អន្តរជាតិ
Forbes ៖ ឌូ​ទើ​តេ បំបែកសំណុំរឿង​គ្រឿងញៀន តែ​អំពើពុករលួយ​នៅតែ​ដុះដាល​
28, Feb 2018 , 9:39 pm        
រូបភាព
ដោយ:
​សង្គ្រាម​ប្រឆាំង​គ្រឿងញៀន គឺជា​គោលនយោបាយ​អាទិភាព​មួយ របស់​ប្រធានាធិបតី​ហ្វីលីពីន រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ ក្នុង​អាណ​តិ្ត​ដឹកនាំ​រយៈពេល​ប្រាំមួយ​ឆ្នាំ ។ គោលនយោបាយ​នេះ បានប្រែក្លាយ​បុរស​រដ្ឋ​រូបនេះ​ទៅជា​បុរស​ខ្លាំង​ក្នុងចំណោម​មេដឹកនាំ​ពិភពលោក​ផ្សេងទៀត​ក្នុង​ប្រតិបត្តិការ​កម្ចាត់​គ្រឿងញៀន ប៉ុន្តែ​ការដឹកនាំ​នេះ​មិនបាន​បោស​ស​ម្អា​ត់​អំពើពុករលួយ​ក្នុង​ជួរ​រដ្ឋាភិបាល​ឡើយ ។



​ទស្សនា​វ​ដ្តី Forbes កាលពី​សប្តាហ៍​មុន បានចេញ​អត្ថបទ​បែប​អត្ថាធិប្បាយ​មួយ​ពាក់ព័ន្ធ​ការដឹកនាំ​របស់​បុរស​ខ្លាំង​ហ្វីលីពីន លោក រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ ក្រោម​ចំណង​ថា «​អំពើពុករលួយ នៅតែ​ជា​បញ្ហា​ធំ​នៅ​ប្រព័ន្ធ​ដឹកនាំ​ហ្វីលីពីន » ។

« ចំណាត់ការ​ស្ម័គ្រ​ស្លាប់ (​សង្គ្រាម​គ្រឿងញៀន​) របស់​ប្រធានាធិបតី រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ បានសម្លាប់​ដំណើរការ​នៃ​លទ្ធិប្រជាធិបតេយ្យនៅ​ហ្វីលីពីន ក៏ប៉ុន្តែ​កម្ចាត់​អំពើពុករលួយ​ក្នុង​ប្រព័ន្ធ​ដឹកនាំ​ឡើយ​» ។ នេះ​គឺជា​ការលើកឡើង​របស់​ទស្សនា​វ​ត្តី Forbes ដែល​បាន​បន្ត​រិះគន់​រដ្ឋាភិបាល​របស់​លោក ឌូ​ទើ​តេ ថា ជាការ​ដឹកនាំ​មួយ​ធ្វើ​ឲ្យ​អំពើពុករលួយ​នៅ​ហ្វីលីពីន កាន់តែ​រីកដុះដាល ។​

​អត្ថបទ​របស់ Forbes ត្រូវបាន​ចេញផ្សាយ​បន្ទាប់ពី អង្គការ​តម្លាភាព​អន្តរជាតិ បានចេញ​ផ្សាយ​របាយការណ៍​ស​ន្ទ​ស្សន៍​នៃ​អំពើពុករលួយ​របស់​ប្រទេស​នានា​ទូទាំង​ពិភពលោក​ប្រចាំឆ្នាំ​២០១៧ ។ តាម​របាយ​ណ៍​របស់​តម្លាភាព​អន្តរជាតិ​សម្រាប់​ឆ្នាំ ២០១៧ ហ្វីលីពីន ស្ថិតនៅក្នុង​ចំណាត់​លេខ ១១១ ក្នុងចំណោម​រដ្ឋ ១៨០ ។ នៅ​ឆ្នាំ​២០១៦ ហ្វីលីពីន ជាប់​ចំណាត់​លេខ ១០១ ក្នុងចំណោម​រដ្ឋ ១៦៨ ។

​យ៉ាងណាក៏ដោយ ចំណាត់​នេះ បើ​ប្រៀបធៀប​ជាមួយនឹង​បណ្តា​ប្រទេស​អាស៊ាន​វិញ ហ្វីលីពីន មិនអាក្រក់​ពេក​ឡើយ ពោលគឺ​តាម​របាយការណ៍​តម្លាភាព​អន្តរជាតិ​ឆ្នាំ​២០១៧ អត្រា​អំពើពុករលួយ​របស់​ហ្វីលីពីន ល្អប្រសើរ​ជាង មី​យ៉ាន់​ម៉ា ជាប់​ចំណាត់ថ្នាក់ ១៣០, ឡាវ ជាប់​ចំណាត់ថ្នាក់ ១៣៥ ខណៈ​កម្ពុជា កម្ពុជា ជាប់​ចំណាត់ថ្នាក់ ១៦១ ៕


Tag:
 ហ្វីលីពីន​
  អាស៊ាន​
  អំពើពុករលួយ
© រក្សាសិទ្ធិដោយ thmeythmey.com