោក​ឧ​ត្ត​ម​សេនីយ៍ Votel និយាយថា ទាំង​ផ្លូវ​ការទូត ទាំង​ផ្លូវ​យោធា រុស្ស៊ី​ដើរតួ​ជា​អ្នក​បង្កាត់ភ្លើង​ផង និង​អ្នក​ពន្លត់ភ្លើង​ផង​។ ពោល គឺ​រុស្ស៊ី​បញ្ឆេះ​កម្ដៅ​ជម្លោះ រវាង​ភាគី​ស៊ី​រី​ទាំងអស់ រួច​ក៏​ចេញមុខ​ធ្វើជា​អ្នក​ជួយ​ដោះស្រាយ​បញ្ហា​វិញ ដោយ​ប៉ុនប៉ង​ធ្វើ​ឲ្យ​ភាគី​ផ្សេងទៀត​ទន់ខ្សោយ និង​គ្មាន​ឥទ្ធិពល​តថ្លៃ​អ្វី​បានឡើយ​អំឡុងពេល​ចរចា​។ លោក​បន្តថា រុស្ស៊ី​ព្យាយាម​ទប់ស្កាត់​ឥទ្ធិពល​អាមេរិក​ក្នុង​តំបន់​ដែរ​។​

​រុស្ស៊ី​បាន​លូកដៃ​ចូល​ជម្លោះ​ស៊ី​រី​នៅ​ចុងឆ្នាំ​២០១៥ និង​បាន​បញ្ជូន​យោធា​របស់ខ្លួន​ទៅកាន់​ស៊ី​រី ដោយ​អះអាងថា ទទួលបាន​ការអញ្ជើញ​ពី​សំណាក់​ប្រធានាធិបតី​ស៊ី​រី Bashar al-Assad ។ ក្រោម​ជំនួយ​របស់​យោធា​រុស្ស៊ី ជាពិសេស​កម្លាំង​អាកាស​តែម្ដង របប​ក្រុង​ដា​ម៉ា​ស់បាន​ដណ្ដើម​ទឹកដី​ត្រឡប់មកវិញ​ជាច្រើន ខណៈដែល​កម្លាំង​ឧទ្ទាម​ប្រឆាំង​គាំទ្រ​ដោយ​អាមេរិក បាន​បាត់បង់​តំបន់​គ្រប់គ្រង​របស់ខ្លួន​ជា​បន្តបន្ទាប់​។​

​មេទ័ព​អាមេរិក​លោក Votel ក៏​ចោទ​ក្រុង​មូ​ស្គូ​បាន​ថា ប្រើប្រាស់​យន្តការ​ខ្លួន​ដោះស្រាយ​វិបត្តិ​ស៊ី​រី និង​បោះបង់​យន្តការ​អង្គការសហប្រជាជាតិ​វិញ​។ ក្រុង​មូ​ស្គូ បាន​បន្ត​ជំរុញ​គំនិត​ផ្ដួចផ្ដើម​ថ្មី​ដើម្បី​ជំនួស​ការចរចា​នយោបាយ​ដែល​ដឹកនាំ​ដោយ​លោកខាងលិច មិន​ថា​នៅ​ស៊ី​រី ឬ​អា​ហ្វ​ហ្គា​នី​ស្ថាន សំដៅ​កាត់បន្ថយ​ឥទ្ធិពល​រប​ស់​ក្រុង​វ៉ាស៊ីនតោន​។ នេះ​ជាការ​បញ្ជាក់​របស់លោក Votel លើកឡើងថា តួនាទី​របស់​រុស្ស៊ី​បង្ក​ជា​អស្ថិរភាព​ទៅវិញ​ទេ​។ 

​អ្វី​គួរ​ឲ្យ​ចាប់អារម្មណ៍ ប្រមុខ​កងទ័ព​អាមេរិក​ប្រចាំ​មជ្ឈិមបូព៌ា​រូបនេះ​ក៏​ចោទ​រុស្ស៊ី​ថា បាន​ប្រើប្រាស់​ជម្លោះ​ប្រដាប់​នៅ​ស៊ី​រី ធ្វើជា​កន្លែង​សាក​សព្វាវុធ​របស់ខ្លួន​ទៀត​។ លោក Votel និយាយថា រុស្ស៊ី​បាន​សាកល្បង​អាវុធ និង​ក្បួន​យោធា​នៅ​ស៊ី​រី ដែល​បង្ក​ការខូចខាត និង​សម្លាប់​មនុស្ស​ជាច្រើន​។ ការកើនឡើង​វត្តមាន​ប្រព័ន្ធ​បាញ់​មី​ស៊ី​លពី​ផ្ទៃដី ទៅ​ផ្ទៃ​អាកាស​នៅ​តំបន់​មជ្ឈិមបូព៌ា បាន​គំរាមកំហែង​កម្លាំងយោធា​អាមេរិក​យ៉ាងខ្លាំង​៕    


Tag:
 ស៊ី​រី​
  អាមេរិក​
  រុស្ស៊ី​
© រក្សាសិទ្ធិដោយ thmeythmey.com